ព្រះវិហារៈអាជ្ញាធរជាតិព្រះវិហារ បានរៀបចំព្រឹត្តិការណ៍ដាំកូនឈើចំនួន ៧០០ ដើម នៅក្នុងតំបន់អភិរក្សនៃរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងគោលបំណងផ្សព្វផ្សាយ ដល់សិស្សានុសិស្សក្នុងតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក ឱ្យចេះស្រឡាញ់ ការពារធនធានធម្មជាតិ និងវប្បធម៌ជាតិខ្មែរ។
នាយកដ្ឋានបរិស្ថានព្រៃឈើ និងទឹកនៃអាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងថា កូនឈើដែលបានដាំសរុបចំនួន ៧០០ ដើម រួមមាន គ្រញូង ធ្នង់ បេង និងត្របែកព្រៃ ដែលជាប្រភេទឈើរងការគំរាមកំហែង និងឈើលម្អ។ ព្រឹត្តិការណ៍ដាំកូនឈើនេះ ធ្វើឡើងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក ឃូ អៀងហួត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ មន្ត្រីអាជ្ញាធរជាតិព្រះវិហារ នាយកសាលា រួមជាមួយសិស្សានុសិស្សចំនួន៥០នាក់ មកពីអនុវិទ្យាល័យ ហ៊ុន សែន ស្រះក្តុល។នេះបើតាមអាជ្ញាធរជាតិព្រះវិហារ ។
អាជ្ញាធរជាតិព្រះវិហារបញ្ជាក់ថា៖«កម្មវិធីនេះជាផ្នែកមួយនៃការអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សក្នុងតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកឱ្យចេះស្រឡាញ់ទេសភាពធម្មជាតិ និងវប្បធម៌ និងចូលរួមថែរក្សាការពារព្រៃឈើទាំងអស់គ្នាក្រោមពាក្យស្លោក ប្រាសាទ និងព្រៃឈើគឺជាធនធានទេសចរណ៍វប្បធម៌ប្រវត្ដិសាស្ដ្រ និងធម្មជាតិ»។
លោកឃូ អៀងហួត បានថ្លែងក្នុងព្រឹត្តិការណ៍នេះថា អាជ្ញាធរជាតិព្រះវិហារតែងយកចិត្តទុកដាក់ដល់ការគ្រប់គ្រងព្រៃឈើ និងដាំស្តារឡើងវិញ ដើម្បីប្រែក្លាយតំបន់រេចរឹលឱ្យមានគម្របព្រៃឡើងវិញ រហូតមកទល់បច្ចុប្បន្នកូនឈើជាង ៧៨ ០០០ ដើម ដែលមាន៣៥ប្រភេទ ត្រូវបានដាំស្តារក្នុងតំបន់អភិរក្សនៃរមណីយដ្ឋានប្រាសាទព្រះវិហារ។
លោក ឃូ អៀងហួត បានឱ្យដឹងថា៖ «ព្រៃឈើបានផ្តល់គុណតម្លៃជាច្រើនដល់មនុស្សដូចជា អនុផលដ៏សម្បូរបែបសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃដល់សហគមន៍យើង ដូចនេះការចូលរួមថែរក្សា ការពារ និងស្តារព្រៃឈើរេចរឹលឡើងវិញគឺជាកត្តាចាំបាច់បំផុត»។
ដោយឡែក លោក ឈាង ពិសាល អនុប្រធាននាយកដ្ឋានបរិស្ថានព្រៃឈើ និងទឹកក៏បានថ្លែងដែរថា ការដាំស្តារព្រៃឈើរេចរឹលក្នុងតំបន់អភិរក្សនេះទាមទារការចូលរួមពីមនុស្សគ្រប់គ្នា ជាពិសេសអ្នកជំនាន់ក្រោយ ដើម្បីបណ្ដុះសកម្មភាពឱ្យពួកគាត់មានស្មារតីក្នុងការការពារ និងថែរក្សាធនធានធម្មជាតិនៅតំបន់អភិរក្សទាំងអស់នេះ។
លោក ឈាង ពិសាល បញ្ជាក់ថា៖ «ប្អូនៗសិស្សានុសិស្ស បានមកចូលរួមដាំដើមឈើនាពេលនេះ គឺឆ្លុះបញ្ចាំងអំពីការចូលរួមការពារ និងថែរក្សាធនធានធម្មជាតិទាំងអស់នេះ ដើម្បីលើកកម្ពស់ដល់តម្លៃលេចធ្លោជាសកលដល់ប្រាសាទផង និងដើម្បីលើកកម្ពស់ជីវចម្រុះផងដែរ»។
ទាក់ទិននឹងរឿងនេះ លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ បានថ្លែងថា ការដាំកូនឈើនៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌវប្បធម៌ពិភពលោកប្រាសាទព្រះវិហារ វាជាកិច្ចការមួយសំខាន់ និងជាកិច្ចការដែលនាំមុខមួយ ខណៈដែលប្រទេសកម្ពុជា មានការភ័យព្រួយថាគ្មានគម្របបៃតង។ ដូច្នេះកិច្ចការដាំដើមឈើនេះ គឺជារឿងល្អក្នុងការបង្កើតការអប់រំ ផ្សព្វផ្សាយដល់អ្នកជំនាន់ក្រោយ ឱ្យធ្វើសកម្មភាពដាំដើមឈើទៅជាទីជម្រកបៃតង និងនៅកន្លែងតំបន់អភិរក្ស ដើម្បីការពារទឹកដីរបស់កម្ពុជានៅតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក។
បើតាមលោក សំបូរ មាណ្ណារ៉ា បន្ទាប់ពីការដាំដើមឈើនេះរួចហើយ អ្នកពាក់ព័ន្ធក៏គួរតែថែរក្សាការពារដើមឈើទាំងនោះ ពីព្រោះកន្លងមកលោកមើលឃើញថា ដើមឈើដែលដាំរួចហើយ តែងតែមិនទទួលបានការមើលថែទាំ រហូតដល់ដើមឈើទាំងនោះត្រូវបានងាប់ ហេតុនេះលទ្ធផលទទួលបាន គឺខាតតែពេលវេលា ថវិកា កម្លាំង និងសកម្មភាពទាំងអស់នេះប៉ុណ្ណោះ។
លោក សំបូរ មាណ្ណារ៉ា បានបញ្ជាក់ថា៖ «អ៊ីចឹង!ខ្ញុំគិតថា ការដាំដើមឈើនិងគិតគូរបែបនេះ គឺល្អ ក៏ប៉ុន្តែក៏ត្រូវតែគិតពីការថែទាំ និងនិរន្តរភាពនៃការរស់របស់ដើមឈើដែលដាំនេះផង ដើម្បីធ្វើម៉េចឱ្យដើមឈើនេះរស់បានល្អ ហើយជាលម្អពិតប្រាកដនៃសេចក្ដីត្រូវការរបស់យើង»៕