
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសារកាលពីថ្ងៃម្សិលមិញ។ រូបថត AKP
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃទី ២៦ ខែកក្កដាថា ចាប់ពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ តទៅ លោកនឹងលែងកាន់តំណែងជានាយករដ្ឋមន្ត្រីទៀតហើយ ក្រោយពីលោកបានកាន់តំណែងនេះអស់រយៈពេលជាង ៣៨ ឆ្នាំ ហើយលោក ហ៊ុន ម៉ាណែត នឹងកាន់តំណែងជានាយករដ្ឋមន្ត្រីសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី។
តាមរយៈសេចក្ដីថ្លែងការណ៍ពិសេស លោក ហ៊ុន សែន ថ្លែងថា៖ «យោងទៅលើការសម្រេចចិត្ត របស់គណៈអចិន្រៃ្តយ៍នៃគណបក្សប្រជាជនកម្ពុជា ហើយក៏យោងទៅលើការដែលខ្ញុំព្រះករុណាខ្ញុំ បានចូលទៅគាល់ព្រះមហាក្សត្រ ខ្ញុំព្រះករុណាខ្ញុំ សុំការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដើម្បីប្រកាសថា ខ្ញុំព្រះករុណាខ្ញុំ នឹងមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រីនោះទេ»។
លោកបន្តថា៖ «ខ្ញុំព្រះករុណាខ្ញុំពិតជាបានប្រកាសខ្លួនថា ពិតជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ ហើយឯកឧត្តម ហ៊ុន ម៉ាណែត គឺជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត។ តែសភាពការណ៍គឺបានតម្រូវឱ្យត្រូវធ្វើការរៀបចំរាជរដ្ឋាភិបាលចាប់ពីដើមអាណត្តិនេះទៅដើម្បីធានានូវភាពរលូននៃដំណើរការរាជរដ្ឋាភិបាលដោយគ្មានអាក់ខាន»។
លោក ហ៊ុន សែន បន្ថែមថា ប្រសិនជាលោកបន្តធ្វើជានាយករដ្ឋមន្ត្រី ក្នុងរយៈពេល ១ ឆ្នាំ ឬ ២ ឆ្នាំ រួចហើយទើបលាលែងចេញពីតំណែង សភាពការណ៍នឹងមានការអស្ថិរភាពក្នុង ១ រយៈកាល។ ដូច្នេះ វាមានការចាំបាច់ណាស់ដើម្បីឱ្យគណៈរដ្ឋមន្ត្រីថ្មីមួយដែលភាគច្រើនសុទ្ធតែជាមនុស្សវ័យក្មេងទទួលបានកិច្ចការដែលពួកគេទទួលខុសត្រូវទៅថ្ងៃអនាគត។ លោក ក៏ដូចជាឥស្សរជនដទៃទៀតដែលមានអាយុ ៧០ ឆ្នាំ រួចទៅហើយ ឬលើស ៧០ ឆ្នាំ រហូតទៅដល់ ជាង៨០ឆ្នាំ គប្បីត្រូវនៅពីក្រោយខ្នង។
លោកថា លោកត្រូវតែលះបង់សាជាថ្មីម្ដងទៀត នូវអំណាច ហើយលោកបានប្រាប់ពីមូលហេតុដែលលោកប្រញាប់ប្រញាល់នៅក្នុងការចាកចេញពីតំណែងនាយករដ្ឋមន្ត្រីនេះថា នេះជាការរៀបចំទុកជាមុននូវការរក្សាស្ថិរភាពរយៈពេលវែងរបស់ប្រទេស ហើយសន្តិភាព និងស្ថិរភាព ក្នុងរយៈពេលវែងនេះហើយ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «សន្តិភាព និងការអភិវឌ្ឍនឹងត្រូវតែទទួលបានបន្តទៀតតាមរយៈកូនរបស់ខ្ញុំព្រះករុណាខ្ញុំ គេមិនមែនទទួលតំណែងពីខ្ញុំព្រះករុណាខ្ញុំ ដោយមិនឆ្លងកាត់នូវនីតិវិធីជាពិសេសគឺការបោះឆ្នោតពីសំណាក់ប្រជាជន ដើម្បីឱ្យគេក្លាយទៅជាអ្នកតំណាងរាស្ត្រនោះទេ។ វាជាការធានាអះអាងមួយ ដែលនៅពេលដែលអ្នកជំនាន់ថ្មីចូលកាន់តំណែង អ្នកជំនាន់ចាស់គឺនៅឈរអែបខ្លួនគេ។ ខ្ញុំព្រះករុណាខ្ញុំ សម្តេចក្រឡាហោមស ខេងសម្តេចពិជ័យសេនា ទៀ បាញ់ សម្ដេច ម៉ែន សំអន និងឧបនាយករដ្ឋមន្ត្រីមួយចំនួនទៀត ក៏នឹងចាកចេញផុតពីតំណែងផងដែរ»។
ទោះយ៉ាងណា លោក ហ៊ុន សែន បានប្រកាសថា លោកនៅតែបន្តក្នុងមុខនាទីជាប្រធានគណបក្សកាន់អំណាច និងធ្វើជាសមាជិករដ្ឋសភា។ ព្រះមហាក្សត្រនឹងព្រះរាជទានតែងតាំងលោកជាប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រនៅក្រោយពេលដែលលោកចាកចេញជាស្ថាពរពីគណៈរដ្ឋមន្ត្រី។ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ នឹងមានការបោះឆ្នោតព្រឹទ្ធសភា។ ពេលនោះ លោកនឹងទៅឈរឈ្មោះជាសមាជិកព្រឹទ្ធសភា។
លោកបន្ថែមថា៖ «ហើយតាមការគ្រោងទុករបស់គណបក្ស គឺខ្ញុំព្រះករុណាខ្ញុំ នឹងក្លាយខ្លួនទៅជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ ដែលគាត់មានអាយុច្រើនហើយចង់ឈប់សម្រាក។ ដូច្នេះខ្ញុំព្រះករុណាខ្ញុំ នៅតែមានលទ្ធភាពដើម្បីនឹងបន្តបម្រើប្រជាពលរដ្ឋ និងជួយទៅដល់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិជាបន្តទៀត»។
ប៉ុន្តែលោកបញ្ជាក់ថា លោកនឹងមិនជ្រៀតជ្រែកទៅលើកិច្ចការរបស់នាយករដ្ឋមន្ត្រី ឬរបស់ រាជរដ្ឋាភិបាលថ្មីនោះទេ ដោយមានការចែកអំណាចដាច់ពីគ្នា រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ លោកថា ដោយមានបទពិសោធន៍ជានាយករដ្ឋមន្ត្រីអស់រយៈពេលជាង ៣៨ ឆ្នាំ លោកពិតជាយល់ដឹងច្បាស់លាស់ អំពីឯករាជភាពរបស់នាយករដ្ឋមន្ត្រី នៅក្នុងការធ្វើសេចក្ដីសម្រេចចិត្ត។
លោក ហ៊ុន សែន បន្ថែមថា៖ «ហើយនេះកុំឱ្យយប់យូរសុបិនច្រើននៃពាក្យចចាមអារ៉ាមនានា ដែលវាកើតរហូតទៅដល់ក្រុមពួកអ្នកវិភាគឬអាចថា ពួកក្រុមនិយមជ្រុល ចូលចិត្តវាយប្រហារបានភ្លឺភ្នែកថា ហ៊ុន ម៉ាណែត នឹងក្លាយខ្លួនជានាយករដ្ឋមន្ត្រី នៅប៉ុន្មានជាង ៣ អាទិត្យ ទៀតតែប៉ុណ្ណោះ។ ហ៊ុន ម៉ាណែត មានលទ្ធភាពហើយ។ ឥឡូវ ហ៊ុន ម៉ាណែត បានបំពេញរួចហើយនូវកិច្ចការ២។ ទី១ គណបក្សបានឯកច្ឆន្ទតែងតាំង ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី។ ឥឡូវ នឹងក្លាយទៅជានាយករដ្ឋមន្ត្រី នៅប៉ុន្មានសប្ដាហ៍ខាងមុខ។ ឯទី២ ហ៊ុន ម៉ាណែត បានជាប់ជាអ្នកតំណាងរាស្ត្ររួចស្រេចទៅហើយ»។
លោកបានលើកឡើងបន្តថា ពិតមែនតែពេលនេះ លោក ហ៊ុន ម៉ាណែតមិនទាន់មានសុពលភាពជាអ្នកតំណាងរាស្ត្រដោយសារតែអ្នកជាប់ឆ្នោតទាំងអស់មិនទាន់បានកោះប្រជុំ ដោយព្រះមហាក្សត្រ និងស្បថចូលកាន់តំណែង។ ចំណែកចំណុចទី៣ លោកបន្ថែមថា នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា លោកបានចូលគាល់ព្រះមហាក្សត្រ ហើយព្រះអង្គក៏ទទួលយកនូវសំណើពីប្រធានគណបក្ស ដែលមានអាសនៈ ច្រើនជាងគេនៅក្នុងរដ្ឋសភា ដើម្បីនឹងចេញព្រះរាជក្រឹត្យតែងតាំងនាយករដ្ឋមន្ត្រីគឺ លោកហ៊ុន ម៉ាណែត។ បន្ទាប់ទៅទៀតនាយករដ្ឋមន្ត្រីរូបនេះនឹងត្រូវរៀបចំផ្គូផ្គងរាជរដ្ឋាភិបាល សមាសភាពក្នុងគណៈរដ្ឋមន្ត្រី ដើម្បីឱ្យសភាផ្តល់នូវការទុកចិត្ត។
លោកបន្ថែមថា លោកកាន់តួនាទីជាប្រធានព្រឹទ្ធសភា ក៏នឹងជួយទៅដល់រាជរដ្ឋាភិបាលហើយជួយដល់ព្រះមហាក្សត្រ នៅពេលដែលព្រះអង្គអវត្តមានពីក្នុងប្រទេសដោយលោកគឺជាប្រមុខរដ្ឋស្តីទី នៅពេលនោះ។ ចំណុចនេះគឺជាចំណុចនៃការធានាបំផុត នៃសន្តិភាព សម្រាប់ប្រទេសហើយជាពិសេស ធានាស្ថិរភាពនៃដំណើរការប្រព្រឹត្តទៅនៃអំណាចរបស់រដ្ឋ ដោយគ្មានការរាំងស្ទះ។
លោក ហ៊ុន សែន លើកឡើងថា នៅពេលដែលគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គជប) ប្រកាសលទ្ធផលផ្លូវការរួចហើយ ព្រះមហាក្សត្រតែងតាំងនាយករដ្ឋមន្ត្រី ដើម្បីឱ្យរៀបចំរាជរដ្ឋាភិបាលសម្រាប់ដំណើរការនៃការរៀបចំរាជរដ្ឋាភិបាល សម្រាប់នាំយកទៅសុំសេចក្ដីទុកចិត្តពីសភា។
លោកថ្លែងថា៖ «ថ្ងៃ ២១ [សីហា] ពេលព្រឹកគឺព្រះមហាក្សត្រកោះប្រជុំសភា។ ពេលល្ងាចថ្ងៃទី ២១ ខែសីហា គឺនឹងមានការស្បថចូលកាន់តំណែងរបស់សមាជិកសភា។ បន្ទាប់ទៅគឺនៅថ្ងៃទី ២២ [សីហា] សភានឹងកោះប្រជុំក្រោមអធិបតីភាពរបស់ព្រឹទ្ធបុរស ហើយពេលនោះ ក្បាលម៉ាស៊ីនរដ្ឋសភានិងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលនឹងត្រូវបង្កើតឡើង។ ល្ងាចថ្ងៃទី ២២ [សីហា] គឺគណៈរដ្ឋមន្ត្រី និងស្បថចូលកាន់តំណែងចំថ្ងៃអង្គារ ៦ កើត ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧។ ដូច្នេះ វាជាពេលវេលាល្អ ដែលយើងយកខែនេះយកខ្នើតធ្វើជាពេលចេញដំណើរផ្លូវការរបស់សភានិងរបស់រាជរដ្ឋាភិបាល»។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «អាចថា កោះប្រជុំព្រឹទ្ធសភានៅខែមីនា [២០២៤] ហើយខ្ញុំព្រះករុណាខ្ញុំពេលនោះនឹងក្លាយទៅជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជំនួសសម្តេច សាយ ឈុំ ដែលនឹងត្រូវឈប់។ នេះគឺជាការស្រុះស្រួល ហើយក៏បានទូលព្រះមហាក្សត្រ រួចមកហើយផងដែរ។ សម្តេច ហេង សំរិន សម្តេច ស ខេង សម្តេច ទៀ បាញ់ សម្តេច ម៉ែន សំអន ក៏នឹងត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រផងដែរ»។
លោកបញ្ជាក់ថា បើទោះបីជាអំណាចនយោបាយស្ថិតនៅក្នុងដៃរបស់លោកដដែល តែលោកនឹងមិនជ្រៀតជ្រែកទៅលើកិច្ចការរបស់រាជរដ្ឋាភិបាលឬនាយករដ្ឋមន្ត្រីថ្មីនោះឡើយ ព្រោះថា កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាបានដាក់ចេញហើយរាជរដ្ឋាភិបាលយកទៅកែច្នៃអនុវត្តតាមការជាក់ស្តែង។

លោក ហ៊ុន ម៉ាណែត ក្នុងអំឡុងពេលឃោសនាបោះឆ្នោតកាលពីដើមខែកក្កដា។ ហេង ជីវ័ន
លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការប្រកាសមិនបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន នេះគឺដូចនឹងអ្វី ដែលលោក ហ៊ុន សែន បានផ្ដល់បទសម្ភាសន៍ឱ្យទូរទស្សន៍បរទេសមួយ ដែលទើបបានផ្សាយនៅខែកក្កដាថ្មីៗនេះ។ ការផ្សាយនោះ គឺលោក ហ៊ុន សែន បញ្ជាក់ថា លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីនៃអាណត្តិរដ្ឋាភិបាលទី៧ នេះ។ ការដែលលោក ហ៊ុន សែន ចេញប្រកាសដោយផ្ទាល់បន្ថែមទៀតនេះ គឺដើម្បីចៀសវាងការបកស្រាយ ឬក៏វិភាគទៅលើបញ្ហានេះដែលនាំឱ្យមានការភាន់ច្រឡំ។
លោកថ្លែងថា ប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនរហូតដល់ជាង ៨២ ភាគរយនេះ មានន័យស្មើនឹងទទួលយកបេក្ខជននាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត។ នេះគឺជាភាពជាក់ស្ដែងនៃនយោបាយ។ មួយទៀតគឺនៅតែរង់ចាំសភាផ្តល់សេចក្តីទុកចិត្ត និងស្បថចូលកាន់តំណែងនាពេលខាងមុខនេះ។
លោកថា៖ «ខ្ញុំយល់ឃើញថា នេះជាការបន្តវេនប្រកបដោយនិរន្តរភាព។ គណៈរដ្ឋមន្ត្រីថ្មីដែលមានអ្នកជំនាន់មុន រង់ចាំចង្អុលបង្ហាញ គូសបន្ទាត់នយោបាយនៅក្នុងគណបក្សកាន់អំណាច សម្តេច ហ៊ុន សែន ក្តី ឥស្សរជនផ្សេងទៀតក្តីនៅក្នុងជួរគណបក្សនៅតែជាបន្ទាត់នយោបាយ ហើយថែមពីលើនោះទៀតសម្តេច ហ៊ុន សែន លោកនឹងអញ្ជើញជាប្រធានព្រឹទ្ធសភាតាមការបោះឆ្នោតព្រឹទ្ធសភា។ នេះជាអ្វីដែលគណបក្សប្រជាជនបានរៀបចំសេណារីយោរួចជាស្រេចហើយ»៕