ភ្នំពេញៈ គណបក្សនយោបាយមួយចំនួន ដែលមិនទទួលបានអាសនៈក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី ២៣ ខែកក្កដា បានប្រកាសទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដែល លទ្ធផល ក្រៅផ្លូវការគណបក្សប្រជាជនកម្ពុជាទទួលបាន ១២០ អាសនៈ និងគណបក្សហ្វុនស៊ិនប៉ិចទទួលបាន ៥ អាសនៈ បើទោះបីជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់ប្រកាសលទ្ធផលផ្លូវការក៏ដោយ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ថ្លែងនៅថ្ងៃទី ២៥ កក្កដាថា លោកទទួលស្គាល់និងពេញចិត្តចំពោះលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី ២៣ កក្កដា បើទោះបីលោកមិនទទួលអាសនៈនៅក្នុងរដ្ឋសភាក៏ដោយព្រោះសំឡេងគាំទ្រគណបក្សលោកក៏មានការកើនឡើងជាលំដាប់ដែរចាប់តាំងពីចូលរួមការបោះឆ្នោតកាលពីឆ្នាំ ២០១៧ មក។
លោកបន្តថា គណបក្សរបស់លោក ចាប់ផ្តើមពីចំណុចសូន្យ ប៉ុន្តែដោយសារកិច្ចខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់គណបក្សដែលមានលោកជាប្រមុខនោះ បានទទួលសំឡេងគាំទ្រកើនឡើងជាលំដាប់។ ជាក់ស្តែងក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ ២០១៧ គណបក្សលោក ទទួលបានតែជាង ១ ៥០០ សំឡេង, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ ២០២២ ទទួលបានជាង ១៣ ០០០ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០១៨ ទទួលបានជិត ៤ ម៉ឺនសំឡេង និងការបោះឆ្នោតឆ្នាំ ២០២៣ នេះ ទទទួលបានជិត ១០ ម៉ឺនសំឡេង។
លោក ពេជ្រ ស្រស់ បញ្ជាក់ថា៖ «ខ្ញុំចាត់ទុកថា ការទទួលបានសំឡេងកើនឡើងជាបន្តបន្ទាប់នៅពេលនេះបានធ្វើឱ្យគណបក្សរបស់យើងទទួលបានជ័យជម្នះ បើទោះបីមានមនុស្សមួយចំនួនបានលើកឡើងថា គណបក្សនេះ មិនទទួលបានជ័យជម្នះក្តី»។
ចំណែក លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) នៅថ្ងៃទី ២៤ ខែកក្កដា ក៏បានប្រកាសទទួលស្គាល់ចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នេះដែរ និងប្រកាសផ្ទេរការតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យជូនអ្នកជំនាន់ក្រោយ។
ជាមួយគ្នានេះលោកក៏បានសម្តែងការអរគុណដល់អ្នកដែលបានបោះឆ្នោតជូនគណបក្ស គ.ប.ម ហើយក៏បានចូលរួមសោកស្តាយដែលមិនអាចទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីទទួលបានអាសនៈនៅរដ្ឋសភានីតិកាលទី៧ នេះ។
លោក យ៉េង វីរៈ បានថ្លែងថា៖ «លទ្ធផលបោះឆ្នោតបឋម បានចេញហើយ ខ្ញុំបានឃើញ និងគោរពទទួលស្គាល់ការសម្រេចចិត្តរបស់បងប្អូនម្ចាស់ឆ្នោត។ ដូចបានជម្រាបជូនកន្លងមក គ.ប.ម គ្រាន់តែបង្កើតជាជម្រើសជូនបងប្អូនប៉ុណ្ណោះ ព្រោះវាជាផ្លូវតែមួយគត់ដែលឱ្យយើងអាចដោះស្រាយបញ្ហា និងស្រោចស្រង់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា»។
បើតាមលោក យ៉េង វីរៈ សម្រាប់រូបលោកផ្ទាល់ ទោះប្រជាពលរដ្ឋ មិនបានបោះឆ្នោតគាំទ្រឱ្យជាប់ជាតំណាងរាស្ត្រនៅរដ្ឋសភាក៏ដោយ ក៏លោកមិនមានការខកចិត្ត ខកបំណងអ្វីដែរ។ លោកមិនដែលមានបំណងប៉ងលើតំណែងតួនាទីអ្វីទេព្រោះលោកបានបំពេញការងារកន្លងមកដោយមនសិការសុចរិត និងពេញចិត្តបំពេញការងាររក្សាឧត្តមគតិពង្រឹងគោលជំហររឹងមាំទោះជាឆ្លងកាត់ឧបសគ្គយ៉ាងណាក្តី។
គណបក្សខ្មែរតែមួយក៏បានចេញសេចក្តីថ្លែងការណ៍ប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ក្រោយពីបានសង្កេតឃើញថា បរិយាកាសនៅក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតចាប់ពីថ្ងៃទី១ ដល់ ២១ ខែកក្កដា និងការបោះឆ្នោតនៅថ្ងៃទី២៣ បានប្រព្រឹត្តទៅមានភាពល្អប្រសើរ ស្របតាមរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ និងមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត គ្មានការរំខាន និងគ្មានអំពើហិង្សាកើតឡើងនោះទេ។
សេចក្តីថ្លែងការណ៍បានលើកឡើងថា៖ «គណបក្សខ្មែរតែមួយ សូមគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣ ដែលបានរៀបចំដោយ គ.ជ.ប ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អាចទទួលយកបាន»។
ទន្ទឹមនឹងនេះដែរ គណបក្សមហាសាមគ្គីជាតិខ្មែរ នៅថ្ងៃទី ២៥ ខែកក្កដា ក៏បានប្រកាសទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២៣ នេះដែរ ក្រោយពីបានមើលឃើញថា ការបោះឆ្នោតនាពេលនេះបានប្រព្រឹត្តទៅដោយ «សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ប្រកបដោយប្រជាធិបតេយ្យសេរីពហុបក្ស»។
គណបក្សនេះ ក៏បានលើកឡើងដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអនុញ្ញាតឱ្យគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតចូលរួមតាមដានសង្កេតមើលការបោះឆ្នោត យ៉ាងច្រើនកុះករ ក្នុងនោះរួមមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជាសមាគមអង្គការក្រៅរដ្ឋាភិបាល រួមនឹងអ្នកសង្កេតការណ៍មកពីគណបក្សនយោបាយផងដែរ។
លោកសុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងនៅថ្ងៃទី ២៥ ខែកក្កដាថា ការប្រកាសទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតពីគណបក្សនយោបាយផ្សេងៗដែលមិនបានទទួលអាសនៈនៅក្នុងរដ្ឋសភាសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បង្ហាញថា ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅប្រកបដោយប្រជាធិបតេយ្យសេរី និងយុត្តិធម៌។
លោកមានប្រសាសន៍ថា ៖ «ការទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតរបស់គណបក្សទាំងនេះជាសច្ចធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជា វាបញ្ជាក់ពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែរុញជ្រៅទៅក្នុងសង្គមកម្ពុជា និង ប្រជាជនកម្ពុជាផងដែរ»។
យោងតាមលទ្ធផលក្រៅផ្លូវការបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលប់ រហូតដល់ ១២០ អាសនៈ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នេះ រីឯគណបក្សហ្វុនស៊ិនប៉ិចទទួលបាន ៥ អាសនៈ ខណៈគណបក្ស ១៦ ផ្សេងទៀត មិនទទួលបានអាសនៈនៅក្នុងរដ្ឋសភាឡើយ៕