កំពង់ចាមៈ បើគេបានធ្វើដំណើរឆ្លងកាត់គេនឹងឮសំឡេងអ៊ូអររបស់ក្មេងប្រុស-ស្រីបន្លឺចេញពីអគារថ្មប្រក់ដំបូលស័ង្កសីសង់ផ្ទាល់ដី ១ កន្លែង។ អគារដែលហ៊ុមព័ទ្ធទៅដោយវាលស្រែនោះ គឺជាកន្លែងស្នាក់អាស្រ័យរបស់ក្មេងប្រុស-ស្រីកំព្រាឪពុកម្តាយចំនួន ៤៧ (ស្រី ២៦ នាក់) និងមានមនុស្សចាស់ប្រុស-ស្រីចំនួន ២៥ នាក់ (ប្រុស ៥ នាក់)ផងដែរ។
កំពុងឈរជ្រកនៅក្រោមម្លប់ដើមក្រខុបស្ថិតក្នុងបរិវេណដីអគារ ១ ក្មេងស្រី ឈ្មោះពន្លឺស្រី និក អាយុ ១២ ឆ្នាំបានរៀបរាប់ថានាងរៀនថ្នាក់ទី៥ នៅសាលាបឋមសិក្សាថ្កូវស្ថិតក្នុងឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ នាងជាក្មេងកំព្រាឪពុកម្តាយដែលបច្ចុប្បន្នកំពុងស្នាក់នៅក្នុងស្នាក់ការមួយជាមួយកុមារកំព្រាដទៃទៀតក្នុងភូមិថ្មកែវឃុំត្រប់ស្រុកបាធាយខេត្តកំពង់ចាម។នាងមិនបានដឹងថា ម្តាយឪពុកបង្កើតរបស់នាងរស់នៅទីណាទេតែនាងធំដឹងក្តីឡើងស្គាល់តែម្តាយឈ្មោះអ៊ួនព្រីងតែម្នាក់ប៉ុណ្ណោះ។
ស្រី និក បានប្រាប់ថា៖ «ខ្ញុំគ្រាន់តែដឹងថាខ្ញុំមានម្តាយឈ្មោះ អ៊ួន ព្រីង ហើយខ្ញុំមករស់នៅទីនេះដោយសារព្រះសង្ឃចិញ្ចឹមបីបាច់ខ្ញុំតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។ ខ្ញុំរស់នៅទីនេះបានរៀនសូត្រនិងមើលថែពីលោកឪពុក[ព្រះសង្ឃ]ខ្ញុំសប្បាយចិត្តណាស់»។
ពាក់ព័ន្ធក្មេងស្រីខាងលើនេះ អ្នកស្រីអ៊ួនព្រីងអាយុ ៦៣ ឆ្នាំ ជាម្តាយចិញ្ចឹមនិងជាអ្នកមើលថែក្មេងៗកំព្រារួមទាំងមនុស្សចាស់ប្រុសស្រីនៅស្នាក់ការក្មេងកំព្រានិងចាស់ជរាគ្មានទីពឹងសរុបចំនួន ៧៣ នាក់បានប្រាប់ថា កាលពីជាង ១០ ឆ្នាំមុន អ្នកស្រីបានយកចៅទៅព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ជាក្នុងរាជធានីភ្នំពេញ។ រីឯកូនស្រីនិកក៏ត្រូវម្តាយបង្កើតរបស់នាងយកទៅព្យាបាលជំងឺស្ទះទឹកនោមនៅទីនោះដែរ។
អ្នកស្រីបានបន្តថា បន្ទាប់មកនៅថ្ងៃមួយម្តាយស្រី និក បានផ្ញើនាងឱ្យអ្នកដេកពេទ្យជាមួយគ្នាជួយមើលជំនួសព្រោះគាត់ប្រាប់ថា ចុះទៅទិញអាហារមួយភ្លែតហើយក៏ទៅចោលកូនបាត់រហូតតែម្ដង។ នៅពេលនោះអ្នកស្រីបានមើលថែស្រី និក រហូតបានជាសះស្បើយហើយយកធ្វើជាកូនតែម្តងទៅ និងបានដាក់ឈ្មោះថាពន្លឺស្រីនិក។
«កូនស្រី និក ខ្ញុំបានធ្វើសំបុត្រកំណើត និងមានអាជ្ញាធរដឹងឮផងហើយតាំងពីត្រកូលក៏ខ្ញុំដាក់ឱ្យដែរ ព្រោះកាលនោះនាងនៅតូច សូម្បីតែឈ្មោះខ្លួនឯងក៏មិនស្គាល់ផង»។
ចំពោះការគ្រប់គ្រងទំនុកបម្រុងក្មេងកំព្រានិងមនុស្សចាស់នៅស្នាក់ការក្មេងកំព្រានិងចាស់ជរាគ្មានទីពឹងនេះដែរព្រះគ្រូវិរិយធម្មញាណពៅ ស៊ត គង់ នៅវត្តថាន់កុដិលេខ ១ ក្នុងរាជធានីភ្នំពេញ មានថេរដីកាថា ស្នាក់ការក្មេងកំព្រា និងចាស់ជរាគ្មានទីពឹងនេះ គឺមានអតីតព្រះគ្រូជាសុមាលាជាស្ថាបនិកហើយបានប្រមូលក្មេងៗកំព្រាម្តាយឪពុករួមទាំងមនុស្សចាស់គ្មានទីពឹងមកស្នាក់នៅ និងទទួលបានការទំនុកបម្រុងពីព្រះគ្រូ។
ព្រះអង្គបានបន្តថា ចំពោះស្នាក់ការក្មេងកំព្រា និងចាស់ជរាគ្មានទីពឹងនេះមានផ្ទៃដីក្បាល ៨ ម៉ែត្រនិងមានបណ្តោយ ២០ ម៉ែត្រជាដីទិញពីអ្នកភូមិ។ ដំបូងឡើយសង់ជាខ្ទមប្រក់ស្លឹកធម្មតាគ្រាន់តែបានជ្រកទេតែក្រោយមកព្រះគ្រូជាសុមាលាក៏បានសង់ជាអគារថ្មប្រក់ស័ង្កសី ១ ខ្នងមាន ៣ បន្ទប់ដើម្បីជាជម្រកសមរម្យមួយសម្រាប់ពួកគេស្នាក់នៅ។ ប៉ុន្តែក្រោយមកដោយសារព្រះគ្រូជាសុមាលាបានលាចាកសិក្ខាបទព្រះអង្គ[ពៅស៊ត]ក៏ទទួលរ៉ាប់រងគ្រប់គ្រងបន្តដែលគិតពីមកទល់ពេលនេះទើបទទួលបន្តបានរយៈពេលជាង ១ ខែនេះទេ។ ព្រោះក្មេងៗ និងមនុស្សចាស់ដែលគ្មានទីពឹងទាំងនោះនឹងត្រូវជួបបញ្ហាប្រសិនបើគ្មានអ្នកមើលថែ។
ព្រះអង្គមានថេរដីកាថា៖ «សព្វថ្ងៃនេះអាត្មានៅតែបន្តអំពាវនាវស្វែងរកសប្បុរសជនដើម្បីបានជាបច្ច័យជាប្រាក់ជាស្បៀងអាហារអង្ករ ដើម្បីឧបត្ថម្ភចិញ្ចឹមក្មេងៗកំព្រា និងមនុស្សចាស់គ្មានទីពឹង»។
បើតាមព្រះគ្រូវិរិយធម្មញាណ ពៅ ស៊ត ក្មេងៗកំព្រាទាំងនោះត្រូវបានយកមកពីខេត្តបន្ទាយមានជ័យកំពង់ចាមត្បូងឃ្មុំនិងខេត្តក្រចេះតាមរយៈការដឹងឮបន្តៗគ្នា។ ពួកគេមានអាយុចន្លោះពី ២ ទៅ ១៥ ឆ្នាំ និងបានចូលរៀននៅសាលាបឋមសិក្សាក្នុងតំបន់នោះពីថ្នាក់ទី១ ដល់ថ្នាក់ទី៧។ រីឯមនុស្សចាស់វិញសុទ្ធតែជាក្រមុំនិងកំលោះចាស់មាន ២៥ នាក់ (ប្រុស ៥ នាក់) ដែលគ្មានកូនចៅមើលថែនិងមានអាយុចន្លោះពី ៥៥ ឆ្នាំដល់ ៨០ ឆ្នាំ។
ព្រះគ្រូវិរិយធម្មញាណ ពៅ ស៊ត បានរៀបរាប់ទៀតថា ចំពោះទីកន្លែងស្នាក់នៅសម្រាប់ពួកគាត់គឺព្រះអង្គមិនសូវជាព្រួយបារម្ភប៉ុន្មានទេតែអ្វីដែលព្រះអង្គបារម្ភគឺបញ្ហាស្បៀងអាហារហូបចុក។ ទន្ទឹមនឹងនេះដែរ បើក្មេងៗរៀននៅសាលាវិញក៏ត្រូវការប៊ិចសៀវភៅ និងសម្លៀកបំពាក់ដែលបច្ចុប្បន្នព្រះអង្គក៏កំពុងត្រូវការជំនួយពីសប្បុរសជនជិតឆ្ងាយមិនថា ក្នុងប្រទេស ឬនៅក្រៅប្រទេសទេ។ ប៉ុន្តែនៅពេលដែលព្រះអង្គផូស្តតាមហ្វេសប៊ុកស្វែងរកជំនួយក៏មានជនខិលខូចយកវីដេអូព្រះអង្គទៅដាក់លេខទូរស័ព្ទខ្លួនឯង និងបង្កើតអាខោនធនាគារផ្ទាល់ខ្លួនហើយដល់តែសប្បុរសជួយក៏ធ្លាក់ទៅលើជនខិលខូចទាំងនោះទៅវិញ។
បើតាមព្រះគ្រូវិរិយធម្មញាណ ពៅ ស៊ត ជារឿយៗមានសប្បុរសជនតែងជួយឧបត្ថម្ភជាបន្តបន្ទាប់ទោះជាតិចឬច្រើនក្តីតាមសទ្ធារបស់ពុទ្ធបរិស័ទ។ពិសេសព្រះអង្គចង់ឱ្យសប្បុរសជនបានទៅឃើញផ្ទាល់នឹងភ្នែកអំពីការរស់នៅរបស់ក្មេងៗ និងមនុស្សចាស់គ្មានទីពឹងទាំងនោះឱ្យបានជ្រាបពីការពិតអំពីជីវិតរបស់ពួកគេ។ ព្រោះក្នុង ១ ថ្ងៃៗត្រូវប្រើអង្ករដាំបាយអស់ ១ បាវ (៥០ គីឡូក្រាម) រីឯម្ហូបវិញត្រូវចំណាយយ៉ាងតិចក៏ ១០ ម៉ឺនរៀលដែរ ក្នុង ១ ថ្ងៃ ពីព្រោះមានក្មេងទាំងអស់ ៤៧ នាក់ មនុស្សចាស់ ២៥ នាក់ ចុងភៅ ៨ នាក់ រួមនឹងប្រជាការពារ ២ នាក់ទៀតដែលសរុប ៨២ នាក់។ ចំពោះការងារសប្បុរសធម៌នេះបើសប្បុរសជនមានបំណងជួយតាមរយៈ ABA 002968853 Pov Soth ហើយព្រះអង្គតាំងចិត្តថា នឹងតស៊ូជាមួយពួកគេរហូតដល់អស់ជីវិតទើបបញ្ចប់សកម្មភាពមនុស្សធម៌របស់ព្រះអង្គ។
សម្រាប់លោក ង៉ោ ជោត មេឃុំត្រប់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ចំពោះកិច្ចការមនុស្សធម៌បែបនេះលោកគិតថា មិនមានបញ្ហាអ្វីចោទទេ ផ្ទុយទៅវិញបានជួយសង្គ្រោះដល់ជនក្រីក្រហើយលោកចូលរួមត្រេកអរផងដែរដោយសារអ្នកទាំងនោះសុទ្ធតែជាទុរគតជនទីទ័លក្រខ្វះខាតមែន»៕