ភ្នំពេញៈ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអំពាវនាវឱ្យពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ខណៈត្រឹមរយៈពេល ៦ ខែដើមឆ្នាំនេះ មានមនុស្សជាង ៥០ បានស្លាប់និងជាង ១៥០ នាក់ផ្សេងទៀតរងរបួស ដោយសារបាតុភូតគ្រោះធម្មជាតិនេះ។
អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក សុទ្ធ គឹមកុលមុន្នី បានឱ្យដឹងនៅថ្ងៃទី ២៥ ខែកក្កដាថា ក្នុងរយៈពេល ៦ ខែ ក្នុងឆ្នាំ ២០២៣ គ្រោះមហន្តរាយនៃធម្មជាតិមានការកើនឡើងច្រើន បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
លោកបន្តថា គ្រោះថ្នាក់នេះ កើតឡើងដោយសារអាកាសធាតុមានការប្រែប្រួលខ្លាំង បន្ទាប់ពីមានបាតុភូតភ្លៀងធ្លាក់កក់ខែដែលលាយឡំជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់បក់បោកដែលបណ្ដាលឱ្យមានការខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋជាច្រើនផងដែរ។
បើតាមលោក សុទ្ធ គឹមកុលមុន្នី ខ្យល់កន្ត្រាក់ក្នុងឆមាសទី១ ចាប់ពីខែមករា ដល់ខែមិថុនា បានធ្វើឱ្យមានការខូចខាត និងបាក់រលំផ្ទះសំបែងរបស់ប្រជាពលរដ្ឋចំនួន ១ ៧៤៤ ខ្នង និងខូចខាតមធ្យមមានចំនួន ១០ ៧៥៤ ខ្នង,ខូចខាតដំបូលសាលារៀនចំនួន ៧៨ អគារ, សាលាឃុំ មន្ទីរពេទ្យ វត្តអារាម និងប៉ុស្តិ៍រដ្ឋបាល ២២ កន្លែង។
លោកបានឱ្យដឹងថា៖ «ក្រៅពីនេះទៀត បាតុភូតខ្យល់កន្ត្រាក់នេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សចំនួន ៦ នាក់និងមានអ្នករងរបួសចំនួន ១២០ នាក់។ សម្រាប់រយៈពេល ៦ ខែដើមឆ្នាំនេះ បញ្ហាខ្យល់កន្ត្រាក់បានកើតឡើងច្រើន ជាពិសេសក្នុងខែមេសា និងខែឧសភា»។
អ្នកនាំពាក្យដដែលបានបន្តថា ចំណែកករណីរន្ទះបាញ់ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៣ នេះ កើតឡើងនៅរាជធានី-ខេត្តចំនួន ២១ ដែលបានធ្វើឱ្យមនុស្សស្លាប់ចំនួន ៤៦ នាក់ក្នុងនោះមានស្ដ្រីចំនួន ៥ នាក់ និងកុមារចំនួន ៥ នាក់ផងដែរ ខណៈអ្នករងរបួសមានចំនួន ៣៩ នាក់ រីឯផ្ទះសំបែងខូចខាតចំនួន ៥ ខ្នង និងស្លាប់គោក្របីចំនួន ៧៩ ក្បាល។
លោក សុទ្ធ គឹមកុលមុន្នី បានបញ្ជាក់ថា៖ «ស្ថានភាពនេះ ខ្ញុំនៅតែអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើងគ្រប់រូបមេត្តាបង្កើនការប្រុងប្រយ័ត្នចៀសវាងពីករណីខ្យល់កន្ត្រាក់ និងករណីរន្ទះបាញ់នេះ ដើម្បីកាត់បន្ថយករណីផលប៉ះពាល់ និងការបាត់បង់អាយុជីវិតខណៈពេលមានភ្លៀង ឬខ្យល់មក សូមស្វែងរកកន្លែងជ្រកដែលមានសុវត្ថិភាព ដើម្បីចៀសផុតពីគ្រោះថ្នាក់»។
ទន្ទឹមនឹងនេះដែរ លោកថា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវតែបន្តយកចិត្តទុកដាក់ក្នុងការជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន ស្របពេលដែលឆ្នាំនេះបញ្ហាខ្យល់កន្ត្រាក់បានកើតច្រើនជាងរាល់ឆ្នាំ ដូច្នេះវិធានការចម្បង គឺការស្វែងរកទីកន្លែងដែលមានសុវត្ថិភាព។
លោកថា៖ «យើងនៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអាជ្ញាធរ និងអ្នកពាក់ព័ន្ធត្រូវរួមគ្នាដើម្បីកាត់បន្ថយភាពរងគ្រោះដោយសារកត្តាធម្មជាតិ»។
ជាមួយគ្នានេះ តាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅថ្ងៃទី ២៥ ខែកក្កដាថា ចាប់ពីថ្ងៃទី ២៦ កក្កដា ដល់ថ្ងៃទី ១ ខែសីហា កម្ពុជានឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើកាត់ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាមជាមួយខ្យល់មូសុងនិរតីកម្រិតមធ្យម។
ក្រសួងបន្តថា ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតហ្វីលីពីនព្យុះទី៥ ឈ្មោះដុកស៊ូរី បានបង្កើនកម្លាំងទៅជា (TY DOKSURI) កំពុងឆ្ពោះទៅចិនក្នុងចន្លោះហ្វីលីពីន និងកោះតៃវ៉ាន់ ដោយអាចដល់ចិននៅថ្ងៃ ២៨ កក្កដា។
ប្រភពដដែលបានឱ្យដឹងថា លក្ខណៈបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល អាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម និងបង្គួរ លើកលែងខេត្តនៅពាយព្យ អាចមានភ្លៀងបង្គួរ លាយឡំនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះតំបន់ខ្ពង់រាបក៏អាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម និងបង្គួរដោយលាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។
ក្រសួងបញ្ជាក់ថា តំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡំនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ ហើយនៅលើផ្ទៃសមុទ្រនឹងមានខ្យល់បក់ខ្លាំងព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់៕