ភ្នំពេញ: និស្សិត​កម្ពុជា​ចំនួន ១៩ ​នាក់ បានទទួល​​​អាហារូបករណ៍​បន្ដ​ការ​សិក្សា​នៅ​​​ប្រទេស​ឥណ្ឌូនេស៊ី ដែល​កម្មវិធីនេះ​ ត្រូវបាន​រៀបចំ​​ឡើង​នៅ​ស្ថានទូត​ឥណ្ឌូនេស៊ី នៅ​​រាជធានី​​ភ្នំពេញកាលពី​ថ្ងៃ​ពុធ ទី​២៦ ខែកក្កដា​។​

​អ្នកដែល​បានទទួល​អាហារូបករណ៍​ពី​គម្រោង​ភាព​ជា​ដៃគូ​​ប្រទេស​កំពុងអភិវឌ្ឍន៍ (KNB) Darmasiswa និង Padang State University (UNP) ​​នឹង​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រនិង​បរិញ្ញាបត្រជាន់​ខ្ពស់ ​ដល់​ថ្នាក់បណ្ឌិត​នៅក្នុង​មុខវិជ្ជា​ផ្សេងៗ ​នៅ​ទូទាំង​សាកល​វិទ្យាល័យ​ល្បីៗ​ របស់​ប្រទេស​ឥណ្ឌូនេស៊ី​។​

​លោកស្រី Lauti Nia Astri ភារធារី​ទទួលបន្ទុក​បណ្តោះអាសន្ន​នៃ​ស្ថានទូត​ឥណ្ឌូនេស៊ី​ ប្រចាំ​​រាជធានី​​ភ្នំពេញ​បាន​​ថ្លែង​ថា៖​«​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​គឺជា​ការផ្តោត​សំខាន់​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ឥណ្ឌូនេស៊ី និង​កម្ពុជា​»​។​

​លោកស្រី​បាន​គូសបញ្ជាក់​ពី​តួនាទី​របស់ខ្លួន​ ក្នុងការ​បង្កើត​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ ទូលំទូលាយនិង​យូរអង្វែង​ក្នុង​វិស័យ​ផ្សេងៗ​។ ជាងនេះទៅទៀត កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ចំណេះ​ដឹង និង​វប្បធម៌​ឥណ្ឌូនេស៊ី​ក្នុងប្រទេស​កម្ពុ​ជាទន្ទឹមនឹង​ការពង្រឹង​សមត្ថភាព​បង្រៀន និង​រៀន ​ដែលជា​ផ្នែក​មួយ​នៃ​ការ​ទូត​​សាធារណៈ ការទូត​អំណាច​ទន់ និង​ការពង្រឹង​មុខមាត់​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​​។​

​លោកស្រី ​Nia Astri​ បាន​ឱ្យ​ដឹង​ថា៖​«​​មាន​សារៈសំខាន់​ដូចគ្នា​គឺ​ការអប់រំនិង​ការ​អភិវឌ្ឍ​​ធនធានមនុស្ស​របស់​ក​ម្ពុ​ជាដែល​ត្រូវបាន​ផ្តល់​តាមរយៈ​អាហារូបករណ៍ ហើយ​ដើរតួ​ជាការ​វិនិយោគ​ត្រឡប់មកវិញ​សម្រាប់​ប្រទេស​ឥណ្ឌូនេស៊ី»។​

​លោកស្រី​​ភារធារី​បាន​ជូនពរ​និស្សិត​កម្ពុជា​​ទាំងអស់​ឱ្យធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព និង​បាន​លើកទឹកចិត្ត​ពួកគេ​ឱ្យ​​ដើរ​កម្សាន្ដ​នៅ​​ប្រទេស​ឥណ្ឌូនេស៊ី ខណៈ​ចំណាយ​ពេលវេលា​​សិក្សា​នៅ​ទីនោះ​​។​

​​អំឡុងពេលជំនួប​នោះ ស្ថានទូត​ឥណ្ឌូនេស៊ី​ ប្រចាំ​រាជធានី​​ភ្នំពេញ ​បានបង្ហាញ​ពី​ទិដ្ឋភាព​សង្ខេប​អំពី​ប្រទេស​ឥណ្ឌូនេស៊ី និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ដ៏​យូរអង្វែង​របស់ខ្លួន​ជាមួយ​ប្រទេស​កម្ពុជា ​ដែលមាន​តាំងពី​ឆ្នាំ ១៩៥៩​។​

​បើ​យោងតាម​ស្ថានទូត​ឥណ្ឌូនេស៊ី ​ប្រចាំ​នៅ​​រាជធានី​ភ្នំពេញប្រវត្តិ​នៃ​ទំនាក់ទំនង​ការទូត រួមមាន​ព្រឹត្តិការណ៍​សំខាន់ៗ ដូចជា​ព្រះបាទ​នរោត្តម សីហនុ ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​-​អាហ្វ្រិក ក្នុង​ឆ្នាំ ១៩៥៥​។​

លើសពីនេះស្ថានទូត​បានលើកឡើង​ពី​តួនាទី​ដ៏​សំខាន់​របស់​ឥណ្ឌូនេស៊ី ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​សន្តិភាពតាមរយៈ​កិច្ចប្រជុំ​ក្រៅផ្លូវការ​ទីក្រុង​ហ្សា​ការតា (JIM) I និង II នៅ​កម្ពុជារួម​ជាមួយនឹងការ​ស្ដា​រទំនាក់ទំនង​សេដ្ឋកិច្ច​​រវាង​ប្រទេស​ទាំង២ក្រោយ​វិបត្ដិ​កូវីដ១៩​។​

​​និស្សិតដែលទទួល​អាហារូបករណ៍​បាន​សម្តែង​នូវ​ភាព​រីករាយ​នៅពេលដែល​ពួកគេ​បាន​សិក្សា​អំពី​គោលដៅ​ទេសចរណ៍​ល្បីៗ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ដូចជា Borobudur និង Bali​។​ ក្នុងចំណោម​​និស្សិត​​​ទាំងនោះកញ្ញា ម៉េង ស្រី​ម៉ី ជា​និស្សិត​វិស្វកម្ម​ឆ្នាំ​ទី៥ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​សម្ដែង​ការ​រំភើប​​ចិត្ត​ចំពោះ​ឱកាសទទួលបាន​អាហារូបករណ៍​ដែល​មិន​នឹកស្មាន​ដល់​។​

​កញ្ញាស្រី​ម៉ីត្រៀមខ្លួន​ចេញដំណើរ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​សម្រាប់​ថ្នាក់អនុបណ្ឌិត​នៅ​វិទ្យាស្ថាន Teknologi Surabaya តាមរយៈ​អាហារូបករណ៍​ផ្នែក​វិស្វកម្ម​អគ្គិសនី​។​

​​កញ្ញា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖​​«​ដោយសារ​​ខ្ញុំ​សិក្សា​ភាសា​អង់គ្លេស ​ខ្ញុំ​​​ចំណាយពេលតែ ២​ ឆ្នាំ​ ដើម្បី​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​​ផ្នែក​វិស្វកម្ម​អគ្គិសនី ខណៈ​​និស្សិត​មួយចំនួន ដែល​សិក្សា​ភាសា​ឥណ្ឌូនេស៊ី ​នឹងត្រូវ​ចំណាយពេល​បី​ឆ្នាំ​»​។​

​​កញ្ញា​បាន​និយាយថា​ កញ្ញា​​ទន្ទឹងរង់ចាំ​បទពិសោធន៍​នេះ​​យ៉ាង​អន្ទះសា​ ខណៈ​កញ្ញា​នឹង​ស្នាក់​នៅក្នុង​អន្តេវាសិកដ្ឋាន​សាកល​វិទ្យាល័យ​អំឡុងពេល​ស្នាក់នៅ​។​

​សាកលវិទ្យាល័យ​ទាំងនេះ​រួមមាន​សាកលវិទ្យាល័យ​ឥណ្ឌូនេស៊ី (១នាក់​-KNB), សាកលវិទ្យាល័យGadjahMada (១នាក់​-KNB), SepuluhNopember Institute of Technology (៦នាក់​-KNB), សាកលវិទ្យាល័យ Padang State (៩នាក់​), សាកលវិទ្យាល័យMuhammadiyah Malang (១នាក់​-Darmasiswa) និង​វិទ្យាល័យ​ទេសចរណ៍Trisakti (១នាក់​-Darmasiswa)។​

​ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​រាជធានី​​ភ្នំពេញ​បានបង្ហាញ​ពី​ក្តីសង្ឃឹម​​ថា ​​​និស្សិត​ទទួល​អាហារូបករណ៍​ទាំងអស់​អាច​សិក្សា​ស្វែងយល់បាន​កាន់តែច្រើនអំពី​ប្រទេស​ឥណ្ឌូនេស៊ីហើយ​ត្រឡប់មក​កម្ពុជា​វិញ​ជាមួយនឹង​ចំណេះ​ជំនាញ​ដែល​អាចជួយ​ដល់​ការអភិវឌ្ឍ​សង្គមជាតិ​កម្ពុ​ជានា​ថ្ងៃ​អនាគត​។​

​​កម្មវិធី​អាហារូបករណ៍​នេះ​បម្រើ​ជា​ឱកាស​សម្រាប់​និស្សិត​កម្ពុជា​ក្នុងការ​ពង្រីក​ការយល់ដឹង​និង​លើកកម្ពស់​មិត្តភាព​យូរ​អង្វែង​​រវាង​ឥណ្ឌូនេស៊ីនិង​កម្ពុជា៕​