ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីណែនាំពីការអនុវត្តអាករលើតម្លៃបន្ថែម សម្រាប់អាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូលទាំងអស់ ក្នុងគោលដៅពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែមឱ្យមានតម្លាភាព និងសង្គតិភាពអនុវត្តចាប់ពីថ្ងៃទី ១ ខែសីហាតទៅ ខណៈដែលអ្នកជំនាញសុខភាព បានសាទរចំពោះការអនុវត្តអាករលើតម្លៃបន្ថែមនេះ។
ក្នុងសេចក្តីណែនាំស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូល នៅថ្ងៃទី២៥ ខែកក្កដា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់គ្រប់ម្ចាស់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូល ទាំងអស់ពីនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែម(អតប)ផងដែរ។
ក្រសួងបញ្ជាក់ថា ការអនុវត្តអាករលើតម្លៃបន្ថែម(អតប)នេះ ដូចជា ចំពោះបារីដែលនាំចូលសម្រាប់គោលដៅលក់ក្នុងស្រុក សហគ្រាសត្រូវអនុវត្តអាករលើតម្លៃបន្ថែមដូចទំនិញនាំចូលជាប់អាករដទៃទៀតដែរ ដោយត្រូវប្រមូល អតប តាមអត្រា ១០(ដប់)ភាគរយ រាល់ការផ្គត់ផ្គង់បារី នៅក្នុងប្រទេសកម្ពុជា។
ក្រសួងបន្តថា អតប ដែលបានបង់នៅពេលនាំចូល ឬទិញក្នុងស្រុក ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលសម្រាប់កាត់កងជាមួយ អាករលើធាតុចេញ។
ដោយឡែកចំពោះបារីដែលនាំចូលសម្រាប់គោលដៅនាំចេញ សហគ្រាសត្រូវបានបន្តអនុញ្ញាតឱ្យបង់ អតប តែម្ដងគត់ នៅពេលនាំចូលជាការស្រេច ដូចដែលបានអនុវត្តនាពេលកន្លងមក ហើយសហគ្រាសត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់អាករស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ចំពោះការអនុវត្តអាករតម្លៃបន្ថែមនេះ ត្រូវបានលោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា សាទរ និងគាំទ្រចំពោះការណែនាំរបស់ក្រសួងសេដ្ឋកិច្ច ដោយលោកបានអះអាងថា វាជាការបង្ហាញឱ្យឃើញនូវការយកចិត្តទិកដាក់របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអ្នកឈឺ ឬស្លាប់ដោយសារបារី ឬផលិតផលថ្នាំជក់។
លោកប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ ខែកក្កដា ថា ការអនុវត្តអាករលើតម្លៃបន្ថែមនេះ ក្រសួងសេដ្ឋកិច្ចបានអនុវត្តជាយូរមកហើយ គ្រាន់តែថា ពីមុនយកតែមួយដំណាក់កាលទេ គឺនៅពេលនាំចូល ប៉ុន្តែការអនុវត្តចាប់ពីថ្ងៃទី១ ខែសីហាតទៅនេះ បើតាមសេចក្តីណែនាំ ការអនុវត្តអាការតម្លៃនេះ នឹងយកនៅរាល់ដំណាក់កាលដូចផលិតផលដទៃទៀត មានន័យថា យកអាករលើតម្លៃបន្ថែមតាំងពីនាំចូលរហូតដល់អ្នកប្រើប្រាស់ជាដើម។
ទោះជាយ៉ាងណាក៏ដោយ លោក មុំ គង់ ចង់ឱ្យការអនុវត្តបែបនេះ មិនត្រឹមតែលើផលិតផលបារីនោះទេ គឺចង់ឱ្យអនុវត្តលើផលិតផលថ្នាំជក់ផងដែរ។
លោកបានថ្លែងថា៖ «អ្វីដែលយើងរំពឹង ក៏ដូចជាប្រជាពលរដ្ឋជាង៩០ភាគរយទៀត ចង់បាន នោះគឺចង់ឱ្យរាជរដ្ឋាភិបាលមានការដំឡើងពន្ធលើផលិតផលថ្នាំជក់ឱ្យបានជាប្រចាំ មានន័យថា រៀងរាល់មួយទៅ២ឆ្នាំម្តង ទៅតាមឆន្ទៈរបស់រាជរដ្ឋាភិបាល»។
បើតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ប្រសិនបើកម្ពុជាយកពន្ធបារីបន្ថែម ៥០០រៀលក្នុង១កញ្ចប់ នោះនឹងធ្វើឱ្យបារីនៅលើទីផ្សារកើន១៥ភាគរយ ហើយជាលទ្ធផលនឹងកាត់បន្ថយអ្នកជក់បាន៣ម៉ឺននាក់នៅឆ្នាំបន្ទាប់ និងបង្ការប្រជាពលរដ្ឋ១ម៉ឺននាក់ ពីការស្លាប់មុនអាយុកំណត់ ក្នុងរយៈពេល១០ទៅ១៥ឆ្នាំខាងមុខ។ នេះបើតាមការបន្ថែមពីលោក មុំ គង់។
លោកបានបន្ថែមថា បើតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកដដែល ការបង្កើនពន្ធបារីបន្ថែម ៥០០រៀលក្នុងមួយកញ្ចប់ នឹងធ្វើឱ្យចំណូលពន្ធរដ្ឋកើនឡើងដល់ជាង៥៣លានដុល្លារ។
ការអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូលនេះដែរ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ យល់ឃើញថា ការអនុវត្តបែបនេះ គួរតែត្រូវបានធ្វើជាយូរមកហើយ ដោយលោកយល់ថា មានចំណុច២សំខាន់ សម្រាប់ប្រយោជន៍សេដ្ឋកិច្ចក្នុងស្រុក។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖«ចំណុចសំខាន់ទី១ យើងអាចប្រមូលចំណូលបន្ថែមទៀតពីឈ្មួញ ដែលនាំចូលផលិតផលបារីមកលក់នៅក្នុងប្រទេសកម្ពុជា។ទី២ អាចជាការលើកស្ទួយដល់សហគ្រាសផលិតក្នុងស្រុក ដែលអាចឱ្យពលរដ្ឋងាកមកប្រើប្រាស់ផលិតផលបារីក្នុងស្រុកវិញ ដែលមានតម្លៃធូរថ្លៃជាង»។
ទោះជាយ៉ាងណាក៏ដោយ លោក ហុង វណ្ណៈ បានអះអាងថា ការលើកឡើងបែបនេះ មិនមែនជាការជំរុញលើកទឹកចិត្តឱ្យមានជក់ ឬប្រើប្រាស់បារីកាន់តែច្រើននោះទេ ប៉ុន្តែវាជាផលចំណេញសេដ្ឋកិច្ចមួយ ដែលចាំបាច់ត្រូវតែមានការគិតគូរឱ្យបានល្អិតល្អន់៕