ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើការណែនាំឱ្យក្រុមហ៊ុនកៅស៊ូវៀតណាមដែលមកវិនិយោគដំណាំកៅស៊ូនៅកម្ពុជា យកចិត្តទុកដាក់គិតគូរពីការអភិវឌ្ឍបច្ចេកទេសកៅស៊ូ និងការកែច្នៃជ័រកៅស៊ូ ដើម្បីទទួលបាននូវតម្លៃបន្ថែមនិងកាន់តែមានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច។ នេះបើយោងតាមក្រសួងកសិកម្ម។
លើសពីនេះទៀត លោក ឌិត ទីណា បានណែនាំឱ្យក្រុមហ៊ុនត្រូវពិនិត្យលទ្ធភាព និងពិចារណាលើការកំណត់យុទ្ធសាស្ត្រ ជាពិសេសគម្រោងជំនួបពិភាក្សា ជាមួយរដ្ឋមន្ត្រីនៃក្រសួងកសិកម្មរៀតណាម នាពេលខាងមុខ ដើម្បីពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ការកំណត់លើការផលិតទំនិញដើម្បីផ្គត់ផ្គង់ទីផ្សារ និងទទួលបានចំណេញជាមួយគ្នារវាងប្រទេសទាំង ២។
លោក ឌិត ទីណា បានធ្វើការណែនាំបែបនេះក្នុងពេលដែលលោក និងថ្នាក់ដឹកនាំក្រសួងកសិកម្មបានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយអគ្គនាយកសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម នៅទីស្តីការក្រសួងកសិកម្ម នៅថ្ងៃទី ២៦ ខែកក្កដា។
នៅក្នុងកិច្ចជំនួបនេះដែរ លោករដ្ឋមន្ត្រីកសិកម្មបានថ្លែងនូវការអបអរសាទរ ចំពោះក្រុមហ៊ុនកៅស៊ូវៀតណាមទាំង ១៧ ដែលទទួលបានលទ្ធផលល្អ ក្នុងការវិនិយោគវិស័យកៅស៊ូនៅក្នុងប្រទេសកម្ពុជា។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូរបស់កម្ពុជាក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៣ ទទួលបានចំណូល ៣២៤ លានដុល្លារសហរដ្ឋអាមេរិក គឺមានកំណើនប្រមាណជាង ៤២,១ %បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ក្នុងនោះការនាំចេញកៅស៊ូក្នុងខែមិថុនាឆ្នាំ ២០២៣ ទទួលបានចំណូលជិត ៦៤ លានដុល្លារ កើនឡើយរហូតដល់ ៤៤,៨ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២៕