ភ្នំពេញៈ ក្រសួងការបរទេសកម្ពុជាលើកឡើងថា ការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី ២៣ ខែកក្កដា បានឆ្លុះបញ្ចាំង «យ៉ាងពិតប្រាកដ» ពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជាដែលនៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត «ឥតងាករេ» ចំពោះពហុបក្សនយោបាយ និងប្រជាធិបតេយ្យប្រកបដោយសន្តិភាព ខណៈប្រធានាធិបតិចិនអបអរគណបក្សប្រជាជនកម្ពុជា (CPP) ដែលទទួលបានជ័យជម្នះ។
ក្រសួងបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី ២៤ ខែកក្កដាថា៖ «ការបោះឆ្នោតសកលឆ្នាំ ២០២៣ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជាតាមរយៈចំនួនអ្នកចូលរួមបោះឆ្នោតដ៏ច្រើនលើសលប់ និងធម្មានុរូបនៃការបោះឆ្នោតដូចដែលបានត្រូវបញ្ជាក់ដោយភាពចម្រុះនៃក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ»។
ក្រសួងបន្ថែមថា៖ «ក្នុងនាមជាប្រទេសអធិបតេយ្យនិងឯករាជ្យ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះពហុបក្សនយោបាយ និងប្រជាធិបតេយ្យប្រកបដោយសន្តិភាព ដោយគិតគូរពីលក្ខណពិសេសដោយឡែក ប្រវត្តិសាស្ត្រដ៏សោកនាដកម្ម និងវប្បធម៌របស់ប្រទេស»។
ការចេញសេចក្តីថ្លែងការណ៍នេះធ្វើឡើងក្រោយពីក្រសួងបានកត់សម្គាល់លើមតិជាច្រើនជុំវិញការបោះឆ្នោតសកលនៅកម្ពុជា កាលពីថ្ងៃទី ២៣ ខែកក្កដា ដោយក្រសួងបានគូសបញ្ជាក់ពីការសង្កេតដោយផ្ទាល់និងផ្អែកលើការពិតនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។
ក្រសួងបានលើកឡើងពីប្រជាធិបតេយ្យដ៏រស់រវើកតាមរយៈអត្រាអ្នកចូលរួមបោះឆ្នោតជាង ៨,២ លាននាក់ដែលបានប្រើប្រាស់សិទ្ធិរបស់ពួកគេស្របតាមរដ្ឋធម្មនុញ្ញក្នុងការជ្រើសរើសគណបក្សនយោបាយនិងអ្នកដឹកនាំនាពេលអនាគតដែលពួកគេជឿថាអាចដឹកនាំប្រទេសជាតិបានប្រសើរបំផុតនៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
ក្រសួងបញ្ជាក់ថា អត្រាអ្នកចូលរួមបោះឆ្នោត ៨៤,៥៨ ភាគរយដែលលើសការបោះឆ្នោតជាតិចំនួន ៤ លើកកន្លងទៅ ចាប់តាំងពីឆ្នាំ ២០០៣ គឺជាការបង្ហាញយ៉ាងច្បាស់ពីភាពរស់រវើកនៃប្រជាធិបតេយ្យរបស់កម្ពុជា និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត។
ក្រសួងបានបន្ដថា៖ «អត្រាអ្នកបោះឆ្នោតដ៏ខ្ពស់បំផុតនេះបង្ហាញពីការបដិសេធយ៉ាងច្បាស់ចំពោះការអំពាវនាវឱ្យធ្វើពហិការការបោះឆ្នោត និងយុទ្ធនាការលាបពណ៌ដែលរៀបចំឡើងដោយក្រុមប្រឆាំងជ្រុលនិយមក្នុងគោលបំណងឱ្យមានការផ្លាស់ប្តូររបបតាមរយៈវិធីសាស្ត្រមិនមែនប្រជាធិបតេយ្យ។សិទ្ធិអធិបតេយ្យ និងស្វ័យសម្រេចរបស់កម្ពុជា ត្រូវតែទទួលបានការគោរពដោយតួអង្គខាងក្រៅទាំងអស់»។
ក្រសួងបានបន្ថែមថា ដំណើរការបោះឆ្នោតនេះត្រូវបានចូលរួមធ្វើជាសាក្សី «មិនលម្អៀង» ដោយអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៤២២ នាក់ តំណាងឱ្យ ៦៥ សញ្ជាតិ មកពី ៦១ ស្ថាប័ន រួមមាន អង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស អង្គទូត និងសហគមន៍អាណិកជនកម្ពុជានៅបរទេស។ ដំណើរការបោះឆ្នោតនេះក៏ត្រូវបានតាមដាន ដោយភ្នាក់ងារគណបក្សនយោបាយជិត ៦ ម៉ឺននាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន ៩ ម៉ឺននាក់ដែលបានបញ្ជាក់អំពីភាពត្រឹមត្រូវ និងតម្លាភាព នៃការបោះឆ្នោត។
ក្រសួងបន្តថា៖ «សេចក្តីថ្លែងការណ៍របស់ក្រុមអ្នកសង្កេតការណ៍ខាងលើបង្ហាញយ៉ាងច្បាស់ថា ការបោះឆ្នោតសកលនៅកម្ពុជាបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានតម្លាភាព សន្តិភាព និងប្រកបដោយបរិយាប័ន្ន ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់តាមច្បាប់ជាធរមាន»។
ក្រសួងបានបន្តថា ដំណើរការបោះឆ្នោតនេះគឺជាឧទាហរណ៍ជាក់ស្តែងនៃពហុបក្សនយោបាយពិតប្រាកដដោយផ្តល់ឱ្យប្រជាពលរដ្ឋកម្ពុជានិងគណបក្សនយោបាយរៀងៗខ្លួននូវឱកាសស្មើភាព និងយុត្តិធម៌ក្នុងការចូលរួមប្រកួតប្រជែងនយោបាយនៅក្នុងដែនកំណត់នៃច្បាប់។
ទាក់ទិននឹងការបោះឆ្នោតនេះ ប្រធានាធិបតីចិន លោក Xi Jinping នៅថ្ងៃទី ២៥ ខែកក្កដា បានអបអរសាទរដល់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) និងគណៈកម្មាធិការកណ្តាល CPP ក្រោយពីលោកបានដឹងថា CPP បានឈ្នះការបោះឆ្នោតនេះ។
លោក Xi Jinping បញ្ជាក់ក្នុងលិខិតផ្ញើទៅកាន់លោកហ៊ុន សែន ថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលឃើញក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចប្រធាន។ កម្ពុជាសម្រេចបាននូវស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច ការកើនឡើងនូវកម្រិតជីវភាព និងការរីកចម្រើនលើឆាកអន្តរជាតិនិងតំបន់។ ប្រទេសចិននឹងបន្តគាំទ្រកម្ពុជាក្នុងការបន្តមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន»។
លោកបន្ថែមថា៖ «ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយសម្តេចប្រធាន ដើម្បីពង្រឹងការណែនាំនយោបាយសម្រាប់ទំនាក់ទំនងទ្វេភាគី ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំង ២ និងលើវិស័យផ្សេងៗដើម្បីរួមគ្នាកសាងសហគមន៍ចិន-កម្ពុជា ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មីដើម្បីជាប្រយោជន៍កាន់តែធំរបស់ប្រទេស និងប្រជាជនទាំង ២»។
ទោះជាយ៉ាងណា កាលពីថ្ងៃទី ២៤ កក្កដា អ្នកនាំពាក្យសហភាពអឺរ៉ុប (EU) បានចេញសេចក្តីថ្លែងការណ៍ដោយលើកឡើងថា ការបោះឆ្នោតនេះធ្វើឡើងក្នុងលម្ហនយោបាយ និងពលរដ្ឋដែលមានការរឹតត្បិតដោយគណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយមិនអាចដំណើរការប្រកបដោយប្រសិទ្ធភាពដោយគ្មានឧបសគ្គ។
សេចក្តីថ្លែងការណ៍នេះលើកឡើងថា៖ «យើងសោកស្តាយដែលការបោះឆ្នោតទាំងនេះមិនមានផ្នែកសំខាន់របស់គណបក្សប្រឆាំងដោយសារការផ្តន្ទាទោសព្រហ្មទណ្ឌលើមេដឹកនាំនយោបាយនិងការដកសិទ្ធិពីគណបក្សប្រឆាំងដ៏ធំគឺគណបក្សភ្លើងទៀន ដែលមិនត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះចូលរួមបោះឆ្នោត»។
ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសចក្រភពអង់គ្លេសបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ពីថ្ងៃទី ២៤ ខែកក្កដាដែរថា ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យគឺផ្អែកលើការប្រកួតប្រជែងដែលគួរឱ្យទុកចិត្ត បើកចំហ និងយុត្តិធម៌។
សេចក្តីថ្លែងការណ៍នោះលើកឡើងថា៖ «យើងសោកស្ដាយដែលការបោះឆ្នោតទាំងនេះបាននាំមុខដោយការរួមតូចនៃលម្ហនយោបាយ រួមទាំងការដកសិទ្ធិពីគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងដ៏ធំកាលពីដើមឆ្នាំនេះដែលបណ្តាលឱ្យមានការបោះឆ្នោតមួយដែលមិនសេរី និងយុត្តិធម៌។ ចក្រភពអង់គ្លេសចាត់ទុកថា នេះជាឱកាសខកខានក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា»។
រីឯអ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ក៏បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលនោះដែរថា ការបោះឆ្នោតនេះ បានធ្វើឡើងដោយមានការឹតត្បិតដែលធ្វើឱ្យអ្នកបោះឆ្នោតកម្ពុជាមានលម្ហតូចក្នុងការបញ្ចេញមតិជំទាស់ និងគ្មានជម្រើសពិតប្រាកដ ។
ប្រភពដដែលបញ្ជាក់ថា៖ «យើងសោកស្តាយដែលគណបក្សប្រឆាំងដ៏ធំបំផុតមិនត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះបោះឆ្នោត»។
ក្រៅពីប្រទេសទាំងនេះ ប្រទេសអូស្ត្រាលីក៏បានសម្ដែងការព្រួយបារម្ភជាខ្លាំងអំពីបរិយាកាសនៃការបោះឆ្នោតនេះ និងគន្លងប្រជាធិបតេយ្យនៅប្រទេសកម្ពុជាផងដែរ ខណៈប្រទេសបារាំងក៏បានសម្ដែងការសោកស្តាយដូចគ្នាដែលការបោះឆ្នោតទាំងនេះ មិនមានវត្តមានគណបក្សប្រឆាំងដ៏ធំគឺគណបក្សភ្លើងទៀនដែលមិនត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះចូលរួមក្នុងការបោះឆ្នោតនេះ ដែលធ្វើឱ្យខូចខាតលក្ខណៈពហុនិយមនៃសន្លឹកឆ្នោត។
យ៉ាងណាក្ដី អគ្គលេខាធិការដ្ឋានអាស៊ានបានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២៤ ខែកក្កដា ថា នៅថ្ងៃបោះឆ្នោតលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងក្រុមការងារបានសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។
សេចក្តីប្រកាសព័ត៌មាននេះបញ្ជាក់ថា នៅក្នុងការិយាល័យបោះឆ្នោតដែលបានសង្កេតឃើញមានការតម្រង់ជួរវែងនៃអ្នកបោះឆ្នោតដែលបង្ហាញពីឆន្ទៈនិងការចូលរួមយ៉ាងសកម្មរបស់ប្រជាជនកម្ពុជាក្នុងដំណើរការនយោបាយ និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសក្នុងការអនុវត្តសិទ្ធិ និងការប្តេជ្ញាចិត្តក្នុងការជ្រើសរើសថ្នាក់ដឹកនាំរបស់ពួកគេ។ ការបោះឆ្នោតជាទូទៅមានសន្តិភាពសណ្តាប់ធ្នាប់ និងគ្មានអំពើហិង្សា។
លោក កៅ គឹមហួន បានថ្លែងអំពីបេសកកម្មសង្កេតការណ៍ថា៖ «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឱកាសក្នុងការសង្កេតមើលដោយផ្ទាល់នូវដំណើរលទ្ធិប្រជាធិបតេយ្យដែលកំពុងបន្តនាសម័យទំនើបនៃប្រទេសកម្ពុជា និងរីករាយសូមអបអរសាទរចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់វិជ្ជាជីវៈ និងសមត្ថភាព ព្រមទាំងប្រជាជនកម្ពុជាសម្រាប់ការចូលរួមយ៉ាងសកម្ម និងមានឆន្ទៈក្នុងការបោះឆ្នោតពហុបក្ស»៕