ភ្នំពេញៈ ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចដាក់ពិន័យឱ្យបង់ប្រាក់ពី ១០ ទៅ ១៥ លានរៀល លុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត និងដកហូតសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ចំពោះពលរដ្ឋ ៤ រូប តាមកម្មវត្ថុប្តឹងតវ៉ាជំទាស់នឹងសេចក្តីសម្រេច របស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញសន្លឹកឆ្នោត។
ការសម្រេចនេះធ្វើឡើង ក្នុងកិច្ចជំនុំជម្រះលើបណ្ដឹង នៃសំណុំរឿងលេខ ០០១ ០០២ ០០៣ ០០៤ និងលេខ ០០៥ នាព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការ គ .ជ.ប ដែលដឹកនាំដោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប បានឱ្យដឹងក្រោយកិច្ចជំនុំជម្រះនេះថា សំណុំរឿង៥នេះ មានការដាក់បណ្តឹងដំបូងគឺធ្វើនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ក្រោយផ្សះផ្សាមិនសះជា គឺបានប្តឹងបន្តមកគណៈកម្មការខេត្តរៀបចំការបោះឆ្នោត។ លោកបន្តថា ជានីតិវិធីគណៈកម្មការខេត្តរៀបចំការបោះឆ្នោតមានសិទ្ធិបង្កើតគណៈកម្មការក្នុងការស្រាវជ្រាវ ហេតុនេះបន្ទាប់ពីស៊ើបអង្កេត និងការស្រាវជ្រាវរួច សវនាការរបស់គណៈកម្មការខេត្តរៀបចំការបោះឆ្នោតបានសម្រេចរួចហើយចំពោះការដាក់ពិន័យចំពោះអ្នកពាក់ព័ន្ធ។
លោកថ្លែងថា៖«អង្គសវនាការនៃ គជប សម្រេចតម្កល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទុកជាបានការ។ មានន័យថា នៅតែរក្សាការដាក់ពិន័យបង់ប្រាក់ក្នុងនោះពី ១០ ទៅ ១៥លានរៀល ពិន័យត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត និងមានការដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតនៅពេលបន្តទៀត»។
បើតាមលោក ហង្ស ពុទ្ធា ក្រោយការសម្រេចនៃអង្គសវនាការថ្ងៃទី២៧ ខែកក្កដា យ៉ាងយូរ៧២ម៉ោង សាមីខ្លួនពាក់ព័ន្ធអាចប្តឹងបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយយ៉ាងយូរបំផុត ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកការដោះស្រាយជាសេចក្តីសម្រេចបិទផ្លូវតវ៉ាយ៉ាងយូរ១០ថ្ងៃ។
លោក សោម សូរីដា អគ្គលេខាធិការរង គជប បានឱ្យដឹងថា ៥សំណុំរឿងនេះមាន ២បណ្តឹងប្តឹងតមកពីខេត្តប៉ៃលិន ពាក់ព័ន្ធនឹងមនុស្ស២នាក់ ចំណែកនៅបណ្តឹងមកពីត្បូងឃ្មុំ ២បណ្តឹង ពាក់ព័ន្ធមនុស្សតែម្នាក់ទេ ដោយឡែកបណ្តឹងមកពីកំពង់ចាមមាន១សំណុំរឿងពាក់ព័ន្ធនឹងមនុស្សម្នាក់។ លោកបញ្ជាក់ថា នៅក្នុងសវនាការព្រឹកថ្ងៃទី២៧ ខែកក្កដានេះ មានអ្នកទៅបង្ហាញខ្លួន ២នាក់ មកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
លោក លី ម៉េងហ៊ង ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ដែលបានទៅបង្ហាញខ្លួនក្នុងសវនាការព្រឹកថ្ងៃទី២៧ ខែកក្កដា បានឱ្យដឹងថា លោកត្រូវបានជាប់ពាក់ព័ន្ធក្នុងបណ្តឹង នៃសំណុំរឿង ០០១ ដោយសារលោកបានថតបង្ហោះគំរូសន្លឹកឆ្នោតដោយប្រើប្រាស់ត្រឹមតែសិទ្ធរបស់លោកជាពលរដ្ឋប៉ុណ្ណោះ ហើយមិនបានណែនាំពលរដ្ឋណា ឱ្យធ្វើតាមលោកឡើយ។
លោកថ្លែងថា៖«នេះជារឿងអយុត្តិធម៌សម្រាប់ខ្ញុំ ព្រោះថា ប្រជាពលរដ្ឋមានសិទ្ធិ ប៉ុន្តែខ្ញុំនិយាយក្នុងផុសហ្នឹងតែពីសិទ្ធិសេរីភាព របស់ខ្ញុំទេ អត់បានទៅណែនាំពលរដ្ឋណាម្នាក់ឱ្យធ្វើតាមទេ សូម្បីតែអ្នកដែលចូលមកផ្ទះខ្ញុំរាល់ថ្ងៃ ក៏ខ្ញុំមិនដែលប្រាប់ឱ្យគាត់គូសខ្វែងសន្លឹកឆ្នោតទេ»។
លោក យ៉ាន សុខឃឿន ជាគ្រូបង្រៀនម្នាក់នៅខេត្តត្បូងឃ្មុំ ដែលមកបង្ហាញខ្លួនក្នុងសវនាការនោះដែរ បានលើកឡើងថា ការធ្វើរបស់លោកក្នុងនាមជាពលរដ្ឋនៅតែត្រឹមត្រូវ ព្រោះការចែករំលែកបន្តវីដេអូរតាមបណ្តាញសង្គមហ្វេសប៊ុក ពលរដ្ឋអាចធ្វើការចែករំលែកបាន។
លោកថ្លែងថា៖«វីដេអូដែលខ្ញុំ share គឺទាក់ទងនឹងរឿងចង្កឹះ១បាច់ ខ្ញុំគ្រាន់តែ share ទេ តែខ្ញុំមិនបានសរសេរអីបន្ថែមទេ តែក្នុងវីដេអូហ្នឹង គេដាក់ទាក់ទងនឹងរបបផ្តាច់ការ និងរូបសន្លឹកឆ្នោតខ្វែង។ ដោយសារខ្ញុំ share ពេលយប់ ហើយខ្ញុំអត់បានមើលល្អិតល្អន់ដែរ ខ្ញុំស្តាប់តែចម្រៀងដែលនិយាយពីចង្កឹះ១បាច់ ខ្ញុំគិតថា share ទៅដើម្បីយកទុកបើកឱ្យក្មេងស្តាប់ ព្រោះពាក់ព័ន្ធការអប់រំ»៕