កណ្តាលៈ កាកបាទក្រហមកម្ពុជាជំរុញសាខារបស់ខ្លួនក្នុងខេត្តគោលដៅចំនួន ៤ រួមមាន ខេត្តកណ្តាល ត្បូងឃ្មុំ បន្ទាយមានជ័យ និងប៉ៃលិនបន្តអនុវត្តឱ្យមាននិរន្តរភាពកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍បន្ទាប់ពីសហគមន៍អឺរ៉ុបបានបញ្ចប់ប្រតិបត្តិការកម្មវិធីនេះ។
លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ថ្លែងថា៖ «បន្ទាប់ពីការបញ្ចប់ប្រតិបត្តិការកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ ដោយសារសហគមន៍អឺរ៉ុបផ្លាស់ប្ដូរទិសដៅអាទិភាពប្រតិបត្តិការ និងការងារកាត់បន្ថយហានិភ័យ ដូច្នេះខេត្តគោលដៅនីមួយៗត្រូវបង្ហាញពីភាពម្ចាស់ការ និងភាពទទួលខុសត្រូវរបស់ខ្លួន ក្នុងការបន្តសកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ឱ្យមាននិរន្តរភាព និងមានប្រសិទ្ធភាពខ្ពស់ផងដែរ»។
លោកស្រីថ្លែងបែបនេះ ក្នុងពិធីបិទ និងប្រគល់កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ ដល់សាខាកាកបាទក្រហមខេត្តគោលដៅទាំង ៤ នេះនៅថ្ងៃទី ៣១ កក្កដា។
លោកស្រីបន្តថា កម្មវិធីនេះមានការគាំទ្រហិរញ្ញវត្ថុពីសហគមន៍អឺរ៉ុបតាមរយៈសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម កាកបាទក្រហមហ្វាំងឡង់ និងកាកបាទក្រហមកម្ពុជា។ កម្មវិធីនេះបាន និងកំពុងអនុវត្តនៅក្នុង ១៩៤ ភូមិ ២០ ឃុំ ១០ ក្រុង-ស្រុក ក្នុងខេត្តទាំង ៤ នេះ ៣ ឆ្នាំមកហើយ។
កម្មវិធីនេះមានគោលដៅរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ដោយអនុវត្តការងារសំខាន់ៗចំនួន ៣ គឺការត្រៀមបង្ការជំងឺរាតត្បាត,ការគ្រប់គ្រងគ្រោះមហន្តរាយនិងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍស្ថាប័ន។
លោក គង់ សោភ័ណ្ឌ អភិបាលកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តកណ្តាលបានថ្លែងថា សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលបានអនុវត្តកម្មវិធីនេះនៅភូមិគោលដៅចំនួន ៤១ ក្នុងឃុំចំនួន ៦ នៃស្រុកគោលដៅចំនួន ៣ ទូទាំងខេត្ត រួមមាន ស្រុកខ្សាច់កណ្ដាល ស្រុកលើកដែក និងស្រុកកោះធំ ដោយបានអនុវត្តលើខ្នងផ្ទះសរុប ១៤ ៦១៧ ខ្នង មានអ្នកទទួលផល ១៥ ៧៥៤ គ្រួសារ។
កាលពីថ្ងៃទី ២០ ខែកក្កដា មន្ត្រីសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តកណ្តាលបាននាំយកជំនួយមនុស្សធម៌ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាក់ស្រុតផ្ទះនៅតាមមាត់ច្រាំងព្រែកត្នោតចំនួន ១២ គ្រួសារ ដែលមានសមាជិកចំនួន ២៣ នាក់ នៅក្នុងភូមិព្រែកតាពៅ និងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តកណ្តាល បានសម្ដែងការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរងគ្រោះ ដែលនេះជាគ្រោះមហន្តរាយបង្កដោយសារធម្មជាតិ។
លោកបានថ្លែងថា៖ «ថ្វីដ្បិតតែជំនួយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានចំនួនតិចតួច មិនសមទៅនឹងទំហំនៃការខាតបង់ក៏ពិតមែន តែវាក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតផងដែរ»។
នៅថ្ងៃដដែលនោះមន្ត្រីសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តកណ្តាល ក៏បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តនេះជូនដល់ប្រជាពលរដ្ឋ ចំនួន ២ គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិកោះទៀវ (ក) សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។
ហ្វេសប៊ុករដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងថា កាលពីចុងខែមិថុនា មន្ត្រីកាកបាទក្រហមខេត្តកណ្តាលបាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមផ្ដល់ជូនប្រជាពលរដ្ឋ ២ នាក់ ដែលរងគ្រោះដោយឆក់ខ្សែភ្លើងបណ្ដាលឱ្យមានពិការភាព នៅក្នុងឃុំថ្មគរ ស្រុកល្វាឯម រងគ្រោះដាច់ដៃទាំងសងខាង និងជើងទាំង ២ ពិការមិនអាចដើរបាន និងម្នាក់ទៀតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដោយបានរងគ្រោះដាច់ដៃទាំងសងខាង៕