ភ្នំពេញៈ សាលាជំនាន់ថ្មីត្រូវបានក្រសួងអប់រំ យុវជន និងកីឡាបង្កើតជាគោលនយោបាយតាំងពីឆ្នាំ ២០១៦ មកហើយរហូតទល់បច្ចុប្បន្នមាន ១១ សាលានៅរាជធានី-ខេត្ត។ ជាទូទៅសិស្សដែលបានសិក្សានៅសាលាជំនាន់ថ្មី បើទោះជាសាលារដ្ឋក្តី តែមានលក្ខខណ្ឌបង់ថ្លៃសិក្សារៀនទាំងព្រឹកល្ងាច និងមានបន្ទប់ពិសោធន៍ជាក់ស្តែងតែម្តង។
លោក ឆុំ សុភក្តិ នាយកសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រែកលៀបបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចំពោះសិស្សដែលចូលរៀននៅសាលាជំនាន់ថ្មីនេះមានចាប់ពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ១២ ហើយសាលាតម្រូវឱ្យរៀនទាំងព្រឹកល្ងាច និងមានបន្ទប់ពិសោធន៍ជាក់ស្តែង។ សម្រាប់គោលនយោបាយរបស់កម្មវិធីសាលារៀនជំនាន់ថ្មីគឺក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកគាំទ្រ។ ការដាក់កម្មវិធីនេះគឺដើម្បីឱ្យសាលាបង្ហាញពីលទ្ធផលឬក៏គុណភាពបង្រៀនដល់សហគមន៍ឱ្យមើលឃើញពីគុណតម្លៃនៃការបង្រៀន។
លោកបានបន្តថា ចំពោះសិស្សរៀននៅសាលាជំនាន់ថ្មីគឺក្នុងបន្ទប់នីមួយៗមានកំណត់ចំនួនសិស្សដែលមិនអាចផ្ទុកសិស្សដូចសាលាទូទៅទេពោល គឺក្នុង ១ ថ្នាក់ដាក់សិស្សតែចន្លោះពី ៣២ ទៅ ៣៦ នាក់ប៉ុណ្ណោះ។ អ៊ីចឹងក្នុង ១ ឆ្នាំៗសាលាជំនាន់ថ្មីព្រែកលៀបមានចំនួនកំណត់។ ដូច្នេះប្រសិនបើសិស្សដាក់ពាក្យចូលរៀនលើសកំណត់របស់សាលាគឺត្រូវឆ្លងកាត់ការប្រឡងដើម្បីបំពេញតម្រូវការសាលាតែប៉ុណ្ណឹង។
លោកបានថ្លែងថា៖ «ប៉ុន្តែយើងមិនបានផ្តោតថាគាត់ពូកែឬមិនពូកែទេ។តែយ៉ាងហោចណាស់យើងបានដឹងពីសមត្ថភាពរបស់ពួកគាត់ម្នាក់ៗដែរ។អ៊ីចឹងត្រូវតែមានការធ្វើតេស្តដូចគ្នា»។
បើតាមលោកនាយកសាលា ចំពោះសិស្សតម្រូវឱ្យគាត់រៀនពេញម៉ោងទាំងព្រឹក និងល្ងាច ហើយមិនតម្រូវឱ្យរៀនគួរបន្ថែមទេ តែមានការបង្រៀនបំប៉ន។ ក្នុងករណីសិស្សរៀនខ្សោយលើមុខវិជ្ជាណាមួយគឺត្រូវតែបង្រៀនបំប៉ន ជាពិសេសមុខវិជ្ជាខ្មែរ និងគណិតវិទ្យាដែលជាមូលដ្ឋានគ្រឹះ។ បញ្ហានេះបើលោកគ្រូ អ្នកគ្រូពិនិត្យឃើញថា សិស្សខ្វះខាតលើមុខវិជ្ជាណាមួយទើបគាត់បង្រៀនបំប៉នលើមុខវិជ្ជានោះ។
លោកបានឱ្យដឹងថា ជាទូទៅនៅក្នុងសាលាជំនាន់ថ្មីគឺឌីហ្សាញចេញមកគឺជាបន្ទប់មុខវិជ្ជាតែម្តង។ អ៊ីចឹងសម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រដែលជាមុខវិជ្ជាពិសោធន៍ត្រូវរៀបចំជាប្រភេទ[ឡាបូ]តែម្តង ហើយសម្ភារឧបករណ៍ត្រូវបានបំពាក់ទៅតាមមុខវិជ្ជានីមួយៗដើម្បីបំពេញតាមតម្រូវការស្រាវជ្រាវរបស់សិស្ស។
លោកបានបន្ថែមថា សម្រាប់កម្មវិធីរយៈពេល ៣ ឆ្នាំ ដែលក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគាំទ្រ គឺដើម្បីឱ្យសាលានីមួយៗបង្ហាញអំពីលទ្ធផលឬក៏គុណភាពរបស់សាលាទៅដល់សហគមន៍។បន្ទាប់មកមានការវាយតម្លៃពីអនុគណៈកម្មការនៃក្រុមប្រឹក្សាភិបាលថ្នាក់ជាតិហើយប្រសិនបើវាយតម្លៃជាប់គឺសាលាអាចស្វយ័តដោយខ្លួនឯង ហើយសាលាត្រូវការរកប្រភពថវិកាដើម្បីគាំទ្រដល់ដំណើរការកម្មវិធី។ ក្នុងនោះក៏បានចែងឱ្យអាណាព្យាបាលសិស្សមានកាតព្វកិច្ចចូលរួមចំណែកជាថវិកាភាគទានសម្រាប់គាំទ្រដំណើរការហ្នឹងដែរ។
ចំពោះលោកគ្រូអ្នកគ្រូវិញក្នុងគោលនយោបាយ គោលការណ៍ប្រតិបត្តិ គឺគាត់មានថវិកាឧបត្ថម្ភបន្ថែមលើថវិការដ្ឋ ដែលនេះជាការលើកទឹកចិត្តសម្រាប់គាត់។លោកសង្កត់ធ្ងន់ថា៖ «សម្រាប់នៅសាលាខ្ញុំ ក្នុង ១ ឆ្នាំ អាណាព្យាបាលរួមភាគទាន ២៦០ ដុល្លារ។ តែបើសិស្សមានបញ្ហាជីវភាព ហើយមានការស្នើសុំគោលការណ៍ អាហ្នឹងអាណាព្យាបាលត្រូវមកជួបខាងគណៈកម្មការគ្រប់គ្រងសាលារៀនដើម្បីជជែកគ្នា»។
ពាក់ព័ន្ធនឹងការបង្កើតសាលាជំនាន់ថ្មីនេះលោកមានមោទនភាពណាស់ ព្រោះវាជាកំណែទម្រង់ថ្មីមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយក៏ស្ថិតក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដូចគ្នា។ បើទោះបីជាវារាងហត់ឬពិបាកបន្តិចសម្រាប់លោកគ្រូ អ្នកគ្រូក្តី តែសម្រាប់ពួកលោកសប្បាយចិត្តនឹងធ្វើ ដោយសារតែគ្រូៗរួមទាំងលោកបានដាក់គោលដៅគឺលទ្ធផលនៃការសិក្សារបស់សិស្សបានឆ្លើយតបជាមួយធនធានមនុស្សសម្រាប់អភិវឌ្ឍប្រទេសជាតិ។
លោកបានឱ្យដឹងទៀតថា ពេលនេះសិស្សនៅក្នុងសាលាជំនាន់ថ្មីរបស់លោកអាចមានសមត្ថភាពក្នុងការចូលរួមប្រកួតប្រជែងមិនថានៅក្នុងប្រទេសឬក៏អន្តរជាតិទេ។ អ៊ីចឹងអ្វីដែលលោកសប្បាយចិត្តគឺសិស្សមានសមត្ថភាពអាចប្រកួតជាមួយគេបាន។
ម្យ៉ាងទៀតគឺសាលាបានរួមចំណែកក្នុងការផ្តល់បំណិនផ្សេងៗសម្រាប់សិស្សក្នុងសតវត្សរ៍ទី២១ សម្រាប់ជាទុនក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។ អ៊ីចឹងសិស្សគ្មានបញ្ហានៅក្នុងការប្រឈម ឬបោះបង់ការសិក្សានៅថ្នាក់ឧត្តមសិក្សាទេ។ ជាលទ្ធផលសិស្សសាលាជំនាន់ថ្មីនៃវិទ្យាល័យព្រែកលៀប កន្លងមកទទួលបានមេដាយមាស មេដាយប្រាក់ មេដាយសំរឹទ្ធិ និងបណ្ណសរសើរទៀតផងពីក្នុងការប្រកួតប្រជែងទាំងក្នុង និងនៅក្រៅប្រទេស។
ពាក់ព័ន្ធនឹងសាលាជំនាន់ថ្មីនេះដែរ លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា បច្ចុប្បន្នមានសាលារៀនចំនួន ១១ កំពុងដាក់ឱ្យអនុវត្តកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មីរួមមានទី១-សាលាបឋមសិក្សាអនុវត្តហ៊ុន សែន ក្រុងកំពង់ចាម ខេត្តកំពង់ចាម, ទី២-សាលាបឋមសិក្សាស្វាយព្រហូត ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង, ទី៣-សាលាបឋមសិក្សាអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម, ទី៤-សាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីនរោត្តម មុនីនាថ សីហនុ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ, ទី៥-វិទ្យាល័យហ៊ុន សែន កំពង់ចាម ខេត្តកំពង់ចាម, ទី៦-វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ, ទី៧-វិទ្យាល័យហ៊ុន សែន ព្រែកលៀប រាជធានីភ្នំពេញ, ទី៨-វិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម ព្រែកអញ្ចាញ ខេត្តកណ្តាល, ទី៩-អនុវិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង, ទី១០-វិទ្យាល័យហ៊ុន សែន ពាមជីកង ខេត្តកំពង់ចាម និងទី១១- វិទ្យាល័យ ព្រះយុគន្ធ រាជធានីភ្នំពេញ E2 STEM។ ក្រៅពីនេះ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា៖ «ក្រសួងធ្វើឱ្យប្រព័ន្ធអប់រំមានប្រសិទ្ធភាព និងសមធម៌សង្គមក្នុងដំណើរការបង្រៀននិងរៀនដោយមានប្រព័ន្ធបែងចែកធនធានឱ្យសមស្របសំដៅលើកកម្ពស់សេវាអប់រំ។ កែលម្អស្តង់ដាបង្រៀនតាមរយៈវិធីសាស្ត្រថ្មីៗដែលរួមបញ្ចូលការជ្រើសរើសគ្រូដោយការប្រកួតប្រជែងប្រាក់លើកទឹកចិត្តអាស្រ័យលើភារកិច្ច។ ការបំប៉នសមត្ថភាពគ្រូបង្រៀនបន្ថែមលើផ្នែកបច្ចេកវិទ្យាអប់រំ វិធីសាស្ត្រ STEM និងការសិក្សាឱ្យស្គាល់បញ្ហា និងការរកដំណោះស្រាយ ព្រមទាំងគន្លងអាជីពគ្រូបង្រៀនជាក់លាក់ភ្ជាប់ទៅនឹងឱកាសអភិវឌ្ឍន៍វិជ្ជាជីវៈគ្រូបង្រៀន»៕