​ក្រចេះ​៖ អាជ្ញាធរ សហគមន៍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី បាន​ជួបប្រជុំគ្នា​ដើម្បី​ពិភាក្សា​អំពី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ល្បាត​ព្រៃឈើ​។

​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ នា​ថ្ងៃទី​២៨ ខែកក្កដា បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី «​គោលការណ៍​ណែនាំ​ល្បាត​ព្រៃឈើ​ដោយ​ប្រសិទ្ធភាព​» ក្រោម​វត្តមាន លោក នួន ពៅ​រតនា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ នៅ​ខេត្តក្រចេះ​។​

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​ធ្វើឡើង​ដោយ​សហការ​ជាមួយ​គម្រោង​ស្តីពី «​ការបង្កើន​សមត្ថភាព​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង សហគមន៍​មូលដ្ឋាន ដើម្បី​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​កម្មវិធី សហគមន៍​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ​» របស់​រដ្ឋបាល​ព្រៃឈើ ក្រោម​ជំនួយ​គាំទ្រ​របស់​អង្គការ ITTO ។

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​មកពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី សាលាឃុំ​កន្ទួត អង្គការ​មិនមែន​រដ្ឋាភិបាល និង​តំណាង សហគមន៍​ព្រៃឈើ​ស្ថិតនៅក្នុង​ខេត្តក្រចេះ និង ខេត្តមណ្ឌលគិរី​សរុប​ចំនួន ២៦​នាក់ (​ស្ត្រី​២​នាក់​) ក្នុង​គោលបំណង​ដើម្បី​កែសម្រួល និង​ប្រមូល​ធាតុ​ចូល​លើ​សេចក្តីព្រាង​គោលការណ៍​ណែនាំ​ល្បាត​ព្រៃឈើ​ដោយ​ប្រសិទ្ធភាព​៕

​​