ភ្នំពេញៈ លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ដែលគជប នឹងប្រកាសនៅថ្ងៃទី ១ សីហា នឹងមិនមានអ្វីប្រែប្រួលនោះទេ ពោលគឺមានតែគណបក្សចំនួន ២ ប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលទទួលបានអាសនៈនៅរដ្ឋសភា។
លោក សោម សូរីដា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៣១ ខែកក្កដាថា គ.ជ.ប បានពិនិត្យ និងសម្រេចទៅលើលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣ ដែលនឹងប្រកាសនៅថ្ងៃទី ១ ខែសីហា។ លោកបានបន្ថែមថា បើពិនិត្យទៅលើលទ្ធផលដែលនឹងត្រូវប្រកាសនេះមានការប្រែប្រួលលើសន្លឹកឆ្នោតខ្លះ ប៉ុន្តែមិនបានធ្វើឱ្យមានការប្រែប្រួលដល់ភាគរយ នៃចំនួនអ្នកដែលមានឈ្មោះបោះឆ្នោតហើយបានចេញទៅបោះឆ្នោតនោះទេ។
លោក សោម សូរីដា បញ្ជាក់ថា៖ «សម្រាប់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ រក្សាបាននូវចំនួនអ្នកទៅបោះឆ្នោត ៨៤,៥៩% ដដែលចំណែកចំនួនសន្លឹកឆ្នោត មានការប្រែប្រួលខ្លះនោះ ក៏មិនបានធ្វើឱ្យប្រែប្រួលភាគរយរបស់គណបក្សនយោបាយ ដែលទទួលបានសំឡេងឆ្នោតនោះដែរ»។
បើតាមអ្នកនាំពាក្យដដែល សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ មានតែគណបក្សនយោបាយចំនួន ២ ប៉ុណ្ណោះ ដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា បានចំនួន ១២០ អាសនៈរីឯគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន ៥ អាសនៈ។ ដោយឡែកគណបក្សនយោបាយចំនួន ១៦ ផ្សេងទៀត ដែលបានចូលរួមការបោះឆ្នោនេះមិនទទួលបានអាសនៈឡើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា គ.ជ.ប បានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពីការបោះឆ្នោតលើកទី១ (បោះឆ្នោតឡើងវិញ) វិសោធនកម្មប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ (វិសោធនកម្ម ចំណុចទី ២១-២៧) និងសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការប្រកាសផ្សាយ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣។
សេចក្តីប្រកាសបានបន្តថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចនឹងធ្វើការប្រកាសលទ្ធផលបណ្តោះអាសន្នចុងក្រោយនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី ៥ ខែសីហា ក្នុងករណីគ្មាន ឬមានពាក្យបណ្តឹង និងគ្មានការបោះឆ្នោតសាជាថ្មី។
គ.ជ.ប បានបញ្ជាក់ទៀតថា៖ «ក្នុងប្រតិទិន ការប្រកាសលទ្ធផលផ្លូវការការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត (ករណីគ្មាន ឬមានពាក្យបណ្តឹង និងករណីគ្មាន ការបោះឆ្នោតសាជាថ្មី) ប្រកាសថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣»។
ក្នុងកិច្ចប្រជុំនោះដែរ លោក ប្រាជ្ញ ចន្ទ ក៏បានណែនាំដល់អង្គភាពជំនាញប្រមូលឱ្យបានឆាប់របាយការណ៍ និងអនុសាសន៍របស់អ្នកសង្កេតការណ៍អន្តរជាតិ ដែលបានមកសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣។
ដោយឡែកលោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីថ្មីសម្រាប់អាណត្តិទី៧ ដែលនឹងត្រូវប្រកាសជាផ្លូវការក្នុងខែសីហានេះ បានចេញលិខិតថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគណបក្ស និងគណៈកម្មាធិការសាខាគណបក្សបជាជនកម្ពុជា នៅក្រៅប្រទេសដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតនិងបានចូលរួមបោះឆ្នោតកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។
តាមរយៈលិខិតថ្លែងអំណរគុណចុះថ្ងៃទី ៣០ ខែកក្កដា លោក ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «ខ្ញុំសូមសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់និងសេចក្តីថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្រដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងក្នុង និងក្រៅប្រទេសដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមបោះឆ្នោតកាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ»។
លោក យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាជាជោគជ័យរបស់ប្រជាពលរដ្ឋកម្ពុជា ទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេស។ លោកបន្តថា នយោបាយបង្រួបបង្រួមរបស់គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែសម្រាប់សមាជិករបស់ខ្លួនស្ថិតនៅទីណានោះទេ សូម្បីតែសមាជិកមកពីគណបក្សផ្សេង ក៏គណបក្សប្រជាជនកម្ពុជាតែងតែផ្តល់ឱកាសផងដែរ។
លោក យង់ ពៅ បាននិយាយថា៖ «ជាក់ស្តែងដូចជា ការង្កើតឱ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ជាដើម គឺជាការបើកឱកាសឱ្យគ្រប់គ្នាចូលរួមក្នុងការកសាងប្រទេស ឬអភិវឌ្ឍន៍ប្រទេស ជាមួយគ្នាជាជាងអង្គុយរិះគន់ បន្តុះបង្អាប់ឬបន្ទច់បង្អាក់ដោយមិនបានសម្លឹងមើលទិដ្ឋភាពនៃការអភិវឌ្ឍសង្គម»។ លោកបន្តថា៖ «ទាំងអស់នេះដែលឯកឧត្តមហ៊ុន ម៉ាណែត ត្រូវបន្តមរតកពីគណបក្សប្រជាជនកម្ពុជា»៕