កំពតៈ លោក យ៉ង សាំងកុមារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា នៅថ្ងៃទី ២២ ខែសីហា ខាងមុខ នៅពេលលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី លោកនឹងដឹកនាំអនុវត្តកម្មវិធីគោលនយោបាយស្នូលចំនួន ៧ ហើយក្នុងចំណោមនោះ មានកម្មវិធីគោលនយោបាយ ស្នូលចំនួន ៣ គឺស្ថិតក្នុងវិស័យកសិកម្ម។
លោក យ៉ង សាំងកុមារ ថ្លែងបែបនេះ នៅក្នុងពិធីប្រគល់គ្រាប់ពូជបន្លែ និងស្រូវសម្រាប់គម្រោង «លើកកម្ពស់សន្តិសុខស្បៀងអាហារូបត្ថម្ភ និងជីវភាព ដល់គ្រួសារកសិករក្រីក្រ តាមរយៈកម្មវិធីផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ» កាលពីថ្ងៃទី ២៨ កក្កដា នៅស្រុកឈូក ខេត្តកំពត។
លោកឱ្យដឹងថា៖ «កម្មវិធីស្នូលទាំង ៧ នោះរួមមាន៖ ទាក់ទងនឹងវិស័យសុខាភិបាល, ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន ១,៥ លាននាក់,ទាក់ទងនឹងវិស័យសង្គមកិច្ច,ទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ,ការទម្លាក់ថវិកាហិរញ្ញប្បទាន ១០០ លានដុល្លារ ដើម្បីរក្សាលំនឹងតម្លៃកសិផលពេលប្រមូលផល,ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ នៅទូទាំងប្រទេស ១ ៦០០ នាក់ និងចុងក្រោយទាក់ទងនឹងសហគមន៍កសិកម្ម ដែលកម្មវិធីចុងក្រោយនេះទើបបន្ថែមនៅពេលដែលធ្វើផែនការហិរញ្ញវត្ថុ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះ»។
លោក យ៉ង សាំងកុមារ បន្ថែមថា កម្មវិធីគោលនយោបាយសំខាន់ទាំង ៣ នេះនៅក្នុងវិស័យកសិកម្មសុទ្ធសឹងតែជាកម្មវិធីគោលនយោបាយល្អៗ សម្រាប់ជួយដល់កសិករខណៈដែលក្រសួងកសិកម្មកំពុងតែមមាញឹកក្នុងការរៀបចំគម្រោងថវិកាសម្រាប់ប្រើប្រាស់ក្នុងការអនុវត្តគម្រោងសំខាន់ៗទាំងនេះ។
ចំពោះគម្រោង «លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ តាមរយៈកម្មវិធីផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ» ដែលមានការគាំទ្រមូលនិធិពីរដ្ឋាភិបាលអាល្លឺម៉ង់ BMZ តាមរយៈគម្រោង MUSEFO នៃអង្គការ GIZ និងការសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) ក្រសួងកសិកម្ម (MAFF) ក្រសួងសុខាភិបាល អង្គការ IRRI និង UNI4COOP អង្គការ Helen Keller អន្តរជាតិ (Helen Keller) លោក យ៉ង សាំងកុមារ បានបញ្ជាក់ថា ជាគម្រោងមួយដ៏សំខាន់ ដែលពាក់ព័ន្ធគោលនយោបាយសន្តិសុខស្បៀងរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានស្នើឱ្យអង្គការ Helen Keller អន្តរជាតិ ប្រមូលទិន្នន័យពីសហគមន៍ដែលទទួលបានគ្រាប់ពូជស្រូវឱ្យបានច្បាស់លាស់ ដើម្បីអាចឱ្យមន្ទីរកសិកម្មខេត្តកំពតអាចជួយសម្របសម្រួលចុះកិច្ចសន្យាកសិកម្មជាមួយរោងម៉ាស៊ីនកិនស្រូវ។
ទាក់ទងនឹងបញ្ហាសន្តិសុខស្បៀងនេះដែរ លោក ហ៊ូ ក្រើន នាយកប្រចាំប្រទេសអង្គការ ហេឡែន ខេលល័រ បានលើកឡើងថា អង្គការ ហេឡែន ខេលល័រ បាននិងកំពុងចូលរួមលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅកម្ពុជាតាមរយៈកម្មវិធីធំៗចំនួន ២។
លោថា៖ «កម្មវិធីចំនួន ២ នោះរួមមានការអនុវត្តគម្រោងអាហារូបត្ថម្ភដល់វិស័យសុខាភិបាល និងការលើកកម្ពស់សន្តិសុខស្បៀងតាមរយៈគម្រោងកសិកម្មវ័យឆ្លាតតាមរយៈអាហារូបត្ថម្ភ និងប្រាក់ចំណូលគ្រួសារ ដែលផ្តោតលើផលិតកម្មដំណាំបន្លែ ផ្លែឈើ ស្រូវ ត្រីនិងការចិញ្ចឹមសត្វជាដើម»។
លោក ហ៊ូ ក្រើន បន្តថា គម្រោងទាំងនេះបានផ្តល់អាទិភាពលើមុខដំណាំ ពូជសត្វដែលផ្តល់គុណភាព និងគុណតម្លៃផ្នែកអាហារូបត្ថម្ភ និងប្រាក់ចំណូលគ្រួសារ។ លោកមានប្រសាសន៍ថា៖ «គម្រោងផ្តោតសំខាន់លើការផ្តល់បច្ចេកទេសពាក់ព័ន្ធនឹងការធ្វើកសិកម្មឆ្លាតវៃ និងការផ្លាស់ប្តូរឥរិយាបថក្នុងសង្គមលើអាហារូបត្ថម្ភ ជាមួយការផ្តល់ធនធានកសិកម្មមួយចំនួនដូចជា៖ ពូជបន្លែ ពូជស្រូវ ជីធម្មជាតិ សួនបន្លែសំណាញ់ ម៉ាស៊ីនដាំគ្រាប់ស្រូវ ផ្ទាំងប៉ាណូផ្សព្វផ្សាយព័ត៌មានកសិកម្ម និងផ្ទាំងសូឡា ជាដើម»។
បើតាមអង្គការ ហេឡែន ខេលល័រ បច្ចុប្បន្នគម្រោងនេះបាននិងកំពុងធ្វើការជាមួយសហគមន៍កសិកម្មចំនួន ១០០ និងអ្នកដាំបន្លែ និងស្រូវចំនួន ៤០ ២០១ គ្រួសារ នៅក្នុងខេត្តតាកែវ កំពត និងកំពង់ធំ។ គម្រោងក៏នឹងបណ្តុះបណ្តាលយុវជន (អាយុចន្លោះពី ១៨ ដល់ ៣០ ឆ្នាំ) លើចំណេះដឹង និងជំនាញការផ្សព្វផ្សាយពាក់ព័ន្ធនឹងអាហារូបត្ថម្ភ និងរបបអាហារសុខភាព តាមរយៈកម្មវិធីមិត្តអប់រំមិត្ត៕