ភ្នំពេញៈ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានប្រកាសថា សត្វខ្សឹបញី ១ ក្បាល ដែលជាប្រភេទសត្វជិតផុតពូជបំផុតលើពិភពលោក ដែលខ្សោយអស់កម្លាំង និងមិនអាចហើរបាននោះ បច្ចុប្បន្នមានសភាពល្អប្រសើរឡើងវិញហើយ ក្រោយទទួលបានការជួយសង្គ្រោះពីក្រុមអ្នកជំនាញ។
យោងតាមអង្គការ WCS នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃទី ២៥ ខែកក្កដាកន្លងទៅ កសិករឈ្មោះ ជិន សុធា រស់នៅក្នុងភូមិស្រះសំបួរ ឃុំពង្រ ស្រុកតាំងគោក ខេត្ដកំពង់ធំ បានជួយសង្គ្រោះសត្វខ្សឹបញី ១ ក្បាល ដែលជាប្រភេទសត្វជិតផុតពូជបំផុតលើពិភពលោក ហើយនៅកម្ពុជាសត្វប្រភេទនេះមានវត្តមាននៅតែតំបន់វាលស្មៅលិចទឹកនៃទំនាបបឹងទន្លេសាបប៉ុណ្ណោះ»។
អង្គការ WCS បានបន្តថា៖ «សត្វបក្សីដែលត្រូវបានគេជួយសង្គ្រោះនេះ គឺមានសភាពខ្សោយអស់កម្លាំង និងមិនអាចហើរបាន គាត់បានយកវាមកផ្ទះរបស់គាត់រួចក៏រាយការណ៍ដល់ក្រុមការងារនៃគម្រោងរបស់អង្គការ WCS ប្រចាំតំបន់ទេសភាពទន្លេសាបដើម្បីជួយសង្គ្រោះបន្ទាន់នៅថ្ងៃបន្ទាប់»។
ប្រភពដដែលបានបញ្ជាក់ថា ក្រុមការងារអង្គការ WCS បានសហការជាមួយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ (ACCB) ដែលមានមូលដ្ឋាននៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ដើម្បីជួយសង្គ្រោះ និងស្តារនីតិសម្បទាសត្វនេះឡើងវិញ។
អង្គការ WCS បានបន្ថែមថា៖ «សត្វខ្សឹបញី ១ ក្បាលនេះ ត្រូវបានបញ្ជូនដល់មណ្ឌលសង្គ្រោះនៅម៉ោង ១១ យប់ នាថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣។ បន្ទាប់ពីទទួលការព្យាបាល និងថែទាំពីក្រុមពេទ្យសត្វជំនាញរបស់អង្គការ ACCB សត្វ ១ ក្បាលនេះ មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ តែជើងទាំង ២ របស់វានៅមិនទាន់អាចដើរបាននៅឡើយទេ ដែលទាមទារការពិនិត្យតាមដានជាបន្តផងដែរ»។
ជាមួយគ្នានេះ អង្គការ WCS ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលមានការយល់ដឹង ស្រឡាញ់ និងចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិ និងសត្វព្រៃដ៏កម្រទាំងអស់គ្នាថែមទៀត។
ជុំវិញរឿងនេះលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ក្នុងនាមជាអ្នកអភិរក្ស លោកពិតជាមានក្តីរំភើប និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានសហការចូលរួមអភិរក្សសត្វខ្សឹប ខណៈលោកក៏បានជំរុញឱ្យប្រជាពលរដ្ឋបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ការពារសត្វខ្សឹបដែលជាសត្វកម្ររបស់ពិភពលោកនេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
លោកបានថ្លែងថា៖ «នេះគឺជាកាយវិការមួយដែលបានចូលរួមក្នុងការពារសត្វខ្សឹបដែលជាប្រភេទសត្វកម្រជិតដាច់ពូជនៅលើពិភពលោក ហើយមានតែនៅប្រទេសកម្ពុជាតែមួយគត់ ហើយផ្នែកព្យាបាលឱ្យជាឡើងវិញនេះ គឺឆ្លុះបញ្ចាំងពីសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់មន្ត្រីបសុសត្វ និងក្រុមអភិរក្សក្នុងការចូលរួមចំណែកការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានប្រសើរឡើងវិញ»។
តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ លោក នេត្រ ភក្ត្រា បានបង្ហាញការជឿជាក់ថា នឹងធ្វើឱ្យចំណេះដឹងក្នុងការចូលរួមអភិរក្សសត្វកម្រៗពីប្រជាពលរដ្ឋកម្ពុជាមានការកើនឡើងនេះ ដែលជាផ្នែកជួយជំរុញឱ្យមានកំណើនប្រភេទសត្វកម្រមួយនេះក៏ដូចជា ប្រភេទសត្វកម្រដទៃទៀតមានការកើនឡើង និងអាចមានលទ្ធភាពបន្តពូជជាបន្តបន្ទាប់បាន។
បើតាមក្រសួងបរិស្ថាន បច្ចុប្បន្នតំបន់ការពារទេសភាពខាងជើងបឹងទន្លេសាប គឺជាទីជម្រកតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងមានវត្តមានសត្វខ្សឹបដ៏កម្ររបស់ពិភពលោកនេះ។ សត្វខ្សឹបជាសត្វកម្រ និងស្ថិតនៅក្នុងប្រភេទសត្វស្លាបដែលគ្រោះថ្នាក់បំផុតជិតផុតពូជពីលើពិភពលោកយើងនេះដែលទាមទារជាចាំបាច់ឱ្យមានការចូលរួមការពារ និងអភិរក្សពីគ្រប់ភាគីពាក់ព័ន្ធជាពិសេសពីប្រជាពលរដ្ឋនៅក្នុងតំបន់ដែលជាទីជម្រកសត្វខ្សឹបរស់នៅពងកូន៕