
រថយន្ដដឹកកម្មករកម្មការិនី។ ហុង មិនា
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានឱ្យដឹងថា យុទ្ធនាការហ៊ាននិយាយដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា ដែលបានបង្កើតឡើងកាលពីឆ្នាំ២០២២ កន្លងមក បាននិងកំពុងអនុវត្តនៅរោងចក្រគោលដៅចំនួន ៤៣ ក្នុងខេត្តចំនួន៧។
លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានប្រាប់នៅថ្ងៃទី៣០ ខែកក្កដា ថា បច្ចុប្បន្ននេះ យុទ្ធនាការនេះ កំពុងអនុវត្តនៅរោងចក្រគោលដៅចំនួន ៤៣ ក្នុងខេត្តចំនួន ៧រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តតាកែវ និងខេត្តស្វាយរៀង ដែលមានកម្មករនិយោជិតជាង ២០ ម៉ឺន នាក់។
លោកបន្តថា ក្រៅពីការអនុវត្តនៅរោងចក្រគោលដៅចំនួន ៤៣ នេះ ក៏មានរោងចក្រចំនួន២បន្ថែមទៀត បានចូលរួមយុទ្ធនាការនេះ ពីព្រោះដោយសារថ្នាក់ដឹកនាំ ពួកគាត់មានការចាប់អារម្មណ៍ចូលរួមក្នុងយុទ្ធនាការហ៊ាននិយាយ។
លោកថ្លែងថា ៖ «សម្រាប់យុទ្ធនាការហ៊ាននិយាយ គឺផ្តោតសំខាន់ទៅលើការជំរុញលើកទឹកចិត្ត និងផ្ដល់ការគាំទ្រដល់ជនបង្កោលពីសុវត្តិភាពចរាចរណ៍ ដើម្បីឱ្យពួកគាត់អាចលើកឡើងនូវក្ដីកង្វល់ ហ៊ានលើកឡើងនូវបញ្ហាប្រឈមទាក់ទងនឹងការធ្វើដំណើររបស់កម្មករនិយោជិត ដែលពួកគាត់បានធ្វើដំណើរតាមរយៈរថយន្តដឹកជញ្ជូន»។
មួយវិញទៀត យុទ្ធនាការនេះ វាក៏ផ្តោតទៅលើការផ្លាស់ប្ដូរឥរិយាបថ ការគិតរបស់អ្នកបើកបររថយន្តដឹកកម្មករនិយោជិត ដើម្បីធ្វើយ៉ាងណាឱ្យកម្មករនិយោជិត ពួកគាត់មានសុវត្ថិភាពក្នុងការធ្វើដំណើរ ដែលឥរិយាបថទាំងនោះមានដូចជា៖ ការបើកបរក្នុងល្បឿនលឿន និងការបើកបរក្នុងពេលស្រវឹងជាដើម។ នេះបើតាមការបន្ថែមពីលោក គឹម បញ្ញា។
លោកបញ្ជាក់ថា៖ «ជារួមយើងបានឃើញរោងចក្រ ចូលរួមគាំទ្រយុទ្ធនាការហ៊ាននិយាយនេះ ហើយយើងក៏មានទិសដៅក្នុងការពង្រីកយុទ្ធនាការហ៊ាននិយាយនេះ ឱ្យបានគ្រប់រោងចក្រនៅទូទាំងប្រទេសហើយយើងក៏ឃើញថា យុទ្ធនាការហ្នឹងក៏បានផ្លាស់ប្ដូរឥរិយាបថរបស់អ្នកបើកបរ និងចាប់ផ្ដើមផ្លាស់ប្ដូររថយន្តជាបន្តបន្ទាប់ដើម្បីផ្ដល់សុវត្ថិភាពដល់ការធ្វើដំណើររបស់កម្មករនិយោជិត»។
ទាក់ទងនឹងយុទ្ធនាការនេះ កញ្ញា ហែម ពិដោរ ដែលជាបុគ្គលមួយរូបមានប្រជាប្រិយភាពម្នាក់នៅក្នុងបណ្ដាញសង្គម បានប្រើប្រាស់វេទិកាលើអុីនធឺណិតធ្វើការអំពាវនាវឱ្យកម្មករនិយោជិត និងសាធារណជន ចូលរួមយុទ្ធនាការហ៊ាននិយាយ ដើម្បីការពារសុវត្ថិភាពក្នុងការធ្វើដំណើរសម្រាប់កម្មករនិយោជិតកម្ពុជានៅទូទាំងប្រទេស។
កញ្ញា បាននិយាយតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៨ ខែកក្កដាថា ឪពុកម្ដាយរបស់កញ្ញាតែងតែប្រាប់កញ្ញាឱ្យប្រុងប្រយ័ត្ន ក្នុងពេលធ្វើដំណើរ មិនថាចេញទៅដើរលេង ឬទៅទៅធ្វើការនោះទេ ហើយពួកគាត់តែងណែនាំបែបនេះ ក៏ដោយសារតែជាទូទៅបញ្ហាគ្រោះថ្នាក់ចរាចរណ៍ វាជាបញ្ហាប្រឈមដែលមនុស្សគ្រប់គ្នាមិនអាចមើលឃើញបាន។
ក្រៅពីនេះទៀត កញ្ញាក៏ជឿថា ក្រុមគ្រួសារផ្សេងទៀត ក៏បានណែនាំកូនចៅឱ្យមានការប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរបែបនេះដែរ ហើយក៏ដូចជាក្រុមគ្រួសារកម្មករនិយោជិតផងដែរ។
កញ្ញា ហែម ពិដោរ ថ្លែងថា៖ «ខ្ញុំមើលឃើញថា ការធ្វើដំណើររបស់បងៗកម្មករកម្មការិនីរោងចក្ររបស់យើង ប្រឈមនឹងគ្រោះថ្នាក់មែនទែន ដែលមើលទៅវាអត់គួរមានទំនុកចិត្តសោះពីរឿងសុវត្ថិភាពចរាចរណ៍ ខណៈដែលឡានខ្លះគាត់ដាក់លើសចំនួនកំណត់ ហើយមានការបើកប្រជែងគ្នា និងបើកបរហួសល្បឿនកំណត់ជាដើម»។
កញ្ញាបន្តថា៖ «ហេតុនេះហើយទើបខ្ញុំសុំចិត្តឱ្យអ្នកទាំងអស់គ្នា ជាពិសេសបងប្អូនកម្មករកម្មការិនីរោងចក្រ ហ៊ាននិយាយពីសុវត្ថិភាពក្នុងការធ្វើដំណើរ តើយើងហ៊ាននិយាយហ្នឹងត្រូវទៅកាន់ពីណាគេវិញ?ពួកយើងអាចនិយាយទៅកាន់បុគ្គលពាក់ព័ន្ធនានាដូចជា អ្នកបើកបរ ប្រធានក្រុមរោងចក្រ រដ្ឋបាលរោងចក្រ ជនបង្គោលសុវត្ថិភាព និងអាជ្ញាធរផងដែរ»។
សូមបញ្ជាក់ថា យុទ្ធនាការហ៊ាននិយាយ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា ត្រូវបានចាប់ផ្ដើមអនុវត្តជាផ្លូវការកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយទទួលបានការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈមជ្ឈមណ្ឌលសាមគ្គីភាព និងអង្គការមូលនិធិបង្ការរបួសអាស៊ី៕