ភ្នំពេញៈអ្នកប្រដាល់ និងជាគ្រូបង្វឹកជនជាតិប្រេស៊ីល Thiago Teixeira ដែលមានឈ្មោះខ្មែរថា សែន ច័ន្ទឫទ្ធីគុន បាននិងកំពុងស្វែងរកដៃគូសហការថ្មី ដើម្បីបន្តអាជីពរបស់ខ្លួន នៅលើទឹកដីកម្ពុជា បន្ទាប់ពីជើងខ្លាំងរូបនេះ បានសម្រេចចែកផ្លូវជាមួយក្លិបប្រដាល់គុនខ្មែរអន្តរជាតិរបស់លោក ស្រី ចាន់ថន។
ការសម្រេចចាកចេញពីក្លិបប្រដាល់គុនខ្មែរអន្តរជាតិ របស់សែន ច័ន្ទឫទ្ធីគុន ត្រូវបានសាមីខ្លួនទម្លាយឱ្យដឹងកាលពីពេលថ្មីៗនេះ ហើយដំណឹងនេះបានក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ព្រោះលោក ស្រី ចាន់ថន បានក្លាយជាបុគ្គលដ៏សំខាន់ ដែលបានទាក់ទាញ Thiago និងអ្នកស្រី ROMA MARIA ROZANSKA STEFFEN ដែលជាប្រពន្ធឱ្យមកចាប់ចិត្តនឹង «គុនខ្មែរ» និងព្រមឡើងប្រកួតតំណាងឱ្យខ្មែរ បើទោះបីជាពេលនោះ Thiago មានក្លិបប្រដាល់ផ្ទាល់ខ្លួននៅប្រទេសថៃក៏ដោយ។
បន្ទាប់មក នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ Thiago បានរកឃើញជ័យជម្នះយ៉ាងសំខាន់ ដោយរូបគេបានក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក WMO សម្រាប់ការប្រកួតនៅសង្វៀន Apex Fight Series ប្រទេសអាល្លឺម៉ង់ ប៉ុន្តែខ្សែក្រវាត់ WMO នោះ ត្រូវបានសមាគមប្រដាល់ Muay Thai ពិភពលោកដកយកទៅវិញ ដោយបានចោទប្រកាន់ Thiago ថា មិនប្រកួតតំណាងឱ្យ Muay Thai តែបែរជាទៅប្រកួតតំណាងឱ្យគុនខ្មែរទៅវិញ ហើយហេតុការណ៍នេះបានធ្វើឱ្យ Thiago មានការខូចចិត្តខ្លាំង។
ជាមួយភាពឈឺចាប់ដែលមិនអាចទទួលយកបានពីការមិនឱ្យតម្លៃរបស់សមាគមប្រដាល់ Muay Thai ពិភពលោក Thiago បានសម្រេចដើរចេញពីប្រដាល់ Muay Thai ដែលរូបគេបានហ្វឹកហាត់ និងប្រកួតតាំងពីអាយុ១៦ឆ្នាំ ដើម្បីចូលរួមផ្សព្វផ្សាយគុនខ្មែរវិញ បន្ទាប់ពី Thiago និងប្រពន្ធរបស់ខ្លួនទទួលបានសញ្ជាតិខ្មែរនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដោយមានលោក ស្រី ចាន់ថន ជាអ្នកជួយជ្រោមជ្រែងដោយការចុះកិច្ចសន្យានាំយក Thiago ទៅកាន់ក្លិបប្រដាល់គុនខ្មែរអន្តរជាតិរបស់លោក។
ទោះជាយ៉ាងណា ខណៈការចាប់ដៃគ្នា ដើម្បីអភិវឌ្ឍនិងផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ឆាកអន្តរជាតិរបស់លោក ចាន់ថន និង Thiago មិនទាន់ទាំងបានចេញជារូបរាងច្បាស់ផង ក៏ស្រាប់តែ Thiago ទម្លាយពីការចែកផ្លូវគ្នា ដោយរូបគេបានអះអាងថា ករណីនេះធ្វើឡើងជាង១ខែមកហើយ។
Thiago បានសរសេរបង្ហោះ នៅលើផេចហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី២៦ ខែកក្កដា ថា៖ «ខ្ញុំសូមជម្រាបជូនអ្នករាល់គ្នាថា ខ្ញុំបានសម្រេចចិត្តចាកចេញពីក្លិបប្រដាល់គុនខ្មែរអន្តរជាតិហើយ គឺតាមពិតខ្ញុំចាកចេញជាងមួយខែមុន។ ខ្ញុំជឿថា វាដល់ពេលហើយ ដើម្បីស្វែងរកឱកាសថ្មីៗ និងស្វែងរកបញ្ហាប្រឈមថ្មីៗ នៅកន្លែងផ្សេង។ បច្ចុប្បន្ននេះ ខ្ញុំបើកចំហ ដើម្បីបង្កើតភាពជាដៃគូថ្មី ហើយខ្ញុំទន្ទឹងរង់ចាំយ៉ាងអន្ទះសាក្នុងការស្វែងរកគម្រោង និងបុគ្គលផ្សេងទៀត ដែលខ្ញុំអាចសហការជាមួយ ដើម្បីឱ្យសិល្បៈក្បាច់គុនរបស់យើងរីកចម្រើន!»។
ចំណែកភាគីក្លិបប្រដាល់គុនខ្មែរអន្តរជាតិ (Kun Khmer International Fighters) នៅមិនទាន់បានប្រកាសពីការចែកផ្លូវការជាមួយ Thiago ជាផ្លូវការនៅឡើយទេ ហើយថ្មីៗនេះ ក្លិបមួយនេះ ក៏ទើបទទួលបានជោគជ័យ ក្នុងការនាំយកកីឡាករ សុខ ធី មកប្រទេសថៃ ដើម្បីចូលរួមផងដែរ។
ទោះបីជាយ៉ាងណា សម្រាប់អ្នកគាំទ្រវិស័យកីឡាប្រដាល់នៅកម្ពុជា បានកើតចិត្តអាណិតដល់ Thiago ដែលស៊ូបោះបង់ក្លិបប្រដាល់របស់ខ្លួន នៅប្រទេសថៃ ដើម្បីមកចាប់អាជីពប្រដាល់នៅលើទឹកដីកម្ពុជា ទៅតាមក្តីស្រមៃរបស់ខ្លួន ក៏ព្រោះតែ Thiago ចង់រួមចំណែកជួយផ្សព្វផ្សាយក្បាច់គុនបុរាណ មានអាយុកាលរាប់ពាន់ឆ្នាំមួយនេះ ឱ្យកាន់តែមានឈ្មោះបោះសំឡេង ។ជាមួយគ្នានេះ Thiago និងប្រពន្ធ ក៏បានចាត់ទុកកម្ពុជា ជាផ្ទះរបស់ពួកគេផងដែរ ដោយពេលនេះអ្នកទាំង២ កំពុងរៀនភាសាខ្មែរ។
លោកគ្រូ ស៊ន អេលីត ស្ថាបនិកកម្មវិធីគុនខ្មែរអលស្តារ ដែលទើបតែនាំយកព្រឹត្តិការណ៍នេះទៅរៀបចំនៅប្រទេសបារាំងនោះ ក៏បានបង្ហាញអារម្មណ៍អាណិតដល់ Thiago ផងដែរ។ លោកបានចែករំលែក ពីការប្រកាសដំណឹងរបស់ Thiago រួចបានសរសេរបង្ហោះបន្តបែបនេះថា៖«សម្រាប់ខ្ញុំ មិនចង់និយាយច្រើនទេ គ្រាន់តែមានអារម្មណ៍ថា អាណិតគាត់ខ្លាំងណាស់ ហើយក៏សង្ឃឹមថា គាត់នឹងអាចរកទ្រនំថ្មីល្អ សម្រាប់គាត់ទៅចុះ»។
ជាមួយគ្នានេះ គ្រូបង្វឹកជម្រើសជាតិ សេន ប៊ុនថេន ដែលមានក្លិបផ្ទាល់ខ្លួនដែរនោះ បានបង្ហោះសារដ៏គួរឱ្យចាប់អារម្មណ៍មួយទៅកាន់ Thiago បែបនេះដែរថា៖ «រិទ្ធីគុន អ្នកត្រូវចាំ ចាប់តាំងពីអ្នកសម្រេចចិត្តឈានជើងចូលមករស់នៅលើទឹកដីប្រទេសកម្ពុជា ខ្ញុំមិនបានទុកអ្នកជាមិត្តខ្ញុំទេ តែខ្ញុំបានចាត់ទុកអ្នកជាគ្រួសាររបស់ខ្ញុំបាត់ទៅហើយ... កុំគិតច្រើន! តោះយើងកាន់ដៃគ្នាដើរបន្តទៀត»៕