ភ្នំពេញៈ នៅឆ្នាំ ២០២៦ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោកលើកទី៣៩ បន្ទាប់ពីអង្គសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៨ បានបោះឆ្នោតសម្រេចផ្តាច់ព្រ័ត្រជូនប្រទេសកម្ពុជាក្នុងចំណោមប្រទេស ២ ចុងក្រោយ។
ការទទួលបានលទ្ធផលដ៏ត្រចះត្រចង់នេះបានទទួលការអបអរសាទរនិងការសម្តែងការសប្បាយរីករាយពីសំណាក់ថ្នាក់ដឹកនាំកំពូលៗនៃប្រទេសកម្ពុជា មន្ត្រីរាជការ សមាគម និងប្រជាពលរដ្ឋខ្មែរជាច្រើនរូបផងដែរ។
កាលពីរាត្រីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ សមាគមកាយឫទ្ធិនារីកម្ពុជាបានជូនដំណឹងពីជ័យជម្នះនេះ ដោយបានលើកឡើងថា លោកស្រី ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូទៅចូលរួមអង្គសន្និបាតលើកទី ៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោកដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣១ ខែកក្កដា នៅសាធារណរដ្ឋ Cyprus។
នៅមុនទទួលបានលទ្ធផលល្អនេះ គណៈប្រតិភូកម្ពុជាបានព្យាយាមយ៉ាងស្វិតស្វាញ និងសកម្ម ដើម្បីស្នើបេក្ខភាពកម្ពុជាឱ្យបានចូលរួមបោះឆ្នោតជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំសន្និបាតពិភពលោកលើកទី៣៩ នៅឆ្នាំ ២០២៦។
សមាគមកាយឫទ្ធិនារីកម្ពុជា បានបញ្ជាក់ថា៖ «កម្ពុជាត្រូវបានជាប់ក្នុងចំណោម ៣ ប្រទេសចុងក្រោយ រួមមាន កម្ពុជា, ហ្គាណា និងទុយនេស៊ី ក្រោយពីគណៈកម្មាធិការបានវាយតម្លៃយ៉ាងល្អិតល្អន់សម្រាប់ឈានទៅបោះឆ្នោតវគ្គបន្ត»។
ប្រភពដដែលបានបន្តថា៖ «បន្ទាប់មកកម្ពុជាយើងក៏បានបន្តជាប់ក្នុងចំណោម ២ ប្រទេសចុងក្រោយ គឺកម្ពុជា និងហ្គាណា ដើម្បីឈានទៅបោះឆ្នោតសម្រេចផ្តាច់ព្រ័ត្រ ហើយនៅទីបំផុត និងជាលទ្ធផលប្រវត្តិសាស្ត្រ និងមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលកម្ពុជាយើងត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក»។
ឆ្លៀតឱកាសនេះដែរ សមាគមកាយឫទ្ធិនារីកម្ពុជា ក៏បានថ្លែងអំណរគុណជនរួមជាតិទាំងអស់ដែលបានជួយគាំទ្រ ទាំងកម្លាំងចិត្ត និងថាមពលនានាដែលសកម្មភាពទាំងនេះបានឆ្លុះបង្ហាញអំពីសាមគ្គីភាពជាធ្លុងមួយក្នុងការលើកស្ទួយកិត្តិនាមប្រទេសជាតិ ទោះក្នុងកាលៈទេសៈណាក៏ដោយរហូតសម្រេចបានសមិទ្ធផលល្អប្រសើរត្រចះត្រចង់នេះ។
សូមបញ្ជាក់ថា សមាគមកាយប្ញទ្ធិនារីពិភពលោក មានសមាជិកមកពី ១៦៩ ប្រទេសមកពីគ្រប់ទ្វីបលើពិភពលោក។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា ក៏បានចេញសារលិខិតអបអរសាទរចំពោះសមាគមកាយឫទ្ធិនារីកម្ពុជាដែលទទួលបានជោគជ័យលើកនេះ។
លោកបានលើកឡើងថា៖ «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយឥតឧបមាប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្ត្រនៃចលនាកាយឫទ្ធិនារីកម្ពុជាដែលអង្គសន្និបាត សមាគមកាយឫទ្ធិនារីពិភពលោកបានបោះឆ្នោតគាំទ្រសមាគមកាយឫទ្ធិនារីកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ នៅក្នុងឆ្នាំ ២០២៦ នាពេលខាងមុខ»។
លោក ហង់ជួន ណារ៉ុន បានបន្តថា សមាគមកាយឫទ្ធិនារីកម្ពុជា បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិភពលោកនេះជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជាព្រមទាំងជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតសម្រាប់ចលនាកាយរឹទ្ធិកម្ពុជា ដែលបានបង្ហាញពីកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។
ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្ត្រីកម្ពុជាក្នុងអាណត្តិទី៧ នេះ និងជាស្វាមីរបស់លោកស្រី ពេជ ចន្ទមុន្នី ក៏បានបង្ហោះសារអបអរសាទររួមជាមួយនឹងវីដេអូបង្ហាញពីការប្រកាសលទ្ធផលនៃជោគជ័យនេះផងដែរ។លោកបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក និងតេឡេក្រាមថា៖ «ទីបំផុតមេរបស់ខ្ញុំ និងក្រុមការងាររបស់គាត់ធ្វើបានហើយ។ កម្ពុជាទទួលជ័យជម្នះជាប់ឆ្នោតជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោកលើកទី៣៩ នៅឆ្នាំ ២០២៦»។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «ខ្ញុំសូមកោតសរសើរចំពោះក្រុមការងារសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់នេះជូនប្រទេសកម្ពុជាយើងនៅលើឆាកអន្តរជាតិ»។
សូមជម្រាបថា សមាគមកាយប្ញទ្ធិនារីពិភពលោក (WAGGGS) ត្រូវបង្កើតឡើងក្នុងឆ្នាំ ១៩២៨ នៅទីក្រុង Parád ប្រទេសហុងគ្រី និងមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ សមាគមនេះមានបេសកកម្មចម្បងក្នុងការជំរុញក្មេងស្រី និងស្រីវ័យក្មេងឱ្យសម្រេចបានសក្តានុពលខ្ពស់ក្នុងនាមជាពលរដ្ឋដែលមានការទទួលខុសត្រូវជាសកល។
សមាគមនេះផ្តល់កម្មវិធីអប់រំផ្លូវការដែលផ្តល់ការបណ្តុះបណ្តាលពីបំណិនជីវិត ភាពជាអ្នកដឹកនាំ និងការសម្រេចចិត្តដល់ស្ត្រីដើម្បីមានភាពអ្នកដឹកនាំសម្រាប់សហគមន៍ជាតិ និងអន្តរជាតិ៕