សៀមរាបៈ លោក ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្លែងថា ការកសាងធនធានមនុស្សជំនាន់ក្រោយឱ្យមានជំនាញ និងអាជីពច្បាស់លាស់ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាឱ្យបានពីដំណើរការសេដ្ឋកិច្ចមួយ ដែលប្រកបដោយចីរភាពឆ្ពោះទៅកាន់ការកាត់បន្ថយបណ្តើរៗនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធអគារសិក្សា ប្រគល់វិញ្ញាបនបត្រ ISO 9001:2015 និងប្រគល់សញ្ញាបត្រជូនដល់សិក្ខាកាម សិស្ស និស្សិត វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។
បើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប លោក ពេជ សោភ័ន បានថ្លែងថា ការអភិវឌ្ឍធនធានមនុស្សឱ្យមានជំនាញ និងអាជីពច្បាស់លាស់ ត្រូវបានចាត់ទុកជាអាទិភាពនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល ដោយលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព ការច្នៃប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់។
លោកបានបន្ថែមថា ការបណ្តុះបណ្តាល គឺជាការវិនិយោគ ដែលប្រើប្រាស់ថវិកា និងពេលវេលាដ៏ច្រើន ប៉ុន្តែលទ្ធផលដែលទទួលបានមកវិញនោះ វាគឺជាគន្លឹះដ៏សំខាន់មួយ ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងារក្នុងគោលដៅធានាជោគជ័យ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងពិភពលោកមួយ ដែលកំពុងឈានទៅរកសកលភាវូបនីយកម្ម។
លោក ពេជ សោភ័ន បានថ្លែងថា ៖ «ជាក់ស្ដែងប្អូនៗសិក្ខាកាម សិស្ស និស្សិត វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរទាំងអស់ ដែលបានទទួលសញ្ញាបត្រ នាពេលនេះ គឺជាការបង្ហាញឱ្យឃើញពីការរីកចម្រើនបន្ថែមទៀត នៃវិស័យអប់រំនៅកម្ពុជាយើង»។
ជាមួយគ្នានេះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន របស់វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងបានកោតសរសើរដល់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសនិស្សិតជយលាភី ដែលទទួលបានជោគជ័យនៃការសិក្សានាឱកាសនេះ ដែលវាបង្ហាញឱ្យឃើញពីការតស៊ូ ខិតខំរៀនសូត្រចាប់ផ្ដើមរហូតបញ្ចប់ នឹងទទួលបានសញ្ញាបត្រយកទៅប្រើប្រាស់ទៅតាមមុខជំនាញ និងការងារត្រូវបំពេញបន្តផងដែរ។
ក្នុងឱកាសនោះដែរ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាបបានថ្លែងការកោតសសើរ និងអបអរចំពោះសិក្ខាកាម សិស្ស និស្សិតទាំងអស់ ដែលបានទទួលជយលាភីពេលនេះ ដែលវាជាការបង្ហាញឱ្យឃើញពីភាពជោគជ័យមួយទៀតក្នុងការយកចំណេះជំនាញ និងអាជីពដែលបានបញ្ចប់ការសិក្សានេះ យកទៅប្រកបរបរប្រចាំថ្ងៃ ដើម្បីស្វែងរកចំណូលជួយខ្លួនឯង និងគ្រួសារ។
យោងតាមវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានឱ្យដឹងថា បច្ចុប្បន្នវិទ្យាស្ថាន មានមន្ត្រីរាជការ គ្រូបច្ចេកទេស គ្រូកិច្ចសន្យា និងគ្រូជួលមកពីខាងក្រៅសរុបចំនួន ៨២នាក់។ គិតមកទល់ពេលនេះ វិទ្យាស្ថានមានសិក្ខាកាម សិស្ស និស្សិត សរុបចំនួន ១៦ ៨៥១ នាក់។
ប្រភពដដែលថា សម្រាប់សិក្ខាកាម សិស្ស និស្សិត ដែលទទួលបានជយលាភី និងទទួលបានសញ្ញាបត្រនាពេលនេះ មានចំនួន ១ ១៧២នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាចំនួន ៣១នាក់, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន ៣៩១នាក់, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១-២-៣ មានចំនួន ៧៥០នាក់៕