ភ្នំពេញៈ ក្នុង​រយៈពេល​ ១១ ​ឆ្នាំ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន​ ម៉ា​នី បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅ​ទូទាំង ២៥ រាជធានី ខេត្ត បាន​រហូតដល់​ជាង​ ១​ ពាន់​លើក ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ដែល​បានទទួល​សេវា​នេះ​ជាង​ ១១​ លាន​នាក់​។​

​តាមរយៈ​របាយការណ៍​របស់លោក លេង ផា​លី ប្រធាន​ប្រតិបត្តិ​ក្រុម​ការ​ងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី បានឱ្យដឹងថា ក្នុង​រយៈពេល​ ១១ ​ឆ្នាំ ដែល​គិត​ចាប់ពី​ខែធ្នូ ឆ្នាំ​ ២០១២ ដល់​ខែកក្កដា ឆ្នាំ​ ២០២៣ ក្រុមការងារ​គ្រូ​​ពេទ្យ​ស្ម័គ្រចិត្ត​នេះ​បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​បាន​ចំនួន ​១ ០៩៧​ លើក នៅ​ទូទាំងប្រទេស​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ា​នី ក្នុង​រយៈពេល ១១ ​ឆ្នាំ​មកនេះ ដែល​បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​»​។

​ក្នុង​ ២៥ ​រាជធានី ខេត្ត ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្តបាន​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​ចំនួន ១ ០៩៧ ​លើក​ ដែលមាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​ ១១ ៨៤២ ១៨៤ ​នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៦ ០៥៤ ៦៩៤​ នាក់​។ បើ​គិត​សេវា​ជា​មធ្យម ប្រជាពលរដ្ឋ​ក្នុង​ម្នាក់ ចំណាយ​អស់ ៥០ ​ដុល្លារ ដែល​សរុប​ត្រូវ​ចំណាយ​ទាំងអស់​ជាង​ ៥៩២ ​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក លេង ផា​លី​។​

​ទន្ទឹមនឹង​នេះដែរ កាលពី​ថ្ងៃទី​ ៣០ ខែកក្កដា លោក កែរ រដ្ឋា រដ្ឋលេខា​ធិ​ការ​ក្រសួងសុខាភិបាល​រួម​នឹង​មន្ត្រី​ជាន់​​ខ្ពស់​នៃ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី បាន​នាំយក​អំណោយ​ថ្នាំពេទ្យ និង​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​បាន​ចំនួន ៩៨៥​ នាក់ ស្រី ៦៥០​ នាក់ នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​

​ជុំវិញ​ការចុះពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នេះដែរ លោក​ ឈ​ត ប៊ុន​ថង មន្ដ្រី​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង​វប្បធម៌ អប់រំ និង​ទេសចរណ៍ នៃ​រាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា លោក​មាន​ក្តីសប្បាយ​រីករាយ​នៅពេល​ឃើញ​សមាគម​នានា​មិន​ថា សមាគម​ក្រុមគ្រូពេទ្យ​របស់លោក ហ៊ុន ម៉ា​នី តែមួយ​នោះទេ សមាគម​ផ្សេងៗ​ទៀត​ក៏ដោយ ឱ្យតែបាន​ចុះទៅ​ជួយ​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ គឺជា​រឿង​ល្អ បំផុត​។​

​លោក​បាន​ថ្លែង​នៅ​ថ្ងៃទី​ ៣១ ខែកក្កដា​ថា នៅពេល​ដែលមាន​សមាគម​ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិត​ប្រាក់​នេះ បាន​ជួយ​យ៉ាងច្រើន​ដល់​ការលើកកម្ពស់​សុខុមាល​ភាព​ប្រ​ជា​ពលរដ្ឋ និង​គួរតែ​បន្តធ្វើ​បន្ថែមទៀត ពិសេស​អ្នក​ដែលមាន​លទ្ធភាព​គ្រប់​គ្រាន់​គួរតែ​បន្តធ្វើ​ដូចនេះ​បន្តទៀត​។

​លោក​ ឈ​ត ប៊ុន​ថង បាន​បញ្ជាក់ថា​៖ «​សមាគម​ទាំងអស់​ដែល​បាន​ចុះទៅ​ជួយ​ពលរដ្ឋ គឺ​ទី​១ ​ធ្វើការ​ព្យាបាល​នៅពេលដែល​គាត់​មាន​ជំងឺ​ផ្សេងៗ​ដែល​នេះ​យើង​ឃើញ​ភ្លាមៗ​ហើយ​មួយទៀត ជួយ​ផ្លាស់ប្តូរ​ទម្លាប់ ផ្លាស់ប្តូរ​ការគិត និង​គំនិត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ឈឺ ហើយ​ទៅ​បន់ស្រន់ ឬ​សែនព្រេន បែរ​មករក​វិស័យ​សុខាភិបាល​វិញ​៕