តាមរយៈសារសំឡេង ផ្ញើជូនជនរួមជាតិ ទាក់ទងការតែងតាំងមន្ត្រីឡើងវិញ នាព្រឹកថ្ងៃទី២៩ ខែកក្កដានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចរក្សាទុកមន្ត្រីទាំងអស់ ដែលបានតែងតាំងរួចមកហើយ រួមមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សារាជរដ្ឋាភិបាល ឱ្យបន្តតទៅទៀត ពោលគឺនឹងត្រូវបានរក្សាមុខតំណែងដដែល លើកលែងតែសាមីខ្លួនស្នើសុំឈប់ ខណៈដែលមន្ត្រីមុខងារសាធារណៈ ក៏មិនប៉ះពាល់ឡើយ។
លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា ការបញ្ចប់ និងតែងតាំងថ្មី នឹងធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣។
លោក ហ៊ុន សែន បានប្រកាសដូច្នេះថា៖« ក្រោយកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលៗរួចមក សម្តេចសម្រេច រក្សាទុកមន្ត្រីទាំងអស់ ដែលបានតែងតាំងរួចមកហើយ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល និងមន្ត្រីរាជការទាំងអស់ ដែលបានតែងតាំងរួចមកហើយ ឱ្យបន្តតទៅទៀត។ ពោលគឺថ្នាក់ដែលបានតែងតាំងដោយព្រះរាជក្រឹត្យ ត្រូវតែងតាំងដោយព្រះរាជក្រឹត្យឡើងវិញ ហើយមន្ត្រីថ្នាក់ដែលតែងតាំងដោយអនុក្រឹត្យ ក៏ត្រូវតែងតាំងដោយអនុក្រឹត្យឡើងវិញ និងថ្នាក់ដែលតែងតាំងដោយរដ្ឋមន្ត្រី នៅក្នុងរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយបណ្ឌិត ហ៊ុន ម៉ាណែត»។
លោកបានបញ្ជាក់ទៀតថា៖ «មន្ត្រីមុខងារសាធារណៈ គឺមិនប៉ះពាល់ឡើយ រាប់ចាប់ពីថ្នាក់អគ្គនាយក រហូតដល់អភិបាលរងស្រុក ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ លើកលែងតែអ្នកនោះ ដល់អាយុត្រូវចូលនិវត្តន៍ ដែលត្រូវចូលនិវត្តន៍តាមច្បាប់។ ចំណែកអ្នកកាន់មុខងារនយោបាយ ចាប់ពីថ្នាក់អនុរដ្ឋលេខា រដ្ឋលេខាធិការ និងទីប្រឹក្សារាជរដ្ឋាភិបាល ក៏ត្រូវតែតែងតាំងឡើងវិញ»។
លោកបានបន្ថែមថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ត្រូវបានកែទម្រង់ ដោយទុកឱ្យសាម៉ីខ្លួន ជ្រើសរើសថាតើ យកតួនាទីជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឬក៏ជារដ្ឋលេខាធិការ នៅតាមក្រសួង សម្រាប់រាជរដ្ឋាភិបាលថ្មី។ តែលើកលែងសម្រាប់អង្គភាពធំៗ ២ គឺរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនេះ នឹងរក្សាទុកសម្រាប់អគ្គនាយកពន្ធដារ និងអគ្គនាយកគយ ដែលទាំងពីរនេះ ត្រូវធ្វើការម្ខាងជាមួយរដ្ឋមន្ត្រី និងម្ខាងទៀត ត្រូវធ្វើការជាមួយនាយករដ្ឋមន្ត្រី ដែលក្តាប់ផ្ទាល់ពីថវិកាប្រចាំថ្ងៃ ប្រចាំខែ។
សរុបជារួម បើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលពាក់ព័ន្ធ ការតែងតាំងឥស្សរជនកម្រិតនយោបាយ ឡើងវិញនេះ អគ្គនាយកគយ និងពន្ធដារ ត្រូវរក្សាមុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដដែល។
ចំណែកមន្ត្រីរាជការចាប់ពីថ្នាក់អគ្គនាយក ឬប្រហាក់ប្រហែល ចុះក្រោម និងមន្ត្រីថ្នាក់ក្រោមជាតិទាំងអស់ មិនមានការប្រែប្រួលមុខតំណែងទេ សម្រាប់អាណត្តិថ្មី ខណៈដែលរដ្ឋមន្ត្រីនានាដែលមិនកាន់តំណែងជារដ្ឋមន្ត្រីតទៅទៀត ត្រូវធ្វើជាសមាជិករដ្ឋសភា៕