កម្ពុជា-កូរ៉េ តាមរយៈការអនុវត្តគម្រោងបោសសម្អាតមីន ភាគីទាំង ២ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលទទួលបានសមិទ្ធផលជោគជ័យ ជាមួយនឹងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយការគំរាមកំហែងដោយសារគ្រាប់មីននៅកម្ពុជា។
ការលើកឡើងនេះ ធ្វើឡើងនាឱកាស លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន បានរៀបចំពិធីទទួលទានអាហារពេលល្ងាចលាគ្នាជូន លោក នោ ហ្យន់ជូន (Mr. Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារ កយកា ប្រចាំកម្ពុជា ដែលចប់អាណត្តិនៅកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៣។ នេះបើតាមអាជ្ញាធរមីន។
នាពិធីនោះ លោក នោ ហ្យន់ជូន បានឆ្លៀតឱកាសបង្ហាញពីការយល់ឃើញ និងចំណាប់អារម្មណ៍ចំពោះការកាន់តំណែងរយៈពេល ៤ឆ្នាំរបស់លោកនៅកម្ពុជា។ ជាពិសេស លោកបានកោតសរសើរដល់អាជ្ញាធរមីន ចំពោះជោគជ័យក្នុងការអនុវត្តគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ជាមួយនឹងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយការគំរាមកំហែងដោយសារគ្រាប់មីននៅកម្ពុជា។
លោកក៏បានអបអរសាទរដល់អាជ្ញាធរមីន អំពីផែនការ ធ្វើជាម្ចាស់ផ្ទះ "សន្និសីទពិភពលោកជំនួយជនរងគ្រោះលើកទី៣" ក្នុងខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។
ចំណែកលោក លី ធុជ បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃបេសកកម្មរយៈពេល ៤ ឆ្នាំរបស់លោក នោ ហ្យន់ជូន នៅកម្ពុជា និងបានសម្តែងការពេញចិត្តចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាង ទីភ្នាក់ងារ កយកា និង អាជ្ញាធរមីន។
បន្ថែមពីនេះ លោកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារ កយកា ចំពោះការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និងសម្រាប់ភាពជោគជ័យនៃ “គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី ៤ (CFR-IV)-សកម្មភាពមីន សម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស”។
ជារួម ភាគីពាក់ព័ន្ធទាំង ២ បានទទួលស្គាល់អំពីសក្តានុពលដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតលទ្ធផលជាក់ស្តែង ដែលនឹងធានានូវភាពជោគជ័យនៃគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលបានចូលរួមជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ពីគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក៏ដូចជា ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមសហគមន៍ តាមរយៈការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព៕