ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាល មន្ទីរពេទ្យគន្ធបុប្ឆាកម្ពុជា និងពលរដ្ឋខ្មែរ បានអំពាវនាវដល់សប្បុរសជន ចូលរួមបរិច្ចាគថវិកាទៅកាន់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បន្តទៀត ដើម្បីធានាដល់និរន្តរភាពរបស់មន្ទីរពេទ្យនេះ ក្នុងការបន្តព្យាបាលកុមារ ដោយឥតគិតថ្លៃ និងរួមចំណែកកាត់បន្ថយអត្រាមរណភាពកុមារ។
ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសនៃការប្រារព្ធខួប ៤ ឆ្នាំ នៃការដាក់ឱ្យប្រើប្រាស់នូវអគារគន្ធបុប្ផា «សីហមុនី មុនិនាថ» ដែលរៀបចំឡើងដោយ មន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី១ ខែសីហា ដែលអគារមួយនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩។
ចាប់តាំងពីដាក់ឱ្យដំណើរការមកអគារនេះ ត្រូវបានប្រើប្រាស់ជាកន្លែងសង្គ្រោះបន្ទាន់កម្រិតខ្ពស់ ដោយបានទទួលព្យាបាលកុមារបានសង្គ្រោះបន្ទាន់ ២ ៨២៦ នាក់ វះកាត់ទូទៅ ៩ ០៥៩ នាក់ និងវះកាត់បេះដូង ១ ៥៥៥នាក់ ដោយឥតគិតថ្លៃ និងមិនមានការរើសអើង។
នាពិធីនោះប្រធានមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា លោក គី សង់ទី ថ្លែងថា៖«អគារថ្មីនេះ បានដើរតួសំខាន់ កុមារដែលឈឺធ្ងន់បំផុតត្រូវតែយមកទីនេះ ព្រោះមានការតាមដានព្យាបាល ២៤ម៉ោង ដែលអាចជួយកាត់បន្ថយអត្រាមរណភាពរបស់កុមារ។ បើយើងមិនមានផ្នែកសង្គ្រោះបន្ទាន់កម្រិតខ្ពស់នេះទេ គឺយើងពិបាកធ្វើការសង្គ្រោះជំងឺកុមារដែលធ្ងន់ៗបំផុត»។
លោកបន្តថា៖«ពីមុនយើងមានសង្គ្រោះបន្ទាន់នៅផ្នែកខាងមុខដែរ សម្រាប់សង្គ្រោះបន្ទាន់នៅជួរមុខ ប៉ុន្តែយើងមិនទាន់មានឧបករណ៍ សម្ភារ និងបច្ចេកទេស ដល់កម្រិតអ្វីដែលយើងចង់បានទេ»។
លោក សង់ទី ថ្លែងថា ពីមុនមកនៅពេលកុមារឈឺធ្ងន់ៗ ឪពុកម្តាយត្រូវជួយកុមារសប់ដង្ហើមជាមួយនឹងដៃ គឺមានការលំបាក ប៉ុន្តែបច្ចុប្បន្ននេះអគារថ្មីនេះ មានលក្ខណៈទំនើប ហើយការប្រារព្ធខួប ៤ ឆ្នាំ នេះ ដើម្បីជានិមិត្តរូប និងសក្ខីភាពថា ការអភិវឌ្ឍបច្ចេកវិទ្យាពេទ្យ ការព្យាបាលជំងឺកុមារនៅគន្ធបុប្ផា គឺបានដើរដល់កម្រិតមួយទៀតដែលអាចជួយសង្គ្រោះជីវិតកុមារធ្ងន់ៗបាន ។
លោកបញ្ជាក់ថា៖«អត្រាមរណភាពទៅលើជំងឺដែលធ្ងន់គឺអាចចន្លោះ ១៤ ទៅ ១៥ ភាគរយ ហើយបើសរុប ៤ ឆ្នាំ នេះ មានកុមារជាង ២ ០០០ នាក់ ដែលមានជំងឺធ្ងន់បំផុត ក្មេងៗទាំងអស់នេះ នឹងមិនអាចរស់ទេ។ អ៊ីចឹងយើងបានសង្គ្រោះគាត់ច្រើន»។
លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ជាចំណែកមួយយ៉ាងសំខាន់ដែលនាំឱ្យមន្ទីរពេទ្យមានលទ្ធភាពសាងសង់ និងបំពាក់បរិក្ខារពេទ្យដ៏ទំនើបៗនៅក្នុងអគារថ្មី ធ្វើឱ្យការសង្គ្រោះជីវិតកុមារកម្ពុជា កាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន។
លោក ចន ណារិទ្ធ ថ្លែងថា៖«ខ្ញុំសង្ឃឹមថា មន្ទីរពេទ្យគន្ធបុប្ផា នឹងដំណើរការរហូត ហើយសប្បុរសជននៅតែបន្តបរិច្ចាគជូនមន្ទីរពេទ្យ ហើយក៏សូមអរគុណ និងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ នៅតែគាំទ្រជួយដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយកុមារកម្ពុជា»។
យោងតាមរបាយការណ៍សង្ខេបសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៣ នេះ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ និងព្យាបាលកុមារសរុបប្រមាណ ៥០ ម៉ឺន នាក់ ដែលក្នុងនោះ កុមារឈឺធ្ងន់ៗប្រមាណ ៩ ម៉ឺន នាក់ ត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ៕