ភ្នំពេញៈ លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថាកម្ពុជា-អង់គ្លេស មានទំនាក់ទំនងការទូតជាមួយគ្នាជាង ៧០ ឆ្នាំ មកហើយ ហើយលោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការនឹងបន្តឱ្យកាន់តែល្អប្រសើរថែមទៀត។
លោកបានលើកឡើងដូចនេះក្នុងជំនួបជាមួយនឹងនាយការិយាល័យសេនានុព័ន្ធអង់គ្លេស ប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅប្រទេសសិង្ហបុរី លោកវរសេនីយ៍ជេមមី មូរ៉េចូលជួបជម្រាបលា និងបង្ហាញមុខនាយការិយាល័យសេនានុព័ន្ធថ្មី នាថ្ងៃទី ២៧ ខែកក្កដា នៅអគ្គបញ្ជាការដ្ឋាន។
តាមរយៈគេហទំព័រកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន បានលើកឡើងថា ទំនាក់ទំនងការទូតនៃប្រទេសទាំង ២ កម្ពុជា-អង់គ្លេស មានជាង ៧០ ឆ្នាំ មកហើយ ដែលកន្លងមកនេះ អង់គ្លេស បានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្ពុជា ផ្ដល់ហិរញ្ញប្បទាន ដើម្បីចូលរួមអភិរក្សព្រៃ និងធនធានធម្មជាតិ និងបន្តផ្តល់អាហារូបករណ៍ ដល់ការដោះមីន មនុស្សធម៌រហូតគ្រាប់មីនចុងក្រោយត្រូវបានសម្អាតពីប្រទេសកម្ពុជាផងដែរ»។
លោកបានថ្លែងថា៖«លើកិច្ចសហប្រតិបត្តិការលើវិស័យយោធា អង់គ្លេសបានផ្តល់អាហារូបករណ៍ដល់កងយោធពលខេមរភូមិន្ទបានទៅហ្វឹកហ្វឺននៅសាលារាជបណ្ឌិត្យសភាយោធាអង់គ្លេស បានដាក់ស្ថានសេនានុព័ន្ធអង់គ្លេសប្រចាំកម្ពុជានៅសិង្ហបុរីព្រមទាំងបង្កើនកិច្ចទំនាក់ទំនង នៅក្នុងការផ្លាស់ប្ដូរព័ត៌មានសន្តិសុខ និងការបង្ក្រាបបទល្មើសឆ្លងដែនជាដើម»។
នាឱកាសនោះ លោក វង្ស ពិសេន ក៏បានរំលេចឡើងផងដែរ ពីសភាពការណ៍នៅកម្ពុជា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជារក្សាបានរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ ការគ្រប់គ្រងបានជំងឺកូវីដ១៩។
លោកថា ៖ «កត្តាទាំងនេះបានធ្វើឱ្យកម្ពុជាទទួលជោគជ័យជាបន្តបន្ទាប់ ជាពិសេស ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាប្រធានអាស៊ានប្តូរវេននាឆ្នាំ២០២២ ការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការបោះឆ្នោតថ្នាក់ជាតិ ប្រកបដោយសេរី យុត្តិធម៌ ផងដែរ»។
ក្នុងជំនួបជម្រាបលា និងបង្ហាញមុខនាយការិយាល័យសេនានុព័ន្ធអង់គ្លេសថ្មីនោះដែរ លោក វង្ស ពិសេន ក៏បង្ហាញពីសង្ឃឹមផងដែរថា តាមរយៈនាយការិយាល័យសេនានុព័ន្ធអង់គ្លេសថ្មីប្រចាំកម្ពុជា លោក អេឌី ម៉ាស់ខែល ភីតដឺសិន នឹងបន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំង ២ ឱ្យកាន់តែល្អប្រសើរថែមទៀត។
ជាការឆ្លើយតប លោក ជេមមី មូរ៉េ ក៏បានថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ដែលបានអនុញ្ញាតឱ្យរូបលោកទាំង ២ បានចូលជួបសម្តែងការគួរសម និងបានគាំទ្រចំពោះការលើកឡើងរបស់នាយឧត្តមសេនីយ៍ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ កម្ពុជា-អង់គ្លេស នាពេលកន្លងមក។
តាមរយៈកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ លោក ជេមមី មូរ៉េ បានលើកឡើងដែរថា៖ «ដើម្បីបង្កើតនូវទំនាក់ទំនងរវាងកងទ័ពប្រទេសទាំង ២ លោកស្នើសុំការអញ្ជើញនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ទៅបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស និងចូលរួមក្នុងពិធីបិទវគ្គសិក្សា ដែលមាននិស្សិតកងយោធពលខេមរភូមិន្ទនៅទីនោះផងដែរ នៅក្នុងខែធ្នូ ឆ្នាំ ២០២៣ ខាងមុខ»។
ក្នុងឱកាសនោះ លោក ជេមមី មូរ៉េ ក៏បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានគាំទ្រអង់គ្លេសឱ្យចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងបានសន្យាបន្តកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាសហប្រតិបត្តិការនៅតំបន់អាស៊ី៕