បាត់ដំបងៈ នគរបាលប៉ុស្តិ៍រដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី កាលពីថ្ងៃទី២៧កក្កដា បានប្រគល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១០គ្រាប់ទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC។
បើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំង១០គ្រាប់នេះ ត្រូវបានរកឃើញ ក្នុង២ករណីផ្សេងគ្នា ដោយករណីទី១ នគរបាលប៉ុស្តិ៍រដ្ឋបាលមង្គល និងព្រៃស្វាយ នៃអធិការដ្ឋានស្រុកមោងឫស្សី បានប្រគល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនូន ៧គ្រាប់ ទៅអង្គភាពកំចាត់មីនស៊ីម៉ាក CMAC។
ក្នុងនោះរួមមាន ប្រភេទគ្រាប់ត្បាល់ ១០០មម ចំនួន ១គ្រាប់, គ្រាប់បែកដៃប្រភេទក្រឡាទៀប (សហភាពសូវៀត) ចំនួន ១គ្រាប់, គ្រាប់ផ្លោង ៧៥មម ចំនួន ១គ្រាប់, គ្រាប់ត្បាល់ ៦០មម ចំនួន ២គ្រាប់, គ្រាប់ទំលាក់ ២០ផោន ចំនួន ១គ្រាប់, ម៉ាករីកាលេស ៨២ មម ចំនួន ១គ្រាប់។
ករណីទី២ នគរបាលប៉ុស្តិ៍រដ្ឋបាលមោង នៃអធិការដ្ឋានស្រុកមោងឫស្សី សហការជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចុះរាវរកមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅចំណុចសាលាអនុវិទ្យាល័យមោងឫស្សី ស្ថិតនៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ដើម្បីសាងសង់អគារសិក្សាចំនួន ១ខ្នង។
ក្រោយចុះរាវរកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានប្រទះឃើគ្រាប់ចំនួន ៣គ្រាប់ ប្រភេទគ្រាប់កាំភ្លើងត្បាល់ម៉ាក ៨២មម ចំនួន ១គ្រាប់ និងគ្រាប់កាំភ្លើងត្បាល់ម៉ាក ៦០មម ចំនួន ២គ្រាប់។
ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកមោងឫស្សី បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗ ត្រូវរាយការណ៍ជាបន្ទាន់ ជូនសមត្ថកិច្ចចៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕