តាកែវៈ លោក អ៊ូច ភា អភិបាល ខេត្តតាកែវ បានលើកឡើងថា ការប្រើប្រាស់គណនេយ្យភាពសង្គម អាចបង្កើនប្រសិទ្ធភាពសង្គម ធ្វើឱ្យសេវាសាធារណៈបម្រើដល់ប្រជាពលរដ្ឋបានកាន់តែប្រសើរ និងបង្កើនការផ្ដល់ភាពអង់អាចដល់ប្រជាពលរដ្ឋរបស់យើងបានផងដែរ។
ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំង ស្ដីពីវឌ្ឍនភាព នៃការអនុវត្តការងារគណនេយ្យភាពសង្គមរបស់រដ្ឋបាលខេត្តប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងទិសដៅការងារបន្ត។ នេះបើយោងតាមក្រសួងមហាផ្ទៃនាថ្ងៃទី២៨ ខែកក្កដានេះ។
លោកអភិបាលខេត្តបានបញ្ជាក់បន្ថែមថា គណនេយ្យភាពសង្គម គឺជាកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណង ដើម្បីផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
លើសពីនោះ គណនេយ្យភាពសង្គមបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ និងតំណាងរបស់ខ្លួនអាចការពារនូវផលប្រយោជន៍របស់ខ្លួន និងពិនិត្យតាមដានលើការបំពេញការងាររបស់ក្រុមប្រឹក្សា មន្ត្រីរដ្ឋបាល និងអ្នកផ្តល់សេវាកម្មនានាដែលជាអ្នកអនុវត្តសេចក្តីសម្រេចចិត្តទាំងឡាយពាក់ព័ន្ធនឹងសិទ្ធិបទប្បញ្ញត្តិ ធនធាន និងការផ្តល់សេវាកម្មនៅមូលដ្ឋានផងដែរ។
យោងតាមលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ. ប NCDDS) បានឱ្យដឹងថា ផែនការយុទ្ធសាស្ត្រស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិបានអនុម័តដោយ គ.ជ.អ.ប.បានដាក់ចេញឱ្យអនុវត្តនូវយុទ្ធសាស្ត្រចំនួន ៥ ដើម្បីសម្រេចបានគោលបំណងរួមគឺលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ពង្រឹងគុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន។
យុទ្ធសាស្ត្រចំនួន ៥ ទាំងនេះមានដូចជា៖ យុទ្ធសាស្ត្រទី១ ព័ត៌មាន យុទ្ធសាស្ត្រទី២ ការត្រួតពិនិត្យតាមដាន យុទ្ធសាស្ត្រទី៣ ការងារថវិកា យុទ្ធសាស្ត្រទី៤ ការសម្របសម្រួលការចូលរួម និងយុទ្ធសាស្ត្រទី៥ គឺ ការសិក្សារៀនសូត្រនិងស្វែងយល់។
គ.ជ.អ.ប គឺជាយន្តការអន្តរក្រសួងសម្រាប់ការលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យតាមរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា៕