ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ក្រោយការបង្កើតរាជរដ្ឋាបាលថ្មីសម្រាប់អាណត្តិនេះ នឹងអាចមានលទ្ធភាពខ្ពស់បំផុតដែលមាននាយករដ្ឋមន្ត្រីថ្មី ហើយលោកនឹងបកស្រាយលម្អិតពីរឿងនេះនៅដើមខែសីហាខាងមុខ ខណៈនៅក្នុងដំណាក់កាលនៃរាជរដ្ឋាភិបាលចាំផ្ទះលោកចង់ឱ្យអ្វីៗមានភាពល្អប្រសើរ។
ការបង្ហើបប្រាប់របស់លោកបែបនេះធ្វើឡើងតាមរយៈសារសំឡេងពិសេសប្រមាណ៤នាទីដែលបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៣ ស្តីពីការលើកពេលជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកម្មករកម្មការិនី។
តាមរយៈសារសំឡេងនេះ លោកហ៊ុន សែន បានលើកឡើងថា កាលពីពេលចុះសួរសុខទុក្ខចំពោះកម្មករ កម្មការិនីនៅតាមបណ្តារោងចក្រ សហគ្រាសលោកបានសន្យាថា បន្ទាប់ពីការបោះឆ្នោតហើយគឺនៅត្រឹមថ្ងៃទី២៧ខែកក្កដាលោកនឹងចាប់ផ្តើមសួរសុខទុក្ខកម្មករជាបន្តទៀតនៅ១០គោលដៅទាំងនៅទីក្រុងភ្នំពេញនិងនៅតាមបណ្តាខេត្តផងដែរ។
លោកបានបន្តថា ប៉ុន្តែដោយសារកត្តាពេលវេលានិងកត្តាទាក់ទងទិដ្ឋភាពនៃការរៀបចំរដ្ឋាភិបាលថ្មីលោកសូមអភ័យទោសពីកម្មករកម្មការិនីទាំងអស់ ដែលមានការអាក់ខានមិនបានទៅសួរសុខទុក្ខតាមការសន្យា។
លោកបានបញ្ជាក់ថា៖«ដូច្នេះសូមបញ្ជាក់ឡើងវិញថា យើងនឹងជួបគ្នានៅក្រោយការបង្កើតរាជរដ្ឋាបាលថ្មី ដែលនឹងអាចមានលទ្ធភាពខ្ពស់បំផុតមាននាយករដ្ឋមន្ត្រីថ្មីនឹងទៅសួរសុខទុក្ខចំពោះកម្មករ កម្មការិនីរបស់យើង ជំនួសនាយករដ្ឋមន្ត្រីចាស់ដែលនេះគឺជាលទ្ធភាពនៃការកើតឡើងនៃរាជរដ្ឋាភិបាលថ្មីដែលមានទាំងនាយករដ្ឋមន្ត្រីថ្មី»។
លោកហ៊ុន សែន បានបន្តថា ៖ «ខ្ញុំក៏មិនទៅណាទេ ខ្ញុំនឹងបកស្រាយរឿងនេះនៅថ្ងៃទី៣ ខែសីហាខាងមុខនេះ នៅក្នុងពេលសម្ពោធផ្លូវខ្សែក្រវាត់ក្រុងខ្ញុំនឹងនិយាយរឿងនេះនៅពេលនោះ ព្រោះថា ឥឡូវនេះស្ថិតនៅដំណាក់កាលនៃរាជរដ្ឋាភិបាលចាំផ្ទះ ខ្ញុំចង់ឱ្យអ្វីៗបានកើតឡើងនៅដំណាក់កាលនៃរាជរដ្ឋាភិបាលថ្មីដែលនឹងត្រូវទៅជួបក្មួយៗកូនៗចៅៗ ជាកម្មករ កម្មការិនីទាំងអស់»។
សម្រាប់តំណែងនាយករដ្ឋមន្ត្រីថ្មីនេះ បើទោះបីជាលោក ហ៊ុន សែន មិនបានលើកឡើងចំឈ្មោះក្តី ប៉ុន្តែជាការសំដៅទៅលើលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនិងជាបេក្ខភាពនាយករដ្ឋមន្ដ្រីនៃគណបក្សប្រជាជនកម្ពុជានៅថ្ងៃអនាគតដែលនឹងទទួលតំណែងបន្តពីលោកនៅដើមអាណត្តិទី៧ ឆ្នាំ២០២៣ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។
លោក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នមានតួនាទីខ្ពស់ក្នុងជួររដ្ឋាភិបាល ហើយក៏ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ត្រូវបានសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទ ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគតកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។
នៅថ្ងៃទី២៥ ខែកក្កដា លោក ហ៊ុន ម៉ាណែត បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា ប្រជាពលរដ្ឋខ្មែរបានបង្ហាញឆន្ទៈរបស់ខ្លួនយ៉ាងច្បាស់តាមរយៈការអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ(ជាង៨៤ភាគរយ)និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យឈ្នះភ្លូកទឹកភ្លូកដីដើម្បីបម្រើប្រជាពលរដ្ឋតទៅអនាគត។
លោកបានបញ្ជាក់ថា៖«ខ្ញុំមានតែពាក្យ២ម៉ាត់ជូនចំពោះប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសដែលបានទៅចូលរួមបោះឆ្នោត គឺ១ អរគុណចំពោះលោកតា លោកយាយ លោកអ៊ំ ពូមីង បងប្អូនទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សដែលខ្លួនស្រឡាញ់និងជាពិសេសចំពោះការស្រឡាញ់និងការទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជានិង២ប្តេជ្ញាចិត្តបន្តចូលរួមបម្រើប្រទេសជាតិនិងប្រជាជនឱ្យបានកាន់តែល្អប្រសើរទៅថ្ងៃអនាគត»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជានិងជាអ្នកតាមដាននយោបាយក៏បានលើកឡើងដែរថា ការផ្ទេរអំណាចក្រោយការបោះឆ្នោតសម្រាប់អាណត្តិនេះ នឹងក្លាយជារឿងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ។
លោកបានបន្តថា ការបញ្ជាក់ជាថ្មីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ពីលទ្ធភាពមាននាយករដ្ឋមន្ត្រីថ្មីនេះដើម្បីបង្ហាញពីភាពច្បាស់លាស់ និងភាពប្រាកដប្រជាអំពីផែនការបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។
លោក គិន ភា បានបញ្ជាក់ប្រាប់នៅថ្ងៃទី២៦ ខែកក្កដា ថា៖«យើងឃើញថានឹងមិនមានឧបសគ្គអ្វីនោះទេ ដូចយើងដឹងហើយថានីតិវិធីផ្ទៃក្នុងរបស់គណបក្សក៏បានបំពេញរួចសព្វគ្រប់អស់ហើយ និងសន្លឹកឆ្នោតរបស់ CPP ដែលបានទទួលនោះក៏បានបញ្ជាក់អំពីការទទួលយកនូវផែនការបន្តវេនរបស់បក្សនេះ»។
លោកបន្ថែមថា៖«អ៊ីចឹង! អ្វីដែលសម្តេចតេជោបានបញ្ជាក់នេះ គឺបង្ហាញពីឆន្ទៈរបស់សម្តេច ឬឆន្ទានុសិទ្ធិក្នុងការរៀបចំការបន្តវេនមួយដែលមានគណៈរដ្ឋមន្ត្រីថ្មី នាយករដ្ឋមន្ត្រីថ្មីដែលបានរៀបចំទុករួចជាស្រេច»។
បើតាមលោក គិន ភា គណៈរដ្ឋមន្ត្រីថ្មីអាចចាត់ទុកថាជាថាមពលថ្មីសម្រាប់កម្ពុជាក្នុងការកែទម្រង់អភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ប៉ុន្តែដូចដឹងហើយថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលផ្អែកលើសមូហភាពដឹកនាំ ដូច្នេះរដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ក៏នៅតែគោរពនូវគោលនយោបាយរបស់គណបក្សប្រជាជនដែលបានព្រាងផែនការអភិវឌ្ឍន៍ជាតិ។
លោក គិន ភា បានបញ្ជាក់ថា ៖ «អ៊ីចឹង!ទាំងក្របខ័ណ្ឌនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេសរបស់កម្ពុជា នឹងមិនមានការប្លាស់ប្តូរក្នុងកម្រិតគោលនយោបាយទេ ដោយសារគណបក្សមានខ្សែបន្ទាត់គោលនយោបាយរបស់ខ្លួន ហើយម្តេចតេជោ នៅតែជាប្រធានគណបក្សប្រជាជនកម្ពុជា ដូច្នេះលោកនៅតែមានអំណាចទៅលើអង្គការចាត់តាំងទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជន»៕