ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា និងថ្នាក់ដឹកនាំបានទទួលជួបនិស្សិតជយលាភីអាហារូបករណ៍ពីកម្មវិធីអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលជប៉ុន (JDS) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុនចំនួន ២៦ រូប នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣។
ក្នុងកិច្ចជំនួបនាទីស្តីការក្រសួងកសិកម្មនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះនិស្សិតជយលាភីទាំង២៦រូប ដែលនឹងបន្តការសិក្សានៅប្រទេសជប៉ុន។ ការសិក្សានៅក្រៅប្រទេសគឺជាឱកាសមួយដ៏ល្អ ក្នុងការពង្រឹងសមត្ថភាព ដើម្បីយកនូវចំណេះ ជំនាញមកអភិវឌ្ឍប្រទេស។ ជាមួយគ្នានេះដែរ ចាំបាច់ត្រូវរក្សានូវសាមគ្គីភាព បើកចិត្តទូលាយរៀនសូត្រអ្វីដែលថ្មី ស្វែងយល់ពីវប្បធម៌ ភាសារបស់គេ ដែលទាំងនេះជាមូលដ្ឋានគ្រឹះក្នុងការទំនាក់ទំនងជាមួយជប៉ុន។ នេះបើយោងតាមក្រសួងកសិកម្ម។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា៖«ការសិក្សាគឺជាមូលដ្ឋាន ហើយប្រការចាំបាច់គឺមានសមត្ថភាពពិតប្រាកដ ធ្វើការងារឱ្យពិតប្រាកដ មានលទ្ធផលការងារល្អ ធ្វើខ្លួនឱ្យមានតម្លៃ។ ដូច្នេះត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ មានគោលដៅជាក់លាក់ ធ្វើឱ្យពិតប្រាកដ និងឱ្យល្អបំផុត ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិយើង»៕