
ភ្នំពេញៈ USAID មរតកបៃតង និង អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ កាលពីខែមិថុនា ដើម្បីដាំកូនឈើជាង ២៦ ៦០០ ដើមលើផ្ទៃដីប្រមាណ ២១ ហិកតាក្នុងដែនជម្រកសត្វព្រៃ កែវសីមា ខេត្តមណ្ឌលគិរី ដើម្បីស្តារដីព្រៃដែលត្រូវបានសឹករេចរឹល និងឈូសឆាយអស់ទាំងស្រុងដោយសារសកម្មភាពខុសច្បាប់ផ្សេងៗ។
ព្រឹត្តិបត្រព័ត៌មាន USAID មរតកបៃតង បញ្ជាក់ថា មានប្រជាពលរដ្ឋសរុបចំនួន ២៧៨ នាក់ រួមទាំងអភិបាលខេត្ត មន្ទីរបរិស្ថានខេត្ត អាជ្ញាធរមូលដ្ឋាន សហគមន៍ និងជនជាតិដើមភាគតិច បានចូលរួមក្នុងព្រឹត្តិការណ៍ដាំកូនឈើទាំងនេះ ដែលត្រូវបានរៀបចំឡើងនៅទីតាំងចំនួន ៥ ស្ថិតនៅក្នុង និងជុំវិញដែនជម្រកសត្វព្រៃ។

ព្រឹត្តិបត្រព័ត៌មាននេះបញ្ជាក់ថា៖ «សហគមន៍មូលដ្ឋានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមផ្តល់កម្លាំងពលកម្មសម្រាប់ការរៀបចំដី ការដាំ និងការថែទាំកូនឈើឱ្យលូតលាស់បន្តបន្ទាប់ពីការដាំរួច។ អ្នកក៏អាចចូលរួមជាមួយយើងពីចម្ងាយបានដែរ ដោយដាំដើមឈើពីទីតាំងដែលងាយស្រួលសម្រាប់អ្នក!»៕