ភ្នំពេញៈ មូលនិធិ​គន្ធបុប្ផា បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ពី​ជំងឺគ្រុនឈាម​នៅ​រដូវវស្សា​នេះ បន្ទាប់ពី​ក្រុមគ្រូពេទ្យ​បាន​ប្រើប្រាស់​ឈាម​ប្លា​ស្មា​ចំនួន​ ១៦ ​ប្លោក​ដើម្បី​សង្គ្រោះ​ជីវិត​កុមារី​អាយុ​ ៩ ​ឆ្នាំ​ម្នាក់​ពី​ជំងឺគ្រុនឈាម ខណៈ​ក្នុង​រយៈពេល​ ៦ ​ខែ ឆ្នាំ​ ២០២៣​ នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​គ្រុនឈាម​ចំនួន ៤ ៦៦៨​ ករណី​។​

​យោងតាម​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ឱ្យដឹងថា កុមារី​អាយុ​ ៩ ​ឆ្នាំ​ម្នាក់ ដែល​ត្រូវបាន​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ជួយសង្គ្រោះ គឺមាន​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​មុនពេល​បញ្ជូនមក​មន្ទីរ​ពេទ្យ​នេះ ហើយ​គ្រូពេទ្យ​ត្រូវធ្វើ​ការព្យាបាល ៤៨​ ម៉ោង​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​។ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​បញ្ជាក់ថា​៖ «​ការជួយ​សង្គ្រោះ​ជីវិត​កុមារី​វ័យ​ ៩ ​ឆ្នាំ​រូបនេះ ក៏ដូចជា​កុមារ​រាប់ពាន់នាក់​ដទៃទៀត​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ពី​មាត់ទ្វារ​មច្ចុរាជ ត្រូវបាន​ធ្វើឡើង​ដោយ​ឥតគិតថ្លៃ និង​មិន​មានការ​រើស​អើ​ង​ឡើយ​»​។​

​ទាក់ទង​នឹង​ជំងឺគ្រុនឈាម​នេះ​មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌល​គិរី ក៏បាន​ប្រកាស​ឱ្យដឹង​ដែរ​ថា នា​រដូវវស្សា​នេះ ជា​រដូវ​ដែល​សម្បូរ​ទៅដោយ​មូស​ខ្លា ជាហេតុ​បង្ក​ឱ្យ​កើតមាន​ជំងឺគ្រុនឈាម ដោយសារ​ការចម្លង​ពី​មូស​ខ្លាខាំ​។​

​មន្ទីរ​សុខាភិបាល​មណ្ឌលគិរី ប្រកាសថា​៖ «​មន្ទីរ​មាន​វិធាន​ការការពារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺគ្រុនឈាម​នៅតាម​បណ្ដា​ភូមិ ឃុំ ស្រុក​មួយចំនួន ក្នុង​ខេត្ត​មណ្ឌលគិរី ដោយ​មន្ទីរ​នឹងធ្វើ​ការបាញ់​ថ្នាំ​សម្លាប់សត្វ​មូស​ក្នុង​មូល​ដ្ឋា​ន​ក្រុង​សែន​មនោ​រម្យ និង​ស្រុក​កែវ​សីមា ចាប់ពី​ថ្ងៃទី ​១ រហូតដល់​ថ្ងៃទី​ ៩ ខែសីហា​»​។​

​ចំណែក​លោក គួ​ង ឡូ ប្រធាន​​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ ក៏បាន​ឱ្យដឹង​នៅ​ថ្ងៃទី ​១ ខែសីហា​ដែរ​ថា នៅ​ទូទាំង​ខេត្តព្រះវិហារ មានស្រុក​ចំនួន​ ៤ ក្នុងចំណោម​ក្រុង​ស្រុក​ទាំង​ ៨ ​កំពុង​មានការ​​ផ្ទុះឡើង​នៃ​ជំងឺគ្រុនឈាម​នេះ​។

​លោក​បន្តថា ខាង​មន្ទីរ​សុខា​ភិ​បាល​ខេត្ត​បាន​ចុះ​អប់រំ ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​អនាម័យ​ជុំវិញ​លំនៅឋាន​របស់ខ្លួន ហើយក៏​បាន​ចុះ​បាញ់ថ្នាំ​សម្លាប់សត្វ​មូស​នៅតាម​តំបន់​ដែលមាន​ការ​រាតត្បាត​ពី​ជំងឺគ្រុនឈាម ហើយ​មន្ទីរ​ក៏បាន​ចុះ​ដាក់​ថ្នាំ​អា​ប៊ែ​ត នៅតាម​អាងទឹក​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត និង​បាន​ត្រៀម​មន្ទីរពេទ្យ និង​ថ្នាំសង្កូវ ដែល​ធ្វើយ៉ាងណា​សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ និង​កុមារ នៅ​ទូទាំង​ខេត្តព្រះវិហារ​។​

​លោក គួ​ង ឡូ និយាយថា​៖ «​ចំពោះ​ការបាញ់​ថ្នាំ​សម្លាប់សត្វ​មូស​នេះ យើង​បាញ់​តែ​កន្លែង​ដែល​ផ្ទុះ​កន្លែង​ដែលមាន​ការ​រាតត្បាត ដែល​យើង​គិតថា កន្លែង​ដែលមាន​ការ​រាតត្បាត​នោះ​ប្រាកដ​ណាស់​ថា មាន​ផ្ទុះ​ដោយ​មេរោគ​គ្រុន​ឈាម​ដូច្នេះ​គោលដៅ​យើង​បាញ់ គឺ​សម្លាប់​មូស​ដែលមាន​ផ្ទុក​មេ​រោគ​គ្រុនឈាម​»​។​

​លោក​បញ្ជាក់ថា ចាប់តាំងពី​សប្ដាហ៍​ទី​១ ដើមឆ្នាំ​ ២០២៣ រហូតមកដល់​សប្ដាហ៍​ទី ​៣០ ​នេះ ជំងឺ​​គ្រុនឈាម​នៅក្នុង​ខេត្តព្រះវិហារ​សរុប​ទាំងអស់​មាន​ចំនួន ៥៩០ ​ករណី ក្នុងនោះ​មាន​កុមារ​ចំនួន ៣៩៥ ​ករណី ដែល​រកឃើញ​មាន​ជំងឺគ្រុនឈាម ខណៈដែល​ស្រុក​មានការ​រាតត្បាត​ជំងឺគ្រុនឈាម​ខ្លាំងជាងគេ គឺ​ស្រុក​ជាំ​ក្សាន្ត បន្ទាប់មក​ស្រុក​គូលែន ស្រុក​ត្បែង​​មានជ័យ និង​ក្រុង​ព្រះវិហារ​។​

កុមារ​ឆ្លង​ជំងឺគ្រុន​ឈាម​ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យនាពេល​កន្លង​មក​។ ហុង មិនា

​បើ​ពិនិត្យមើល​ក្នុង​សប្ដាហ៍​ទី ​៣០ ​នេះ ស្រុក​ទាំង​ ៤ ​នៃ​ខេត្តព្រះវិហារ​ដែលមាន​កា​រ​រាតត្បាត​ជំងឺ​គ្រុនឈាម មានការ​ធ្លាក់ចុះ​ហើយ​ព្រោះ​កាលពី​សប្ដាហ៍​ទី​ ២៩​ មាន​ករណី​គ្រុនឈាម​ចំនួន ​១១២ ​ករណី ប៉ុន្តែ​សប្ដាហ៍​ទី​ ៣០ ​នេះ គឺ​បាន​ធ្លាក់​ចុះមក​ត្រឹម​ ១០០​ ករណី​។ នេះ​បើតាម​លោក គួ​ង ឡូ​។​

​សូម​បញ្ជាក់ដែរថា យោងតាម​របាយការណ៍​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​នៃ​ក្រសួងសុខាភិបាល​ក្នុង​រយៈពេល ៦ ​ខែ ឆ្នាំ​ ២០២៣ ​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺគ្រុនឈាម ៤ ៦៦៨ ករណី និង​មាន​អ្នកស្លាប់​ដោយ​សារ​ជំងឺ​នេះ​ចំនួន ១០​ ករណី​ដែល​ចំនួន​នេះ​មានការ​កើនឡើង​ជិត ២​ ដង បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូចគ្នា​នឹង​ឆ្នាំមុន​៕