ខេត្តស្ទឹងត្រែងៈ មន្ត្រីឧទ្យានុរក្សចំនួន ៣០ នាក់ ទទួលការបណ្តុះបណ្តាលតម្រង់ទិសរយៈពេល ២ ថ្ងៃស្តីពីបទល្មើសពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការគ្រប់គ្រងធនធានធម្មជាតិ «ទោសប្បញ្ញត្តិក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ»។
វគ្គបណ្តុះបណ្តាលនេះបានចាប់ផ្តើមនាថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែកក្កដានៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ដែលដឹកនាំដោយ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត និងលោកស៊ូ សុន្ទរ៉ា អនុប្រធាននាយកដ្ឋាន អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន និងជាគ្រូឧទ្ទេស។ នេះបើយោងតាមមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង។
គោលបំណង នៃវគ្គបណ្តុះបណ្តាល គឺ ពង្រឹងសមត្ថភាពដល់មន្ត្រីឧទ្យានុរក្សដែលបានបណ្តុះបណ្តាលដោយគម្រោង SNRM ដើម្បីផ្សព្វផ្សាយក្រមបរិស្ថាន និងធនធានធម្មជាតិ ដល់សមាជិកសហគមន៍តំបន់ការពារធម្មជាតិអាចគ្រប់គ្រងធនធានធម្មជាតិក្នុងសហគមន៍តំបន់ការពារធម្មជាតិរបស់ខ្លួនប្រកបដោយនិរន្តរភាព។
សិក្ខាកាមជាមន្ត្រីឧទ្យានុរក្សចំនួន៣០នាក់នោះគឺមកពីដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃសៀមប៉ាង តំបន់រ៉ាមសារ ឧទ្យានជាតិវីរៈជ័យ ឧទ្យានជាតិវើនសៃ សៀមប៉ាង។ វគ្គបណ្តុះបណ្តាលនេះមានការ សហការគាំទ្រដោយគម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាពនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ (SNRM_JICA)៕