មណ្ឌលគិរីៈ ​រដ្ឋបាល​ក្រុងសែនមនោរម្យ​ ព្រមាន​ចាត់វិធានការ​ចុះចាប់​សត្វពាហនៈ​របស់​ប្រជាពលរដ្ឋ​ណា ដែលបន្ត​លែងចោល​ដើររហេតរហូត​ពាសវាល​ពាសកាល ដើម្បី​ធ្វើកិច្ចសន្យា​និងផាក​ពិន័យ​ចាប់ពី​ថ្ងៃទី៧ ខែសីហា ខាងមុខ​នេះ។

រដ្ឋបាល​ក្រុងសែនមនោរម្យ​ នាថ្ងៃ​ទី២៨​ ខែកក្កដា បានជូនដំណឹង​ប្រជាពលរដ្ឋ ដែលចិញ្ចឹម​សត្វពាហនៈ (គោ ក្របី សេះ ជ្រូក ពពែ...) នៅក្នុង​ទីប្រជុំជន​ក្រុង​សែនមនោរម្យ​ថា កន្លងមក​រដ្ឋបាល​ក្រុង បាន​សង្កេតឃើញ​ថា សត្វគោ ក្របី សេះ ជ្រូក ពពែ ជាដើម​ត្រូវបានលែងចោល​ដើររហេតរហូត ពាសវាល​ពាសកាល​តាមដងផ្លូវ​និងទីសាធារណៈ​ក្នុង​ទីប្រជុំជន បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និងស៊ី​ដំណាំ​របស់​ប្រជាពលរដ្ឋ​ផ្សេងទៀត ហើយធ្វើ​ឱ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​របៀប​រៀបរយ ​អនាម័យ បរិស្ថាន និង​សោភ័ណភាព​នៅក្នុង​ក្រុង។

ដើម្បីរួមចំណែក​ក្នុងការបង្ការ​គ្រោះថ្នាក់​ចរាចរ​លើ​ផ្លូវ​សាធារណៈដោយសារ​សត្វពាហនៈ និង ចូលរួម​ថែរក្សា​សណ្តាប់ធ្នាប់ របៀប​រៀបរយ លើកកម្ពស់​អនាម័យ បរិស្ថាន សោភ័ណភាព​តាមដងផ្លូវ​និងទីសាធារណៈ​នៅក្នុងទី​ប្រជុំជន​ក្រុង រដ្ឋបាល​ក្រុង បាន​ស្នើ ប្រជាពលរដ្ឋ ដែល​ចិញ្ចឹម​សត្វពាហនៈ​ទាំងនោះ ត្រូវ​ចិញ្ចឹម​ក្នុងទ្រុង ឬក្រោល​ឱ្យ​បានត្រឹមត្រូវ និងហាម​ព្រលែង​ដើររហេតរហូត​ពាសវាល​ពាសកាល​តាមដងផ្លូវ​និងទីសាធារណៈ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ សាធារណៈ និងស៊ីដំណាំ​របស់​បងប្អូន​ប្រជាពលរដ្ឋ។

រដ្ឋបាល​ក្រុង​បានទុក​រយៈពេល ១០ ថ្ងៃ ដោយគិតចាប់​ពីថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដល់​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ដើម្បី​ឱ្យ​ចិញ្ចឹម​សត្វពាហនៈ​ក្នុងទី​ប្រជុំជន​ក្រុង​អនុវត្ត​តាមការរៀបរាប់​ខាងលើ​នេះ។

រដ្ឋបាល​ក្រុង​បានបញ្ជាក់​ថា៖«ចាប់ពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាល​ក្រុង នឹងមាន​វិធានការ​ចុះចាប់ និងប្រមូល​សត្វ ពាហនៈ (គោ ក្របី សេះ ជ្រូក ពពែ...) របស់​លោក លោកស្រី ដែលលែងចោល​ដើររហេតរហូត​ពាសវាលពាសកាល ព្រមទាំង​ធ្វើកិច្ចសន្យា​និងផាក​ពិន័យ​តាមការកំណត់​ដោយ​ដីកា​របស់​រដ្ឋបាល​ក្រុង។

ការជូនដំណឹង​នេះ​គឺធ្វើ​ឡើង​ដោយ​យោងទៅ​តាម​ច្បាប់​ស្តី​ពីចរាចរណ៍​ផ្លូវគោក ជំពូក​ទី៥ មាត្រា​៣៣ ចុះថ្ងៃ​ទី២៦ ខែមករា ឆ្នាំ២០១៧ និងស្មារតី​នៃកិច្ចប្រជុំ​សាមញ្ញ​លើក​ទី៥០ ឆ្នាំទី៥ អាណត្តិទី៣ របស់​ក្រុម​ប្រឹក្សា​ក្រុង នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣៕​