ភ្នំពេញៈ ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៣ នេះ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ និងព្យាបាលកុមារសរុបប្រមាណ ៥០ ម៉ឺននាក់ ដែលក្នុងនោះកុមារឈឺធ្ងន់ៗប្រមាណ ៩ ម៉ឺននាក់ ត្រូវបានទទួលឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលចំនួននៃការសម្រាកព្យាបាលនេះមានការកើនឡើងជាង ១០០ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាពីឆ្នាំមុន។ នេះបើតាមរបាយការណ៍សង្ខេប សកម្មភាពការងារក្នុងរយៈពេល ៦ ខែរបស់មន្ទីរពេទ្យគន្ធបុប្ផា។
របាយការណ៍បន្តថា ក្នុងចំណោមកុមារ ៥០ ម៉ឺននាក់នោះមានកុមារឈឺចំនួន ៣៩២ ០៣៤ នាក់ ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ដែលកើន ៥២% ច្រើនជាងឆ្នាំ ២០២២។ ក្នុងនោះកុមារមានជំងឺធ្ងន់ៗចំនួន ៨៨ ៩៣០ នាក់ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ កើន ១០៨% ច្រើនជាងឆ្នាំ ២០២២ ក្នុងនោះដែរមានកុមារចំនួន ១ ៣២៦ នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
របាយការណ៍បន្ថែមថា៖ «ក្រៅពីនេះ មានកុមារចំនួន ១២ ៧៤៧ នាក់ បានទទួលការវះកាត់ហើយក្នុងនោះ វះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផាសៀមរាប និងភ្នំពេញបានចំនួន ៤៥៧ នាក់»។
ជុំវិញករណីនេះ លោក គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ប្រាប់ឱ្យដឹងនៅថ្ងៃទី ២៧ ខែកក្កដាថា ក្នុងចំណោមកុមារដែលមកទទួលការព្យាបាល និងពិគ្រោះយោបល់ទាំងនោះ កុមារមានជំងឺរលាកផ្លូវដង្ហើម ទារកកើតមិនគ្រប់ខែ និងកើតមកមិនប្រក្រតី ជំងឺឆ្លងផ្សេងៗប្រចាំរដូវ ជំងឺវះកាត់ផ្សេងៗជំងឺគ្រុនឈាមជំងឺរលាកខួរ និងស្រោមខួរក្បាលជំងឺបេះដូងពីកំណើត គ្រោះថ្នាក់ចរាចរណ៍ និងផ្សេងៗ។
ជាមួយគ្នានេះលោកបានអំពាវនាវដល់អាណាព្យាបាលទាំងអស់ យកចិត្តទុកដាក់ថែរក្សាកូនចៅដោយត្រូវរស់នៅស្អាត និងមានអនាម័យ និងចូលរួមទាំងអស់គ្នា ពិសេសលុបបំបាត់ជម្រកមូសខ្លាដើម្បីការពារជំងឺគ្រុនឈាម។ លោកថា៖«អាណាព្យាបាល ត្រូវស្វែងរកការពិគ្រោះព្យាបាលជំងឺ ជាមួយគ្រូពេទ្យមានជំនាញវិជ្ជាជីវៈពេលកូនចៅមានជំងឺតម្កាត់។ កុំស្វែងរកទិញថ្នាំព្យាបាលកូនចៅដោយខ្លួនឯង តែត្រូវស្វែងរកការព្យាបាលមួយត្រឹមត្រូវ នៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកជាដើម»។
បើតាមរបាយការណ៍ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) មានគ្រែអ្នកជំងឺប្រមាណ ២ ២០០ គ្រែ ដោយក្នុង ១ ថ្ងៃ មានកុមារជាមធ្យមប្រមាណជាង ៣ ០០០ នាក់ មកពិគ្រោះពិនិត្យព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ ក្នុងនោះនៅភ្នំពេញប្រមាណ ២ ០០០ នាក់ សៀមរាបប្រមាណ ១ ២០០ នាក់។
ក្នុង ១ ថ្ងៃ មានកុមារ ដែលមានជំងឺធ្ងន់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៥០០ នាក់ ហើយជារៀងរាល់ថ្ងៃ មានកុមារកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ជាមធ្យម ២ ០០០ នាក់ ក្នុងនោះកុមារប្រមាណ ៥០០ នាក់ ត្រូវបានសម្រាកផ្នែកសង្គ្រោះបន្ទាន់។
របាយការណ៍បញ្ជាក់ទៀតថា ក្នុង ១ ថ្ងៃ មានកុមារចំនួនប្រមាណ ៨០ នាក់ ត្រូវបានទទួលការវះកាត់ ក្នុងនោះកុមារជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ៗ វះកាត់ជំងឺសួត វះកាត់ប្រព័ន្ធរំលាយអាហារ វះកាត់ប្រព័ន្ធប្រសាទខួរក្បាល វះកាត់កែតម្រូវផ្នែកទារកកើតមកមិនប្រក្រតី និងវះកាត់បេះដូង។ រីឯជំងឺកុមារទូទៅមាន៦០% ជាជំងឺឆ្លងបង្កឡើងដោយពួកបាក់តេរី និងវីរុសផ្សេងៗ។
របាយការណ៍ថា៖ «ក្នុងរដូវវស្សា ធ្លាក់ភ្លៀងច្រើន ករណីជំងឺគ្រុនឈាម និងជំងឺរលាកប្រព័ន្ធផ្លូវដង្ហើមពិសេសជំងឺរលាកសួតលើកុមារតូចៗអាចមានហានិភ័យគំរាមកំហែងដល់អាយុជីវិតកុមារ»៕