ភ្នំពេញ: ការប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសិង្ហបុរីឆ្នាំ ២០២៣ (SIMOC) បានបញ្ចប់នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ បន្ទាប់ពីបានទាក់ទាញបេក្ខជនចំនួន ១ ៦៣៣ នាក់ មកពី ២៥ ប្រទេស ដែលក្នុងនោះមានសិស្សា-នុសិស្សកម្ពុជាដ៏មានទេពកោសល្យ ៣៧ នាក់មកពីសាលាចំនួន ១៤ ទីតាំងផងដែរ។
ក្នុងចំណោមសិស្សានុសិស្សឆ្នើមដែលដណ្តើមបានមេដាយសរុបចំនួន ៤២ គឺ ថាវរៈ ប៊ុណ្ណវឌ្ឍនៈ អាយុ ១២ ឆ្នាំ បានឈ្នះមេដាយមាស។ នេះជាលើកដំបូងក្នុងរយៈពេល ៦ ឆ្នាំ ដែលបេក្ខជនកម្ពុជាបានចូលរួមការប្រកួតអន្តរជាតិ។
លោក យ៉ែម សុភ័ណ្ឌ ប្រធានរៀបចំការប្រឡងគណិតវិទ្យាអន្តរជាតិសិង្ហបុរី (SIMCC) ប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា៖ «នេះជាឆ្នាំទី១ នៅក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយ ដែលបេក្ខជនកម្ពុជា ចូលរួមការប្រឡងកម្រិតអន្តរជាតិ គណិតវិទ្យាអូឡាំព្យាដអន្តរជាតិសិង្ហបុរីទទួលបានរង្វាន់សិស្សលំដាប់ខ្ពស់ទាំង ៣ និងមេដាយមាសពីការប្រកួតលើវិញ្ញាសាគណិតវិទ្យាជាឯកជននេះ»។
SIMOC គឺជាការប្រកួតប្រជែងគណិតវិទ្យាតែ ១ គត់ ដែលសាកល្បងជំនាញដោះស្រាយបញ្ហានៅលើក្រដាស និងការងារជាក្រុមតាមរយៈហ្គេមអន្តរកម្មនិងល្បែងផ្គុំរូប។ អ្នកចូលរួមធ្វើការប្រកួតប្រជែងរវាងសិស្សានុសិស្សទេពកោសល្យកំពូលនៅទូទាំងពិភពលោកក្នុងគោលបំណងដើម្បីទទួលបានមេដាយនិងពានជាលក្ខណៈបុគ្គលនិងក្រុម។
វឌ្ឍនៈ ដែលចាប់ផ្ដើមប្រកួតប្រជែងផ្នែកគណិតវិទ្យាតាំងពីរៀនថ្នាក់ទី៥ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «សរុបមេដាយនិងពិន្ទុទាំង ៣ វិញ្ញាសាខ្ញុំទទួលបានពិន្ទុខ្ពស់បំផុតលំដាប់ទី ២ នៅលើពិភពលោកដែលទទួលបានពាន ១ មកផ្ទះវិញ»។
ការប្រកួតគណិតវិទ្យាជាឯកជន គឺជាការប្រឡងសរសេរជាលក្ខណៈបុគ្គល ដែលមាន ១១ កម្រិត ចាប់ពីថ្នាក់ទី ១ ដល់ ១១/១២។ អ្នកចូលរួមមានពេល ៩០ នាទី ដើម្បីឆ្លើយសំណួរចំនួន ២៥ ដោយចាប់ផ្តើមជាមួយនឹង ១៥ ពិន្ទុបន្ថែមហើយពិន្ទុល្អឥតខ្ចោះគឺ ៨៥ ពិន្ទុ។ ផ្នែក A មាន ១៥ សំណួរច្រើនជម្រើស ដែលមាន ២ ពិន្ទុសម្រាប់ចម្លើយត្រឹមត្រូវ សូន្យពិន្ទុ សម្រាប់សំណួរដែលមិនបានឆ្លើយនិងពិន័យដក ១ ពិន្ទុសម្រាប់ចម្លើយខុសខណៈពេលដែលផ្នែក B មាន ១០ សំណួរបើកចំហដែលមាន ៤ ពិន្ទុ សម្រាប់ចម្លើយត្រឹមត្រូវ និងគ្មានការពិន័យសម្រាប់ចម្លើយខុស។
ការប្រកួតជាក្រុម (Maths Warriors Competition) ដែលបង្កើតឡើងក្នុងឆ្នាំ ២០០២ ដោយលោក Henry Ong ស្ថាបនិក SASMO ដើម្បីជួយសិស្សឱ្យប្រសើរឡើងនូវជំនាញគណិតវិទ្យាគឺជាហ្គេមសាកល្បងសមត្ថភាពនព្វន្តផ្លូវចិត្តនិងការគិតជាយុទ្ធសាស្ត្ររបស់សិស្ស។
ជាមួយការដាក់ឱ្យប្រើប្រាស់ដំបូងនៅសិង្ហបុរី វាបានក្លាយជាផ្នែកមួយ នៃការប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសិង្ហបុរី (SIMOC) ដ៏ល្បីល្បាញក្នុងឆ្នាំ ២០១៥។ ដោយសារជោគជ័យវាត្រូវបានផ្ដល់ទៅឱ្យក្រសួងអប់រំយុវជននិងកីឡាកម្ពុជា (MOEYS) និងបានក្លាយជាវិញ្ញាសាប្រកួតថ្នាក់ជាតិ។
ភាពជាដៃគូជាមួយសមាគមគណិតវិទ្យាកម្ពុជា (CMS) ក្នុងឆ្នាំ ២០២០ មានគោលបំណងលើកកម្ពស់ការអភិវឌ្ឍគ្រូបង្រៀននិងផ្តល់អាហារូបករណ៍បន្ថែមទៀត សម្រាប់សិស្សនិងអ្នកអប់រំកម្ពុជា។ វានឹងក្លាយជាការប្រកួតប្រជែងថ្នាក់ជាតិក្នុងប្រទេសអាស៊ានផ្សេងទៀត។
ការប្រកួតជាក្រុម (Mind Sports Challenge) ជាសកម្មភាពប្រកួតរយៈពេលមួយម៉ោងរវាងក្រុមសហការគ្នាដើម្បីដោះស្រាយល្បែងផ្គុំរូបដោយដៃ ហើយអ្នកចូលរួមទទួលបានពិន្ទុដោយផ្អែកលើសមត្ថភាពដោះស្រាយបញ្ហារបស់ពួកគេ។ ពេលត្រៀមចូលថ្នាក់ទី១២ ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខយុវសិស្សវឌ្ឍនៈបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍចំណេះដឹង តាំងពីកុមារភាពសម្រាប់សិស្សានុសិស្សកម្ពុជាដែលប្រាថ្នាចង់ប្រកួតប្រជែងលើឆាកអន្តរជាតិ។ សមិទ្ធផលរបស់យុវសិស្សរូបនេះ ជាសក្ខីភាពបញ្ជាក់ពីសក្ដានុពលរបស់គណិតវិទូវ័យក្មេងនៅកម្ពុជា ហើយវឌ្ឍនៈគ្រោងនឹងចូលរួមក្នុងការប្រកួតគណិតវិទ្យាអន្តរជាតិឆ្នាំ ២០២៣ ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ីទៀត។
ក្នុងចំណោមសមិទ្ធផលដែលទទួលបាននោះមានសិស្សថ្នាក់ខ្ពស់ចំនួន ៣ នាក់ ក្នុងកម្មវិធីរួមថ្នាក់ទី ១១ មេដាយមាស ១៣ គ្រឿងមេដាយប្រាក់ ៦ និងមេដាយសំរឹទ្ធ ២៣ គ្រឿង។
យុវសិស្ស គង់វង្ស ឧត្តមពិសិដ្ឋ សិស្សថ្នាក់ទី ១០ មកពីសាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ក៏បានធ្វើឱ្យកម្ពុជាមានមោទនភាពជាមួយការទទួលបានមេដាយសំរឹទ្ធ ក្នុងការប្រកួតជាក្រុម (Mind Sports Challenge) នៅ SIMOC។ ពិសិដ្ឋ និយាយថា ប្រភេទការប្រកួតមុខវិជ្ជាគណិតវិទ្យា(Mind Sports Challenge) មានប្រជាប្រិយភាពខ្លាំងនៅទូទាំងតំបន់អាស៊ីតែនៅកម្ពុជាមិនទាន់មានការពេញនិយមនៅឡើយទេ ដោយសារវាត្រូវបានចាត់ទុកជាល្បែង-កម្សាន្ដជាជាងមុខវិជ្ជាគណិតវិទ្យា។
ពិសិដ្ឋ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «វាមានលក្ខណៈស៊ីជម្រៅជាងការដោះស្រាយលើ puzzle ដោយយើងនឹងទទួលបានពិន្ទុទៅតាមការដោះស្រាយ puzzle ដែលបានកំណត់»។
ជាមិត្ដរួមថ្នាក់នៅសាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីវត្ថិ យុវសិស្ស កុសល សុខា វិទូ ទទួលបានមេដាយមាស លើវិញ្ញាសាការប្រកួតជាក្រុម (Maths Warriors Competition)។ វិទូ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ដើម្បីសម្រេចបាននិងទទួលបានមេដាយខ្ញុំខិតខំសិក្សាបន្ថែមលើសពីកម្មវិធីសិក្សារបស់រដ្ឋ ហើយព្យាយាមធ្វើលំហាត់វិញ្ញាសាប្រឡងចាស់ៗ»។
អ្នកទាំង ៣ បាននិយាយនៅពេលត្រឡប់មកពីសិង្ហបុរីនៅថ្ងៃទី ២៥ កក្កដាថា៖ «យើងលើកទឹកចិត្តសិស្សរបស់យើងឱ្យចូលរួមក្នុងការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិលើវិញ្ញាសាផ្សេងៗគ្នា ជាមួយនឹងការរៀបចំឱ្យបានហ្មត់ចត់ មិនថា តាមរយៈការសិក្សានៅសាលាស្តង់ដាអន្ដរជាតិឬការសិក្សាដោយខ្លួនឯង»។
លោក សោភ័ណ្ឌ បានកោតសរសើរចំពោះស្នាដៃរបស់សិស្សានុសិស្ស និងបានលើកទឹកចិត្តដល់បេក្ខជនកម្ពុជាកាន់តែច្រើនក្នុងការចូលរួមក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។
បេក្ខជនដែលអាចមានសិទ្ធិទៅចូលរួមការប្រឡងនេះត្រូវតែជាបេក្ខជនជយលាភីមេដាយមាស ប្រាក់ ឬសំរឹទ្ធនៃការប្រឡង Singapore and Asian Schools Math Olympiad (SASMO), American Mathematics Olympiad (AMO) or Singapore Math Challenge (SMC) ជាការប្រឡងរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា។
លោកនិយាយថា៖ «បន្ទាប់ពីទទួលបាននូវលទ្ធផលដ៏គាប់ប្រសើរនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នៅមានបេក្ខជនកម្ពុជាជាច្រើនរូបទៀតដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមការប្រកួតនេះ នៅឡើយតែពួកគាត់មិនមានលទ្ធភាពគ្រប់គ្រាន់ឬមិនទទួលបានព័ត៌មានលម្អិតស្តីពីការប្រកួត»។
លោកថា៖ «ខ្ញុំសូមជំរុញឱ្យបេក្ខជនកម្ពុជាទាំងអស់ធ្វើការវាស់ស្ទង់នូវសមត្ថភាពរបស់ខ្លួនតាមរយៈការចូលរួមការប្រឡងផ្សេងៗលើមុខវិជ្ជាគណិតវិទ្យា (SASMO, AMO, SMC...) វិទ្យាសាស្ត្រ (VANDA) ការគិតតាមបែបកុំព្យូទ័រ (DrCT, Bebras) ជាការប្រឡងកម្រិតជាតិដើម្បីជ្រើសរើសយកបេក្ខជនជយលាភីទៅបន្តការប្រឡងកម្រិតអន្តរជាតិ»។ សម្រាប់ព័ត៌មានលម្អិតស្តីពីការប្រឡងផ្សេងៗសូមចូលមកកាន់ក្រុមតេឡេក្រាម SIMCC Cambodia តាមរយៈលីង https://t.me/+spvMALns7w40Y2Fl ៕