លោកស្រី Martha A. Mavrommatis ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ីបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានបញ្ជូនកងកម្លាំងទៅរក្សាសន្តិសុខនៅប្រទេស ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ីបប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ នៅអំឡុងពេលជួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្រ្តី។
លោកស្រី Martha A. Mavrommatis លោកស្រី បានថ្លែងថា ៖«ស៊ីប ពិតជាអរគុណយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ចូនកងកម្លាំងរក្សាសន្តិភាពចូលរួមរក្សាសុខសុវត្ថិភាពក្នុងប្រទេសស៊ីប ហើយទំនាក់ទំនងល្អរវាងប្រទេស និងប្រជាជនទាំងពីរ កាន់តែមានភាពល្អប្រសើរឡើង»។ នេះបើតាមអាជ្ញាធរមីន។
ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វែងរកសុខសន្តិភាពជូនដល់ប្រជាជនកម្ពុជា និងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ និងបានសម្តែងនូវការអបអរសាទរចំពោះជោគជ័យនៃដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ កន្លងទៅនេះ ប្រកបដោយសេរី និងយុត្តិធម៌។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងដែរថា កម្ពុជាមានបទពិសោធន៍ និងជំនាញដ៏ច្រើនខាងផែ្នកបោសសម្អាតមីន ដោយក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ ហើយកម្ពុជា សម្រេចបាននូវសមិទ្ធផលជាប្រវតិ្តសាស្រ្តក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមលើផ្ទៃដីរាប់ម៉ឺនហិកតា។ ក្នុងនោះបានចូលរួមដល់ការកាត់បន្ថយអត្រាគ្រោះថ្នាក់ និងផ្តល់ដីប្រកបដោយសុវត្ថិភាពសម្រាប់ការតាំងលំនៅឋាន កសិកម្ម និងការស្តារឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាដើម។
លោកបានបន្ថែមថា៖ «ក្នុងនាមជាប្រទេសធ្លាប់រងគ្រោះ ដោយសារសង្រ្គាម រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺបានសម្រេចបញ្ជូនកងកម្លាំងរក្សាសន្តិភាពប្រមាណជាង ៨០០០នាក់ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមធានាដល់សុខសុវត្ថិភាពដល់ប្រជាជនក្នុងប្រទេសចំនួន ៩ នៅលើពិភពលោក ក្នុងនោះរួមមានសាធារណរដ្ឋស៊ីប ផងដែរ»។
លោកបានលើកឡើងបន្ថែមថា ក្រោមនយោបាយ ឈ្នះ ឈ្នះ ប្រទេសកម្ពុជាទាំងមូល បានឯកភាពជាតិ ហើយប្រជាពលរដ្ឋទាំងអស់បានរួមរស់ជាជាតិខ្មែរតែមួយប្រកបដោយសុខដុមរមនា ក្រោយបញ្ចប់សង្រ្គាម ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយកចិត្តទុកដាក់ខ្ពស់លើការស្តារឡើងនូវសេដ្ឋកិច្ចសង្គម រហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃនេះ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែមានភាពល្អប្រសើរ និងធូរធារជាងមុន។
លោក លី ធុជ បានបញ្ជាក់បន្ថែមថា៖ «ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឱ្យមាននូវច្បាប់វិនិយោគ និងគោលនយោបាយជាតិសំខាន់ៗដទៃទៀត ដើម្បីទាក់ទាញការវិនិយោគពីក្រៅប្រទេស និងសម្រួលដល់ដំណើរការធុរកិច្ចនៅកម្ពុជា ដែលធ្វើឱ្យអ្នកវិនិយោគិនទទួលបាននូវភាពកក់ក្តៅ និងឱកាសដ៏ច្រើនលើសលប់សម្រាប់ការរកស៊ីនៅកម្ពុជា ព្រមទាំងបានប្រែក្លាយកម្ពុជា ជាផ្ទះទីពីររបស់ខ្លួង ផងដែរ»៕