ភ្នំពេញៈ សមាសភាពរាជរដ្ឋាភិបាលកម្ពុជាថ្មី នឹងទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ (UNGA 78) នៅទីក្រុងញូវយ៉ក នាខែកញ្ញា ខាងមុខ ដោយកម្ពុជាបានត្រៀមខ្លួនប្រើប្រាស់វេទិកាដ៏ធំនេះ ដើម្បីបង្ហាញទស្សនៈកម្ពុជា លើបញ្ហាអន្តរជាតិ និងដើម្បីជួបតួអង្គពិភពលោកសំខាន់ៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ខណៈឆ្នាំនេះ UNGA 78 ផ្តោតសំខាន់លើការកសាងទំនុកចិត្តនិងពង្រឹងសាមគ្គីភាពសកលឡើងវិញ។
លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៣១ ខែកក្កដាថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅឆ្នាំ ២០២៣ នេះ។ លោកបានបន្តថា តំណាងកម្ពុជាលើវេទិកាសកលដ៏ធំនេះ នឹងត្រូវសម្រេចដោយរដ្ឋាភិបាលបន្ទាប់ ពោលគឺរដ្ឋាភិបាលនីតិកាលទី៧ ដែលនឹងដឹកនាំដោយលោក ហ៊ុន ម៉ាណែត ដែលកម្ពុជាធានាភាពជាតំណាងកម្រិតខ្ពស់បំផុតនៃគណៈប្រតិភូដែលត្រូវចូលរួម។
លោក អាន សុខខឿន បានថ្លែងថា៖ «មហាសន្និបាតនេះ ជាវេទិកាសកលដ៏ធំ ដែលមានការជួបជុំប្រចាំឆ្នាំនូវវត្តមានមេដឹកនាំពិភពលោកនៃសមាជិកអង្គការសហប្រជាជាតិ រួមមានកម្ពុជាផង ដើម្បីពិភាក្សា ដេញដោល បង្ហាញទស្សនៈផ្ទាល់នៃប្រទេសរៀងៗខ្លួនក្នុងការដោះស្រាយវិបត្តិអន្តរជាតិ»។
លោកបន្តថា៖ «ការបង្ហាញការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង បទពិសោធន៍ជោគជ័យ គំនិតផ្តួចផ្តើមជាអន្តរជាតិ លើកិច្ចសហប្រតិបត្តិការ សន្តិភាព និងសន្តិសុខ ហើយជាពិសេសដើម្បីជជែកពីរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។ អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ទៀតថា តាមរយៈការចូលរួមកិច្ចពិភាក្សាទូទៅរបស់ UNGA កម្ពុជាទទួលបានឱកាសដ៏ល្អក្នុងការចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីជាមួយប្រទេស និងអង្គការអន្តរជាតិផ្សេងៗ។
លោកបន្ថែមថា កិច្ចសន្ទនាទាំងនេះមានសក្ដានុពលក្នុងការពង្រឹងផ្នែកដែលមានអត្ថប្រយោជន៍ ទៅវិញទៅមកនៃកិច្ចសហប្រតិបត្តិការ បង្កើតភាពជាដៃគូថ្មី សហការលើបញ្ហារួម និងទទួលបានការគាំទ្រ សម្រាប់គំនិតផ្តួចផ្តើមផ្សេងៗ។
សូមបញ្ជាក់ថា តាមរយៈលិខិតចេញផ្សាយដោយលោក Dennis Francis ប្រធានជាប់ឆ្នោតនៃអង្គមហាសន្និបាត UNGA លើកទី៧៨ នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ បញ្ជាក់ថា សម័យប្រជុំលើកទី៧៨ នេះ មានប្រធានបទសំខាន់គឺ «ការកសាងទំនុកចិត្តឡើងវិញនិងការគ្រប់គ្រងសាមគ្គីភាពសកល៖ ការពន្លឿនសកម្មភាពលើរបៀបវារៈឆ្នាំ ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្ពោះទៅរកសន្តិភាព វិបុលភាព វឌ្ឍនភាពនិងនិរន្តរភាពសម្រាប់ទាំងអស់គ្នា»។
មហាសន្និបាតនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៩ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកហើយការពិភាក្សាកម្រិតខ្ពស់នឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែកញ្ញា។
ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក សេង វណ្ណលី សាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិ និងជាអ្នកតាមដាននយោបាយតំបន់លើកឡើងថា មហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញា ជាកិច្ចប្រជុំប្រចាំឆ្នាំ ដែលមានការចូលរួមពីប្រមុខរដ្ឋ ថ្នាក់ដឹកនាំរដ្ឋាភិបាលពីប្រទេសជាសមាជិក។ លោកថា កិច្ចប្រជុំនេះមិនថ្មីឡើយ ប៉ុន្តែអ្វីដែលថ្មីនោះ គឺសមាសភាពតំណាងកម្ពុជា ដែលត្រូវផ្លាស់ប្តូរមុខមាត់ថ្មី តាមរយៈគណៈរដ្ឋាភិបាលថ្មីនៅអាណត្តិទី៧ ដែលនឹងដឹកនាំដោយលោកហ៊ុន ម៉ាណែត ជាមួយអ្នកការទូតជំនាន់ថ្មី។
លោក សេង វណ្ណលី សង្កត់ធ្ងន់ថា៖ «កិច្ចប្រជុំនេះ មានសារៈសំខាន់ វាបង្ហាញពីការចូលរួមរបស់រដ្ឋជាសមាជិកអង្គការសហ ប្រជាជាតិក្នុងដំណោះស្រាយវិបត្តិសកល ហើយប្រធានបទឆ្នាំនេះ ផ្តោតលើការរួមគ្នាដោះស្រាយបញ្ហាសកល និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ដែលបានយឺតយ៉ាវដោយសារកូវីដ ហើយមេដឹកនាំនានានឹងពិភាក្សារកច្រកពន្លឿនការសម្រេច»។
លោកបានបន្តថា មហាសន្និបាតនេះក៏អាចបង្កើតជាឱកាសក្នុងការពង្រឹងនិងបង្កើតកិច្ចសហប្រតិបត្តិការ ឬគំនិតផ្តួចផ្តើមថ្មីៗនានា តាមរយៈជំនួបដាច់ដោយឡែករវាងមេដឹកនាំ ថ្នាក់ដឹកនាំរដ្ឋនិងរដ្ឋ ឬជាមួយអង្គការអន្តរជាតិនានាទាំងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងថ្នាក់តំបន់។
សម្រាប់លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងដែរថា មហាសន្និបាតឆ្នាំនេះផ្តោតសំខាន់ទៅលើការកសាង ទំនុកចិត្តគ្នាឡើងវិញ បន្ទាប់ពីប្រព័ន្ធពហុភាគីនិយមត្រូវបានរងការចុះខ្សោយឥទ្ធិពល ព្រោះការប្រណាំងប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាច និងការបែកបាក់របស់ពិភពលោកជាចំណែកៗ។
លោក គិន ភា ថា៖«យើងមើលទៅគោលដៅអភិវឌ្ឍន៍ក្របខ័ណ្ឌអន្តរជាតិទាំងប៉ុន្មានត្រូវបានរាំងស្ទះ ដោយសារប្រទេសធំៗជាឆ្អឹងខ្នងសកល រវល់ជាប់ដៃធ្វើសង្គ្រាម រវល់ប្រកួតប្រជែងឥទ្ធិពល ភ្លេចរបៀបវារៈរួមរបស់អង្គការសហប្រជាជាតិ»។
លោកថា វេទិកានេះជារឿងសំខាន់សម្រាប់គណៈរដ្ឋាភិបាលថ្មីដែលនឹងដឹកនាំដោយលោក ហ៊ុន ម៉ាណែត អាចបង្ហាញខ្លួនក្នុងក្របខ័ណ្ឌអន្តរជាតិដើម្បីបញ្ជាក់ពីធម្មានុរូប ឬការទទួលស្គាល់ដោយស្របច្បាប់នូវគណៈរដ្ឋាភិបាលកម្ពុជាថ្មីនេះ ពីសហគមន៍អន្តរជាតិ ដែលដូចទៅនឹងស្ថានការណ៍ឆ្នាំ ២០១៣ ដែលលោក ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំអង្គការសហ ប្រជាជាតិ ក្រោយការបោះឆ្នោតផងដែរ៕