កំពតៈ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពត បានរកឃើញសាកសពនារីម្នាក់ទៀត នៅថ្ងៃទី២ ខែសីហានេះ បន្ទាប់ពីបាត់ខ្លួន៤ថ្ងៃ ក្នុងហេតុការណ៍ទឹកហូរកួចទាំងមនុស្សទាំងតង់ ខណៈពួកគេបានបោះតង់ដេកនៅមាត់ទឹកជ្រោះឪម៉ាល់ ហើយភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកហូរនាំទៅបាត់កាលពីវេលាទៀបភ្លឺថ្ងៃទី៣០ ខែកក្កដា ស្ថិតក្នុងឃុំមាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។
លោក សូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅរសៀលថ្ងៃទី២ ខែសីហាថា ក្រោយកម្លាំងសមត្ថកិច្ចខិតខំរុករកអស់រយៈពេល៤ថ្ងៃ នៅពេលនេះសពនារីរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ នៅចម្ងាយពីកន្លែងកើតហេតុប្រមាណជាង៨០០ម៉ែត្រ ដោយសពមានកៀបជាប់នឹងថ្ម។ ចំពោះសពកម្លាំងសមត្ថកិច្ចបានធ្វើកោសល្យវិច័យរួច និងប្រគល់សពជូនសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។
លោកថ្លែងថា៖«ពេលរកឃើញគឺសពកៀបជាប់នឹងថ្ម ប៉ុន្តែសពមានសភាពធម្មតាអត់មានបែកបាក់អីទេ»។
លោកអធិការនគរបាលស្រុកទឹកឈូ បានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការរុករកនេះដឹកនាំដោយ លោកស្នងការនគរបាលខេត្តកំពតដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ដ កម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូ កម្លាំងកងរាជអាវុធហត្ថខេត្តនិងកម្លាំងកងរាជអាវុធហត្ថស្រុកទឹកឈូ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមាក់ប្រាង និងប្រជាការពារ កម្លាំងបរិស្ថាន ឧទ្យានុរក្សព្រះមុនីវង្សបូកគោ និងកម្លាំងនគរបាលទេសចរណ៍។
លោកបន្ថែមថា នៅរសៀលថ្ងៃទី២ ខែសីហា វេលាម៉ោង១២ និង ៣០ នាទី សមត្ថកិច្ចបានប្រទះឃើញសពស្រ្តី១នាក់ នៅចំណុចចម្ការ ចាន់ ថេង ស្ថិតក្នុងភូមិស្នំ៧ ឃុំមាក់ប្រាង ស្រុកទឹកឈូ ដែលសពមានឈ្មោះផន ស្រីខួច ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិស្វាយខម ឃុំដួង ស្រុកបាទី ខេត្តតាកែវ ជានារីដែលបាត់ខ្លួនកាលពីថ្ងៃទី៣០ ខែកក្កដា។
លោកសូ ប៊ុនធឿន បានឱ្យដឹងទៀតថា ជនរងគ្រោះ ដែលមានគ្នា៤នាក់ បានមកកម្សាន្តលេងនៅតំបន់ទឹកជ្រោះឪម៉ាស់កាលពីថ្ងៃទី២៩ កក្កដា ដោយបានបោះតង់ចំនួន២នៅជាប់មាត់ទឹក។ លុះវេលាម៉ោងប្រមាណ៤ជិតភ្លឺ នៅថ្ងៃបន្ទាប់ ក៏មានហេតុការណ៍ទឹកហូរកួចយកតង់ទាំង២នេះទៅជាមួយពួកគេដែលកំពុងសម្រាកនៅក្នុងតង់ បណ្តាលឱ្យស្លាប់ម្នាក់ ឈ្មោះកែន ស្រីរ័ត្ន ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចរកឃើញនៅថ្ងៃទី៣០ ខែកក្កដា។
ដោយឡែកជនរងគ្រោះ២នាក់ទៀត ដែលមានឈ្មោះ សុង ទីមធន ភេទប្រុស អាយុ២៣ឆ្នាំ និងឈ្មោះសីហា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិស្វាយខម ឃុំដួង ស្រុកបាទី ខេត្តតាកែវ ដូចគ្នាត្រូវបានជួយសង្គ្រោះឱ្យរួចជីវិត បន្ទាប់ពីពួកគេបានអណ្តែតទើរជាប់នឹងដើមឫស្សី។ ក្រៅពីនេះ អាជ្ញាធរខេត្តកំពត ក៏បានជួយសង្គ្រោះអ្នកទេសចរចំនួន៤៣នាក់ ស្រីចំនួន១២នាក់ មកពីភ្នំពេញនិងខេត្តតាកែវ ដែលបានទៅបោះតង់សម្រាកនៅលើជ្រោះឪម៉ាល់ ហើយជាប់មិនអាចឆ្លងមកកន្លែងសុវត្ថិភាពបានដោយសារជំនន់ទឹកភ្លៀងដោយជោគជ័យផងដែរ។
ពាក់ព័ន្ធនឹងការបោះតង់ក្នុងរដូវភ្លៀងធ្លាក់ លោក លី រស្មី ជាអ្នកបង្កើតកម្មវិធី«សាលាបោះតង់» បានណែនាំដល់ពលរដ្ឋគួរតែចៀសវាងទៅលេងកម្សាន្តនៅតំបន់ជួរភ្នំ ក្នុងរដូវធ្លាក់ភ្លៀង ប៉ុន្តែបើមានបំណងទៅលេងក្នុងអំឡុងនេះ គួរតែស្វែងរកអ្នកមានជំនាញក្នុងតំបន់ទាំងនោះផ្ទាល់ឱ្យជួយនាំផ្លូវ និងណែនាំពីស្ថានភាពជាក់ស្តែង។ ជាមួយគ្នានេះអ្នកបោះតង់គួរតែបញ្ឈប់ការប្រើប្រាស់គ្រឿងស្រវឹង ដែលធ្វើឱ្យអ្នកអាចនឹងបាត់បង់ម្ចាស់ការក្នុងការការពារខ្លួន នៅពេលជួបឧបទ្ទវហេតុណាមួយកើតឡើងភ្លាមៗ។
លោកបញ្ជាក់ថា៖«ខ្ញុំឃើញក្មេងៗយើងច្រើន គាត់ទៅបោះតង់ ដោយបង្ហាញពីផលវិបាករបស់គាត់ ទៅជាការសប្បាយទៅវិញ។ នោះមិនមែនជាការសប្បាយនោះទេ បញ្ហាទាំងនោះ គឺមានហានិភ័យខ្ពស់។ ការបោះតង់ សំខាន់បំផុត គឺការគេងលក់ស្រួលជាមួយនឹងធម្មជាតិ និងការងើបពីព្រឹកព្រលឹម រីករាយជាមួយបរិយាកាសជុំវិញខ្លួន ដោយមិនត្រូវជជែកគ្នាទល់ភ្លឺ ហើយព្រឹកក្រោកមិនរួចនោះទេ»៕