ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រេចអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៤០ លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងបន្ថែមការផ្តល់សេវាសាធារណៈរដ្ឋបាលមូលដ្ឋាន តាមរយៈ កំណែទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ។
សេចក្តីប្រកាសព័ត៌មានរបស់ ADB ចេញផ្សាយនៅថ្ងៃទី២៦ខែកក្កដា បានឱ្យដឹងថា កម្ចីកម្មវិធីរងទីពីរ និងចុងក្រោយ ក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈនិងការគ្រប់គ្រងហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការលើកទីពីរនេះ នឹងបញ្ចប់កំណែទម្រង់ជាបន្តបន្ទាប់ ដើម្បីពង្រឹងតួនាទី និង សមត្ថភាពរបស់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។
សេចក្តីប្រកាសបានបញ្ជាក់ថា៖«កំណែទម្រង់ក្រោមកម្មវិធីរងទីពីរនេះ ត្រូវបានរៀបចំឡើង ដើម្បីពង្រឹងការធ្វើផែនការនិងរៀបចំថវិកា ការគ្រប់គ្រងចំណូលនិងចំណាយ និងសមត្ថភាពបុគ្គលិកនៅកម្រិតរដ្ឋបាលមូលដ្ឋាន ដើម្បីផ្តល់សេវាកម្ម ប្រសើរឡើង លើកកម្ពស់ការធ្វើផែនការរដ្ឋាភិបាលមូលដ្ឋាន និងកែលម្អលទ្ធភាពទទួលបានសេវាសាធារណៈរបស់ ប្រជាពលរដ្ឋ»។
ADB គឺជាដៃគូរបស់កម្ពុជាក្នុងការគាំទ្រកំណែទម្រង់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការចាប់តាំងពីឆ្នាំ២០០២ ដោយសង្កត់ធ្ងន់លើការបន្តគោលនយោបាយ ដើម្បីធ្វើការកែលម្អការឱ្យស៊ីជម្រៅទាំងវិធានការវិមជ្ឈការផ្នែករដ្ឋបាល និងសារពើពន្ធសម្រាប់ផ្តល់សេវា ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។ នេះតាមការអះអាងនៅក្នុងសេចក្តីប្រកាសដដែលនេះ។
ADB បានបញ្ជាក់ថា៖« ADB បានជួយបង្កើតការិយាល័យសេវាកម្មដែលមានច្រកចេញចូលតែ១ សម្រាប់ការផ្តល់សេវាដែលមានការឆ្លើយតបកាន់តែច្រើនទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាការិយាល័យ ombudsperson ដើម្បីត្រួតពិនិត្យភាពប្រសើរឡើងនៃការរីកដុះដាល ស៊ីជម្រៅ និងគុណភាពនៃសេវាកម្មដែលបានផ្តល់។ ADB បានប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវភាពរីកចម្រើន រួមបញ្ចូល ភាពធន់ និងនិរន្តរភាពនៃអាស៊ី និងប៉ាស៊ីហ្វិក ខណៈនឹងការរក្សានិរន្តរភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលុបបំបាត់ភាពក្រីក្រខ្លាំង»។
នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma មាន បានរំពឹងថា កំណែទម្រង់ និងដំណោះស្រាយឌីជីថលដែលត្រូវបានអនុវត្តក្នុងកម្មវិធីនេះ នឹងជួយតម្រង់ផែនការកម្រិតមូលដ្ឋាន ជាមួយនឹងថវិកាជាតិ និងខេត្តសម្រាប់ផ្តល់សេវាសាធារណៈនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពនិងសមធម៌ ដូចជាការទទួលបានទឹកស្អាតអនាម័យ និង ការអប់រំជាដើម។
លោកស្រី បានបញ្ជាក់ថា៖«វិធានការដែលអនុវត្តក្នុងកម្មវិធីនេះ ក៏នឹងជំរុញការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេច ចិត្តក្នុងកម្រិតមូលដ្ឋានផងដែរ។ កម្ចីកម្មវិធីថ្មីនេះ គឺស្របតាមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់ កម្ពុជាឆ្នាំ ២០១៩-២០២៣»។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បាននិយាយថា ការផ្តល់សេវាជាមូលដ្ឋានទៅដល់ប្រជាពលរដ្ឋ គឺជាតម្រូវការចាំបាច់សម្រាប់ពលរដ្ឋ ខណៈលោកចង់ឱ្យមានការផ្តល់ចំណេះដឹងទៅលើពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល ដើម្បីឆ្លើយតបទៅកាន់អ្នកបម្រើសេវា។ លោក បានបន្ថែម ជាមួយការទទួលបានកម្ចីបន្ថែមនេះ រដ្ឋាភិបាល គួរតែមានគំនិតផ្តួចផ្តើមបន្ថែមទៀត ជាពិសេសការបង្កើតឱ្យមានទំនាក់ទំនងរវាងពលរដ្ឋ និងអ្នកផ្តល់សេវា ដោយមានមន្ត្រីមូលដ្ឋាន ចុះផ្តល់សេវាទៅដល់អ្នកភូមិតែម្តង។
លោក បានបញ្ជាក់ថា៖«យើងចង់ឱ្យមានការពង្រីកនូវវិសាលភាពបែបនេះ នៅកម្រិតតំបន់ជនបទដាច់ស្រយាល ជាពិសេសឃុំ ដែលមានប្រព័ន្ធរដ្ឋបាលខ្វះខាត ហើយមានតំបន់គ្របដណ្តប់ច្រើនភូមិ ហើយនិងឆ្ងាយ ព្រោះយើង នៅតែឭពលរដ្ឋធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីមកដល់សាលាឃុំ»។
លោកមាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កម្ចីនេះ មានទម្រង់ជាមូលនិធិទ្រទ្រង់ថវិកា (budget support ឬ program loan) , មានន័យថា រាជរដ្ឋាភិបាលបានបំពេញលក្ខខណ្ឌសម្រាប់ការដកសាច់ប្រាក់ពី ADB រួចរាល់ហើយ។ លោកបានបន្ថែមថា៖ «លក្ខខណ្ឌ ឬ កំណែទម្រង់ទាំងនោះ រួមមានការកសាងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ។ សកម្មភាពសម្រាប់បម្រើឱ្យកិច្ចការកែទម្រង់សុទ្ធតែចាំបាច់ និងគួរលើកទឹកចិត្ត»៕