ភ្នំពេញៈ លោកស្រី ជា សិរី ត្រូវបានតែងតាំងទៅជាទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) នារយៈពេលប៉ុន្មានខែបន្ទាប់ពីលោកស្រីត្រូវបានដំឡើងពីអគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិទៅជាទេសាភិបាលរង នៅក្នុងខែមីនា។
ការតែងតាំងនេះត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាតាមរយៈព្រះរាជក្រឹត្យនៅថ្ងៃទី ២៩ ខែកក្កដា ឱ្យធ្វើជាទេសាភិបាលជំនួសលោក ជា ចាន់តូ ដែលកាន់មុខតំណែងនេះជាច្រើនទសវត្សរ៍មកហើយ។
លោកស្រី ជា សិរី បានបម្រើការងារនៅ NBC រយៈពេលជាង ១ ទសវត្សរ៍ ដោយលោកស្រីបានលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកក្នុងន័យលើកកម្ពស់ឯករាជភាពជាតិលើគោលនយោបាយសេដ្ឋកិច្ច និងរូបិយវត្ថុ។ ក្រោមការដឹកនាំរបស់លោកស្រីឧបករណ៍គោលនយោបាយប្រកបដោយភាពច្នៃប្រឌិតត្រូវបានដាក់ឱ្យដំណើរការ ដើម្បីអភិវឌ្ឍទីផ្សារអន្តរធនាគារ និងលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក។
លោកស្រីក៏កំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃការទូទាត់លក់រាយឱ្យកាន់តែទំនើប ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសែស្វិចថ្នាក់ជាតិ សម្រាប់ប្រតិបត្តិការកាត និងប្រព័ន្ធទូទាត់រហ័សដែលជាការផ្ទេរប្រាក់តាមពេលវេលាជាក់ស្តែងពីគណនីធនាគារមួយទៅគណនីធនាគារមួយផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ បន្ថែមលើនេះលោកស្រីក៏បានដឹកនាំគម្រោងបាគង ដែលជាគំនិតផ្តួចផ្តើមមួយរបស់ធនាគារជាតិនៃកម្ពុជាក្នុងការស្វែងយល់ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ជំនាន់ថ្មីដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain។
ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយជប៉ុន Japan Up Close កាលពីខែមេសា ឆ្នាំ ២០២៣ លោកស្រី ជា សិរី បានឱ្យដឹងថា លោកស្រីបានធ្វើការនៅផ្នែកត្រួតពិនិត្យធនាគារ បន្ទាប់មកបានផ្លាស់ទៅអគ្គនាយកដ្ឋានផ្សេងទៀតដែលទទួលបន្ទុកប្រព័ន្ធទូទាត់គោលនយោបាយសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំណែងផ្សេងៗទៀត។
លោក សុខ វឿន អគ្គនាយកក្រុមហ៊ុន LOLC (Cambodia) Plc និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្តែងការអបអរសាទរចំពោះការតែងតាំងថ្មីរបស់លោកស្រី ជា សិរី ខណៈលោកស្រីបានដឹកនាំអភិវឌ្ឍន៍ឧស្សាហកម្មមួយនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោកថ្លែងថា៖ «ខ្ញុំសង្កេតឃើញថា លោកស្រីកំពុងដើរតួនាទីកាន់តែធំនៅក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដោយខ្ញុំអាចនិយាយបានថា លោកស្រីគឺជាជើងឯកក្នុងការជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា»។
អគ្គនាយកធនាគារប្រៃសណីយ៍កម្ពុជា លោក តូច ចៅចេក បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ៣០ ខែកក្កដាថា ការតែងតាំងថ្មីនេះកំពុងឆ្លុះបញ្ចាំងអំពីវិជ្ជាជីវៈខ្ពស់ និងជំនាញភាពជាអ្នកដឹកនាំរបស់លោកស្រីសម្រាប់ឧស្សាហកម្មមួយនេះ ជាច្រើនទសវត្សរ៍មកហើយ។ ក្រោមការដឹកនាំរបស់លោកស្រីនឹងជំរុញឱ្យវិស័យនេះកាន់តែរីកចម្រើនបន្ថែមទៀត។
លោកថ្លែងថា៖ «យើងសូមអបអរសាទរចំពោះការតែងតាំងថ្មីនេះ ដោយសារពួកគេមានសមត្ថភាពខ្ពស់សម្រាប់មុខតំណែងនេះ ខណៈលោកស្រីបម្រើការងារក្នុងឧស្សាហកម្មនេះរយៈពេលជាច្រើនទសវត្សរ៍មកហើយ»។
លោកបញ្ជាក់ថា៖ «លោកស្រី ជា សិរី កំពុងជំរុញការអភិវឌ្ឍវិស័យនេះ ជាពិសេសការសម្រេចបាននូវសមិទ្ធផលរបស់លោកស្រីលើការអភិវឌ្ឍ Fintech សម្រាប់បរិយាប័ន្នហិរញ្ញវត្ថុ ក៏ដូចជាចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ អ្វីដែលជាសមិទ្ធផលសំខាន់ក្រោមការដឹកនាំរបស់លោកស្រីគឺការអភិវឌ្ឍប្រព័ន្ធបាគង ដែលចូលរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍការទូទាត់តាមប្រព័ន្ធឌីជីថល»។
NBC បានបញ្ជាក់ក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២២ ថា ប្រព័ន្ធ «ធនាគារ» ផ្លូវការរបស់កម្ពុជា មានធនាគារពាណិជ្ជចំនួន ៥៩ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានឥណទានជនបទ ២២៤ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន ១៦។
NBC ក៏មានដំណើរការភាគីទី៣ ចំនួន ៥ ក្រុមហ៊ុនផ្តល់សេវាបង់ប្រាក់ ៣៤ ក្រុមហ៊ុនផ្តល់សេវាចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេសចំនួន ៦ និងអាជីវកម្មប្តូរប្រាក់ចំនួន ២ ៨៦៩៕