ភ្នំពេញៈ ស្ថាប័នជំនាញកំពុងបង្កើនយន្តការផ្សព្វផ្សាយពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់កម្មការិនី ចាប់ពីពេលមានផ្ទៃពោះរហូតកូនអាយុ ២ ឆាំ្ន ខណៈការចាប់ផ្តើមអនុវត្តជាផ្លូវការនូវកម្មវិធីនេះ នឹងចាប់ផ្តើមពីថ្ងៃទី ១ ខែសីហា តទៅ។
លោក ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៦ កក្កដាថា រហូតមកដល់ពេលនេះក្រុមការងារបានត្រៀមរួចរាល់ហើយ ដើម្បីដំណើរការកម្មវិធីបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្ត្រីរាជការជាស្ត្រី និងស្ត្រីនៃគ្រួសារដែលមានបណ្ណសមធម៌ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ ឆ្នាំ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែសីហា តទៅដោយមិនមានការខកខានឡើយ។
លោកបានបញ្ជាក់ថា៖ «កម្មវិធីឧបត្ថម្ភនេះ សំដៅលើការឧបត្ថម្ភថវិកាចំនួន ៤ ដង មុនសម្រាល និង១០ដងក្រោយសម្រាលមានន័យថា យើងធ្វើទៅតាមយន្តការ និងអនុក្រឹត្យថ្មីគឺបានកំណត់ថា មុនសម្រាល ៤ ដង គឺម្តងបានប្រាក់ ៨ ម៉ឺនរៀល ទី ២ ពេលសម្រាល គឺសម្រាប់កម្មការិនីទទួលបាន ៤០ ម៉ឺនរៀល ដោយអាស្រ័យលើចំនួនកូន ១ ឬ ២ ជាដើម»។
លោក ឈួរ សុបញ្ញា បន្តថា បច្ចុប្បន្នក្រុមការងារមូលនិធិជាតិជំនួយសង្គមបានបណ្តុះបណ្តាលមន្ត្រីមកពី ១៦៥២ ឃុំ/សង្កាត់ ជាង ១៤ ០០០ ភូមិ និង១ ៧០០ មូលដ្ឋានសុខាភិបាលរាប់ចាប់ពីមន្ទីរពេទ្យរហូតមូលដ្ឋានមណ្ឌលសុខភាព ដើម្បីឱ្យពួកគាត់បានដឹងពីនីតិវិធីថ្មីនៃការអនុវត្តកម្មវិធីនេះ។ លើសពីនេះ លោកសុបញ្ញាថា ក្រុមការងារក៏បានបង្កើនយុទ្ធនាការផ្សព្វផ្សាយតាមរយៈខិត្តប័ណ្ណ ផ្ទាំងវីដេអូ និងប្រព័ន្ធផ្សព្វផ្សាយសាធារណៈបណ្តាញសារព័ត៌មាននានាដើម្បីបង្កើនការយល់ដឹងទៅកាន់សាធារណជន។
ជុំវិញចំណុចនេះលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងគាំទ្រចំពោះកម្មវិធីនេះ ដោយលោកថា វាមិនត្រឹមតែផ្តល់សាច់ប្រាក់នោះទេ ប៉ុន្តែវាជាផ្នែកមួយក្នុងការជំរុញលើកទឹកចិត្តដល់អ្នកទទួលផលឱ្យទទួលយកសេវាសុខភាពរបស់មូលដ្ឋានសុខាភិបាលសាធារណៈជាជម្រើសដំបូង។ ពិសេសទៀតនោះ វាក៏កំពុងជំរុញសុខភាព មាតា ទារក និងអាហារូបត្ថម្ភតាមសហគមន៍ផងដែរ។
ទន្ទឹមគ្នានេះលោក ប៉ូលីវ៉ា ក៏បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តពង្រឹង និងពង្រីកឱ្យបាននូវយន្តការផ្សព្វផ្សាយកម្មវិធីជំនួយសង្គមនេះ ឱ្យកាន់តែទូលាយថែមទៀត ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនិងបានត្រឹមត្រូវតាមខ្លឹមសារដែលបានចែង។
បើតាមទិន្នន័យពីមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច បានឱ្យដឹងថា មានស្ត្រី និងកុមារដែលជាអ្នកទទួលផលពីកម្មវិធីឧបត្ថម្ភប្រាក់ជូនស្ត្រីពេលមានផ្ទៃពោះ រហូតកូនអាយុ ២ ឆាំ្ន ដោយរាប់ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២០ រហូតត្រឹមថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ គឺមានចំនួន ៣២៨ ២៥៤ នាក់ក្នុងនោះរាជរដ្ឋាភិបាល បានផ្តល់ប្រាក់ឧបត្ថម្ភសរុបប្រមាណជាង ២៥ លានដុល្លារអាមេរិក។
បើគិតចាប់ពីថ្ងៃទី ១ ខែសីហាឆ្នាំ ២០២៣ តទៅនេះ ចំនួននេះ នឹងមានការប្រែប្រួលទៅតាមស្ថានភាពជាក់ស្តែង ដោយសារចំនួនស្ត្រី និងកុមារបានបញ្ចប់ពីកម្មវិធីនេះ នឹងមានចំនួនអ្នកថ្មីចូលមកជាបន្តបន្ទាប់ទៀត។
សូមរំឭកដែរថា រាជរដ្ឋាភិបាល កាលថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣ បានប្រកាសពីការបង្កើនប្រាក់ឧបត្ថម្ភជូនកម្មការិនី មន្ត្រីរាជការជាស្ត្រី និងស្ត្រីនៃគ្រួសារដែលមានបណ្ណសមធម៌ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ ឆ្នាំ ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងកុមារតូច ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ ២ ឆ្នាំ និងជំរុញ ការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតី ក្នុងរយៈពេល ១ ០០០ ថ្ងៃដំបូងនៃជីវិត។
ការដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារតូចគឺបានធ្វើឡើងតាមរយៈកម្មវិធីមួយចំនួន រួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដែលជាកម្មវិធីជាតិ ជំនួយសង្គមដំបូងគេ, កម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មការិនីនៅពេលសម្រាលកូន និងការផ្ដល់ប្រាក់ឧបត្ថម្ភមាតុភាពជូនមន្ត្រីរាជការជាស្ត្រីជាដើម៕