ភ្នំពេញៈ ក្រសួងបរិស្ថានសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអាន ភ្នំគូលែនដើម្បីផ្សព្វផ្សាយនិងអភិរក្សពូជកេសរកូលព្រៃ និងដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្តផងដែរ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ១ ខែសីហាថា មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអានភ្នំគូលែនត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៨ មក ដែលក្រសួងនឹងដាក់សម្ពោធនៅថ្ងៃទី ២ ខែសីហា ឆ្នាំនេះ។
មជ្ឈមណ្ឌលនេះបង្កើតឡើងក្នុងបំណងសំខាន់ គឺធ្វើការសិក្សាស្រាវជ្រាវប្រភេទកេសរកូលព្រៃដែលមាននៅកម្ពុជា ដើម្បីអភិរក្សឱ្យបានគង់វង្ស។
លោកបានបន្តថា មជ្ឈមណ្ឌលនេះក៏បង្កើតឡើងក្នុងគោលបំណងពង្រីកការផ្សព្វផ្សាយអំពីប្រភេទកេសរកូលដល់សាធារណជនឱ្យបានយល់ជ្រាប ព្រោះប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលសម្បូរទៅដោយជីវចម្រុះដែលមានរហូតដល់ជាង ៥ ០០០ ប្រភេទ។
លោកបានបន្ថែមថា នៅមានប្រភេទរុក្ខជាតិ និងជីវចម្រុះផ្សេងៗទៀតដែលក្រសួងកំពុងសិក្សា និងកំពុងចងក្រងដើម្បីអាចកត់ត្រាប្រភេទថ្មីៗនិងប្រភេទដែលមិនអាចកត់ត្រាបានផងដែរ។
តាមប្រភពដដែលបានបញ្ជាក់ថា តាមការប៉ាន់ស្មាននៅប្រទេសកម្ពុជា យ៉ាងហោចណាស់មានកេសរកូលព្រៃជាង ៥០០ ប្រភេទ ហើយបច្ចុប្បន្ន ក្រសួងកំពុងសិក្សាស្រាវជ្រាវអំពីប្រភេទនៃកេសរកូលព្រៃទាំងនោះ ដើម្បីអាចចងជាទិន្នន័យសម្រាប់ការថែរក្សា និងការអភិរក្ស ជាពិសេសគឺសម្រាប់បង្កាត់ពូជបង្កើតជាប្រភេទថ្មីៗបន្ថែមទៀត។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា៖ «មណ្ឌលនេះ ក៏មានគោលបំណងដើម្បីបណ្ដុះស្មារតីឱ្យប្រជាពលរដ្ឋមានការចូលរួម ការពារ និងអភិរក្សជីវចម្រុះ រុក្ខជាតិដែលមានតម្លៃសម្រាប់កម្ពុជា ខណៈកេសរកូលនេះ ជាប្រភេទផ្កាព្រៃដែលមានសារៈសំខាន់ ជាពិសេសវាក៏មានតម្លៃផ្នែកសេដ្ឋកិច្ចផងដែរ»។
លោកបានបន្ថែមថា នៅក្នុងការងារគ្រប់គ្រងនិងអភិរក្សនេះ ជាកិច្ចការមួយសំខាន់ដែលក្រសួងត្រូវថែរក្សាការពារពូជកេសរកូល និងធ្វើការទប់ស្កាត់រាល់ការធ្វើអាជីវកម្មហួសជ្រុល ពីព្រោះបច្ចុប្បន្ន កេសរកូលកំពុងប្រឈមការធ្វើអាជីវកម្មបែបនេះដោយមានការចូលទៅបោចកេសរកូលក្នុងព្រៃដើម្បីនាំចេញទៅលក់នៅខាងក្រៅជាដើម។
លោក នេត្រ ភក្ត្រា ថ្លែងថា៖ «អ៊ីចឹងការរៀបចំ និងការបង្កើតនូវមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិរក្សកេសរកូលសុខអានភ្នំគូលែននេះ ជាបណ្ដុំនៃការប្រមូលប្រភេទពូជ ហើយរហូតមកដល់បច្ចុប្បន្ននេះគឺយើងបានសិក្សាប្រហែលជាង ២០០ ប្រភេទហើយដែលយើងបានចងក្រងទុកដោយមានកិច្ចសហការជាមួយអន្តរជាតិ ជាពិសេសសារមន្ទីរនៅបារាំងដើម្បីសិក្សាអំពីប្រភេទផ្សេងៗនៃកេសរកូលហ្នឹង»។
រីឯទំហំផ្ទៃដីនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអានភ្នំគូលែន រួមទាំងតំបន់អភិរក្សនៅក្នុងនោះ លោកថា មានប្រហែលជាង ២ ០០០ ហិកតា ហើយតំបន់ទាំងនោះមិនត្រឹមតែជាទីតាំងសម្រាប់សិក្សាស្រាវជ្រាវ និងអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលកម្សាន្តផង និងជាកន្លែងស្វែងយល់ពីកេសរកូលផង ដែលវានឹងទាក់ទាញទាំងពលរដ្ឋទូទាំងប្រទេស ក៏ដូចជាទាក់ទាញទេសចរអន្តរជាតិចូលមកទស្សនានៅទីនេះ។
លោក នេត្រ ភក្ត្រា បន្ថែមថា៖ «តំបន់ហ្នឹងមិនត្រឹមតែជាកន្លែងផ្សព្វផ្សាយនិងអភិរក្សពូជកេសរកូលប៉ុណ្ណោះទេ ប៉ុន្តែយើងសង្ឃឹមថាវាក៏ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីទៅកម្សាន្ត និងទៅសិក្សាស្វែងយល់ពីកេសរកូលនៅហ្នឹងផង»៕