ភ្នំពេញៈ លោក អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងជាសមាជិកក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានលើកឡើងថា ក្រុមគ្រូពេទ្យតែងតែធ្វើការប្រឹក្សាជាមុន មុននឹងធ្វើតេស្តរកមេរោគអេដស៍ដើម្បីពន្យល់អ្នកចង់ធ្វើតេស្តឱ្យបានច្បាស់។
លោកបានថ្លែងដូចនេះក្នុងកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ លើកទី ៤៣ ប្រចាំខែកក្កដា ឆ្នាំ ២០២៣ ក្រោមប្រធានបទ «សារៈសំខាន់នៃការគ្រប់គ្រងការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ត្រឹមត្រូវតាមគោលការណ៍ណែនាំព្យាបាលថ្នាក់ជាតិ» កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣។
លោក អ៊ុក វិជ្ជា ថ្លែងថា៖ «ការផ្តល់ប្រឹក្សាជាមុន គឺដើម្បីឱ្យអ្នកជំងឺ ឬអតិថិជន ត្រៀមចិត្ត ត្រៀមខ្លួនដែលលទ្ធផលនៃការធ្វើតេស្តអាចមាន ២ ក្នុងនោះអាចមានវិជ្ជមាន និងអវិជ្ជមាន ហើយបើអ្នកនោះតេស្តវិជ្ជមាន ក៏មានថ្នាំសម្រាប់បង្ការ ហើយបើតេស្តអវិជ្ជមាន យើងធ្វើការអប់រំ ណែនាំឱ្យរក្សាភាពអវិជ្ជមាននេះបានរហូត»។
ទាក់ទងនឹងការព្យាបាលអ្នកជំងឺអេដស៍ដែលបានតេស្តឃើញវិជ្ជមានភ្លាមៗនេះដែរ ក្រុមគ្រូពេទ្យបានប្តូរឱ្យទទួលបានការធ្វើតេស្ត និងព្យាបាលនៅថ្ងៃតែមួយ ដែលពីមុនមានការពិនិត្យរកលទ្ធផលកោសិកាសេដេកាត់ របស់អ្នកជំងឺមកចុះទាបគឺចុះទាបជាង ២០០ ហើយ ទើបចាប់ផ្តើមព្យាបាល។
លោកបានបញ្ជាក់ថា៖ «អ៊ីចឹង! អ្នកដែលប្រឈមមុខ ខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាដែលស្ថិតនៅក្នុងការប្រឈមចម្លងមេរោគអេដស៍ ហើយខ្លាចឆ្លងក្នុងប្រការណាមួយគឺសូមរូតរះទៅធ្វើតេស្តឈាម ដើម្បីបង្ការការធ្លាក់ខ្លួនឈឺធ្ងន់ ដែលពិបាកនឹងសង្គ្រោះជីវិត»។
នាកម្មវិធីនោះដែរ លោក អ៊ុក វិជ្ជា បានសង្កេតឃើញតាមរយៈការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួនទាក់ទងនឹងការយល់ដឹងពីបញ្ហាជំងឺអេដស៍នេះ លោកថា ប្រជាពលរដ្ឋកម្ពុជាខ្លះមានការយល់ដឹងច្បាស់ និងខ្លះទៀតមិនទាន់មានការយល់ដឹងបានច្បាស់នៅឡើយទេ។
លោកបានបញ្ជាក់ទាក់ទងនឹងចំណុចនេះថា៖ «ការយល់ដឹងទាក់ទងនឹងការការពារ និងការបង្ការជំងឺអេដស៍នេះ យើងត្រូវមានការខិតខំផ្សព្វផ្សាយបន្តទៀតទៅតាមក្រុមប្រជាជនផ្សេងៗ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅថា ករណីនៃការឆ្លងមេរោគអេដស៍នៅក្នុងប្រទេសកម្ពុជា មិនទាន់ចប់នោះទេ ដោយសារអត្រានៃការឆ្លងមេរោគអេដស៍ក្នុងឆ្នាំ ២០២២ មានការកើនឡើង ប្រមាណ ៣០០ នាក់ បើប្រៀបធៀបនឹងឆ្នាំ ២០២១ ដែលលោកអំពាវនាវឱ្យមានការប្រុងប្រយ័ត្នពីជំងឺនេះផងដែរ។
លោកថ្លែងនាពេលនោះថា៖ «អត្រានៃអ្នកឆ្លងមេរោគអេដស៍មាននិន្នាការកើនឡើង ដែលយើងត្រូវមានការប្រុងប្រយ័ត្ន ហើយអត្រាឆ្លងនេះទាក់ទងនឹងអ្នកយកភេទដូចគ្នា ហើយអ្នកយកភេទដូចគ្នានេះដែរ ស្រី និងស្រីមិនចោទជាបញ្ហាប៉ុន្មានទេ តែរឿងប្រុស និងប្រុស ជាប្រភពចម្លងដែលគេរកឃើញនៃការឆ្លង»។
យោងតាមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កាលពីថ្ងៃទី ១៥ ខែមិថុនា បង្ហាញថា អាជ្ញាធរបានឯកភាពដាក់ចេញនូវសេចក្តីសម្រចមួយចំនួនដោយក្នុងនោះ មានការជំរុញយុទ្ធសាស្ត្រឆ្ពោះទៅសម្រេចគោលដៅ ៩៥ ទី១ (៩៥% ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ពួកគេ។ តាមរយៈការជំរុញការងារបង្ការនៃការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព និងការជំរុញលើកទឹកចិត្តអ្នកមានការសង្ស័យមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ឱ្យបានឆាប់រហ័ស។
បើយោងតាមឯកសារ UNAIDS នៅកម្ពុជាមានអ្នករស់នៅដោយផ្ទុកមេរោគអេដស៍មានចំនួន ៧៤ ០០០ នាក់ក្នុងឆ្នាំ ២០២១ ហើយករណីឆ្លងថ្មីគឺ មានចំនួន ១ ១០០ នាក់ក្នុងឆ្នាំ ២០២១ ហើយគិតត្រឹមឆ្នាំ ២០២១ អ្នកផ្ទុកមេរោគអេដស៍ ដែលកំពុងទទួលបានការព្យាបាលដោយថ្នាំប្រឆាំងនឹងមេរោគអេដស៍ គឺមានចំនួន ៦២ ៥៦១ នាក់។
ជារៀងរាល់ថ្ងៃមានមនុស្សចំនួន ៣ នាក់បានឆ្លងមេរោគអេដស៍។ ក្នុងចំណោមអ្នកឆ្លងថ្មី ១ ១០០ នាក់ក្នុងឆ្នាំ ២០២១ គឺបុរស និងក្មេងប្រុសមានរហូតដល់ ៧១ ភាគរយ ហើយអ្នកឆ្លងច្រើនជាងគេមានអាយុចន្លោះពី ១៥ -២៤ ឆ្នាំ ប្រមាណ ៤២ ភាគរយ៕