ភ្នំពេញៈ ទិន្នន័យ​ជំរឿន​សត្វ​​ក្រៀល​មានការ​កើនឡើង ខណៈដែលមាន​កំណត់ត្រា​វិទ្យា​សាស្ត្រ​ដំបូងបង្អស់​នៃ​សម្បុក​សត្វ​ក្រាល​នៅ​តំបន់​ព្រៃ​លិច​ទឹកទន្លេ​មេគង្គ​ក្នុង​រយៈពេល ​២០ ​ឆ្នាំ​ចុង​ក្រោយនេះ ដែល​ក្រសួងបរិស្ថាន​ថា លទ្ធផល​ជំរឿន​ឆ្នាំ ​២០២៣ ​នេះ បង្ហាញ​ពីស​ញ្ញា​វិជ្ជមាន​មួយ​ដ៏​ល្អ​។​

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹង​នៅ​យប់​ថ្ងៃទី ​៣០ ខែកក្កដា​ថា វា​ជា​ដំណឹង​ដ៏​រីករាយ​ដែល​លទ្ធ​​ផល​ជំរឿន​ឆ្នាំ ​២០២៣ បង្ហាញ​ពីស​ញ្ញា​វិជ្ជមាន​ព្រោះថា ទិន្ន​ន័យ​ជំរឿន​សត្វ​ក្រៀល​ក្នុង​រយៈ​ពេល​ ១០​ ឆ្នាំ​ចុងក្រោយ​បានបង្ហាញ​និន្នាការ​ថយចុះ​រហូត​។

ក្រសួងបរិស្ថានបានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួម ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ ដែល​លទ្ធផល​ពេលនេះ​បានបង្ហាញ​ពី​ប្រសិទ្ធ​ភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​នានា​របស់​ក្រសួង​បរិស្ថាន និង​អង្គការ​ដៃគូ និង​បង្ហាញ​ពី​ភាពប្រសើរឡើង​នៃ​ការអភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា ការយល់ដឹង​របស់​ប្រជា​​ពលរដ្ឋ ការផ្លាស់ប្តូរ​ឥរិយាបថ​សាធារណជន​ចំពោះ​សត្វព្រៃ​។​

​លោក​ថ្លែងថា​៖ «​ចំពោះ​សត្វ​ក្រៀល​នេះ​ក្រសួងបរិស្ថាន​បាន​យកចិត្តទុកដាក់​ខ្ពស់​ជាក់ស្តែង​នា​ថ្ងៃទី​ ១៤ ខែកក្កដា បានចេញ​សេចក្តីសម្រេច​បង្កើត​ក្រុម​ការ​ងារ​អភិរក្ស​ក្រៀល​ដើម្បី​បន្ត​កិច្ច​​ខិតខំ​ប្រឹងប្រែង​រួមគ្នា​បន្ថែមទៀត​ដើម្បី​ផ្តល់​ជម្រក​សុវត្ថិ​​ភាព​ដល់​សត្វ​នេះ​តាមរយៈ​ការ​អនុវត្ត​ច្បាប់ ការស្រាវជ្រាវ ការបង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន និង​ការអប់រំ​ផ្សព្វផ្សាយ​»​។​

​ទន្ទឹមនឹងនេះ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាជន​ក្នុង​សហគមន៍​មូលដ្ឋាន​ទាំងអស់​ដែល​រស់នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ​ឱ្យ​បញ្ឈប់​ការដាក់​អន្ទាក់ ការ​បរបាញ់ និង​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ហើយ​មក​ចូលរួម​ក្នុង​សកម្ម​ភាព​អភិរក្ស​ឱ្យ​កាន់តែ​សកម្ម​បន្ថែមទៀត​ជាមួយ​រាជ​រដ្ឋា​ភិ​បាល និង​អង្គការ​ដៃគូ​។​

​ក្រសួងបរិស្ថាន​បាន​សហ​ការ​ជាមួយ​អង្គការ​ជីវិត​ធម្ម​ជាតិ​នៅ​កម្ពុជា (NLC), អង្គ​​ការ​សមាគម​អភិរក្ស​សត្វព្រៃ ​(WCS), អង្គការ​មូលនិធិ​សត្វ​ក្រៀល (ICF) បានធ្វើ​ជំរឿន​សត្វ​ក្រៀល​នៅ​ប្រទេស​​កម្ពុជា​ឆ្នាំ ​២០២៣ ​នៅតាម​ទីតាំង​សំខាន់ៗ​ក្នុងប្រទេស​កម្ពុជា និង​វៀតណាម ដូចជា​តំបន់​ដីសណ្ត​ទន្លេមេគង្គ តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ព្រៃរបោះ​ខ្ពង់រាប​ភាគ​ខាងជើង​និង​ឦសាន​។​

​បើតាម​លោក នេត្រ ភក្ត្រា កាលបរិច្ឆេទ​នៃ​ការធ្វើជំរឿន​សត្វ​ក្រៀល​នៅ​ប្រទេស​កម្ពុជា​គឺធ្វើឡើង​នៅ​ខែធ្នូ មករា កុម្ភៈ មីនា មេសា និង​ខែឧសភា​។​លទ្ធផល​ជំរឿន​ចុង​ក្រោយនេះ​កត់ត្រា​បាន​ក្រៀល​ចំនួន​ខ្ពស់បំផុត​ក្នុង​ខែកុម្ភៈ គឺមាន​ចំនួន ១៨០ ក្បាល តួលេខ​ថ្មី​នេះ​បង្ហាញ​សញ្ញា​វិជ្ជមាន​បើ​ប្រៀប​ធៀប​ទៅនឹង​លទ្ធផល​ឆ្នាំ​ ២០២២ ​ដែល​រាប់​បានតែ​ ១៥៦ ​ក្បាល និង​ឆ្នាំ ​២០២១​ រាប់​បានតែ​ ១៦១ ​ក្បាល​។

​លោក អៀម សំ​អ៊​ន់ ប្រធាន​កម្មវិធី​ស្រាវជ្រាវ​សត្វព្រៃ​របស់​អង្គការ WWF បានបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការរកឃើញ​នេះ ដោយបាន​បញ្ជាក់ថា​វា​ជា​កំណត់ត្រា​វិទ្យាសាស្ត្រ​ដំបូងបង្អស់​នៃ​សម្បុក​សត្វ​ក្រៀល​រួម​ជាមួយនឹង​សត្វ​ពេញវ័យ​បន្ត​ពូជ​ ១ ​គូ​ផងដែរ​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹកទន្លេ​មេគង្គ​សម្រាប់​រយៈពេល​ ២០ ​ឆ្នាំ​កន្លងមកនេះ​។​

​លោក ប៊ូ វរ​សក្ស នាយក​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា ក៏បាន​លើកឡើង​ដែរ​ថា កម្ពុជា​នៅមាន​វត្តមាន​សត្វ​ក្រៀល​ក្នុង​ទីជម្រក​ធម្មជាតិ​ក្នុង​ចំនួន​មួយ​គួរឱ្យកត់សម្គាល់ ប៉ុន្តែ​សត្វ​នេះ​កំពុង​ប្រឈម​នឹង​កត្តា​គំរាម​កំហែង​ជាច្រើន​ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ​ជាបន្ទាន់​។

​លោក​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ដែល​បាន​បង្កើត​ក្រុមការងារ​អភិរក្ស​សត្វ​ក្រៀល​កម្ពុជា​​ ​ដើម្បី​កៀរគរ​ធនធាន​ក្នុងការ​អនុវត្ត​ផែនការ​អភិរក្ស​សត្វ​ក្រៀល​រយៈពេល​ ១០ ​ឆ្នាំ ​(២០២០-២០៣០)​ នៅ​កម្ពុជា​។​

​លោកថ្លែងថា​៖ «​យើង​សង្ឃឹមថា តាមរយៈ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​ក្រសួងបរិស្ថាន និង​មានការ​ចូលរួម​ពី​រដ្ឋបាល​ព្រៃឈើ រួម​នឹង​អង្គការ​ពាក់ព័ន្ធ​សំខាន់ៗ​មួយចំនួន​កត្តា​គំរាមកំហែង​ដស់​សត្វ​ក្រៀល​ដែល​បានចែង​ក្នុង​ផែនការ​ ១០​ ឆ្នាំ​នឹង​ត្រូវបាន​ដោះស្រាយ សត្វ​ក្រៀល​យើង​នឹង​បន្ត​កើន​ឡើងវិញ​»​។​

​សត្វ​ក្រៀល ជា​សត្វ​ស្លាបមាន​មាឌធំ​មួយ​ប្រភេទ​ដែល​អាចធ្វើ​ចរាចរ​រយៈ​ចម្ងាយ​ឆ្ងាយ ហើយ​ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​ក្នុង​បញ្ជី​ក្រហម IUCN​។ ក្នុង​ខែ​​កក្កដា ឆ្នាំ​ ២០២៣ ក្រុម​អ្នក​ស្រាវជ្រាវ​ក៏បាន​កត់ត្រា​ទុក​សត្វ​ក្រៀល ​៤ ក្បាល​ផ្សេងទៀត ដែល​កំពុង​រស់នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក ដែលជា​តំបន់ការពារធម្មជាតិ​មួយទៀត​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងបរិស្ថាន និង​គាំទ្រ​ដោយ​អង្គការ WWF៕