ភ្នំពេញៈ អាស៊ានដាក់ឱ្យដំណើរការបោះពុម្ពលើកទី១ នៃទស្សនវិស័យដែនសមុទ្រអាស៊ាន (AMO) នៅក្នុងវេទិកាដែនសមុទ្រអាស៊ានលើកទី១៣ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១ ខែសីហា ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងកិច្ចសហប្រតិបត្តិការដែលកំពុងអនុវត្តដោយស្ថាប័នតាមវិស័យ យន្តការ និងដំណើរការរបស់អាស៊ានក្នុងការដោះស្រាយបញ្ហានានាដែលទាក់ទងនឹងដែនសមុទ្រ។
ការបោះពុម្ពផ្សាយនេះនឹងក្លាយជាឯកសារយោងជាក់ស្តែងក្នុងការយល់ដឹងអំពីនិន្នាការ និងបញ្ហាប្រឈមដែនសមុទ្រក្នុងតំបន់ ពង្រឹងកិច្ចសហប្រតិបត្តិការ និងណែនាំអាស៊ានឱ្យចៀសវាងការត្រួតគ្នានៃកិច្ចខិតខំប្រឹងប្រែងក្នុងចំណោមយន្តការ ស្ថាប័ន និងដំណើរការពាក់ព័ន្ធ។ បន្ទាប់ពីការបោះពុម្ពលើកដំបូងរបស់ខ្លួននៅឆ្នាំ ២០២៣ ទស្សនវិស័យនេះនឹងត្រូវបានដាក់ចេញរៀងរាល់ ៣ ឆ្នាំម្តង។
ទស្សនវិស័យនេះ មានគោលបំណងដើម្បីលើកកម្ពស់គោលការណ៍រួមក្នុងការជំរុញកិច្ចសហប្រតិបត្តិការដែនសមុទ្រក្នុងវិស័យផ្សេងៗ ស្របតាមបទដ្ឋាន និងស្តង់ដាដែលមានចែងក្នុងច្បាប់អន្តរជាតិ រួមមាន អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS) ឆ្នាំ ១៩៨២ ក៏ដូចជាតម្លៃរួមនៃបរិយាប័ន្ន តម្លាភាព ការគោរពគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នាទៅវិញទៅមករបស់អាស៊ាន។
ទស្សនវិស័យនេះ នឹងបំពេញបន្ថែមនូវយន្តការឬដំណើរការអន្តរជាតិពាក់ព័ន្ធក្រោមសន្ធិសញ្ញា និងក្របខ័ណ្ឌដែលមានស្រាប់សម្រាប់កិច្ចសហប្រតិបត្តិការ និងរួមបញ្ចូលទស្សនៈ ឬធាតុចូលពីភាគីខាងក្រៅ ដើម្បីធានាបានភាពរឹងមាំរបស់ឯកសារនេះ។
ឯកសារទស្សនវិស័យនេះក៏មានបំណងដើម្បីធ្វើជាឧបករណ៍ជាក់ស្តែងក្នុងការស្វែងរក និងកំណត់ឱកាសសម្រាប់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដើម្បីបង្កើនសមត្ថភាពពាក់ព័ន្ធដែនសមុទ្រនៃប្រទេសសមាជិកអាស៊ានផងដែរ។
លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានថ្លែងថា ក្នុងពេលថ្មីៗនេះ បញ្ហាប្រឈមដែលបានកើតឡើងនៅក្នុងដែនសមុទ្ររបស់អាស៊ានបានក្លាយទៅជាបញ្ហាស្មុគស្មាញ មានទម្រង់ផ្សេងៗគ្នា និងមានទំនាក់ទំនងគ្នាទៅវិញទៅមក ដូចជានិរន្តរភាពនៃការនេសាទក្នុងតំបន់ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងការរត់ពន្ធមនុស្ស ការថយចុះនៃបរិស្ថានវិទ្យាសមុទ្រ កាកសំណល់សមុទ្រ ការប្លន់តាមសមុទ្រ និងចោរកម្មតាមផ្លូវសមុទ្រ។ ទន្ទឹមនឹងនោះ ក៏មានកាលានុវត្តភាពថ្មីផ្សេងទៀត ដូចជាសេដ្ឋកិច្ចពណ៌ខៀវ និងសេដ្ឋកិច្ចបៃតងដែលមានសក្ដានុពលយ៉ាងធំធេងដើម្បីជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសម្រាប់អាស៊ាន។
លោកបានថ្លែងថា៖ «កិច្ចការរបស់អាស៊ានក្នុងដែនសមុទ្រ និងទិដ្ឋភាពទូទៅនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅនៅក្នុងការបោះពុម្ពលើកដំបូងនៃទស្សនវិស័យដែនសមុទ្រអាស៊ានរៀងរាល់ ៣ ឆ្នាំនេះផ្តល់នូវអត្ថប្រយោជន៍ដែលមិនអាចកាត់ថ្លៃបានដើម្បីកំណត់ទាំងបញ្ហាដែលមានស្រាប់ និងកំពុងកើតមាននៃកង្វល់រួម និងកិច្ចសហប្រតិបត្តិការដែនសមុទ្រ ក៏ដូចជាពិនិត្យមើលកិច្ចសហប្រតិបត្តិការអន្តរវិស័យ និងអន្តរសសរស្តម្ភក្នុងចំណោមស្ថាប័ន យន្តការ និងដំណើរការនានារបស់អាស៊ាន»។
លោក កៅ គឹមហួន បានបន្ថែមថា៖ «ទន្ទឹមនឹងនេះ ការបោះពុម្ពទស្សនវិស័យ AMO នេះនឹងអនុញ្ញាតឱ្យអាស៊ានបន្តការតាមដាន និងត្រួតពិនិត្យតាមដានការវិវឌ្ឍ និងការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការក្នុងដែនសមុទ្រ និងដើម្បីកំណត់ចន្លោះប្រហោងសម្រាប់ការកែលម្អបន្ថែមទៀត»។
លោកអគ្គលេខាធិការអាស៊ានបានលើកឡើងទៀតថា វិសាលភាព និងជម្រៅនៃកិច្ចសហប្រតិបត្តិការដែនសមុទ្រ ដែលចងក្រងជាឯកសារនៅក្នុងទស្សនវិស័យនេះ បង្ហាញថា សមុទ្រ និងមហាសមុទ្រក្នុងតំបន់អាស៊ាន ពិតជាមានសន្តិភាព ស្ថិរភាព និងវិបុលភាព។ លើសពីនេះទៅទៀតទស្សនវិស័យ AMO នេះគឺជាការណែនាំយ៉ាងច្បាស់លាស់ទៅដល់អាស៊ាន និងដៃគូខាងក្រៅរបស់ខ្លួនដើម្បីទាញយកសក្តានុពលដ៏ធំពីដែនសមុទ្រ។
យោងតាមឯកសារទស្សនវិស័យ AMO នេះ បានឱ្យដឹងថា រដ្ឋសមាជិកអាស៊ានក៏ជាប្រទេសដើមកំណើត និងជាប្រទេសគោលដៅសម្រាប់ពលករចំណាកស្រុកក្នុងវិស័យនេសាទផងដែរ។ កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម គឺជាប្រទេសដើមកំណើតដ៏សំខាន់សម្រាប់ពលករចំណាកស្រុកក្នុងវិស័យទាំងនេះ ដែលមានអ្នកនេសាទកំពុងធ្វើការនៅលើកប៉ាល់ដែលមានដាក់ទង់ជាតិនៃប្រទេសមួយជាជាងប្រទេសរបស់ពួកគេ។
បើយោងតាមឯកសារ AMO នេះគេប៉ាន់ប្រមាណថា ប្រទេសសមាជិកអាស៊ានទាំងនេះបានបញ្ជូនអ្នកនេសាទយ៉ាងហោចណាស់ ១២៥ ០០០ នាក់ ទៅក្រៅប្រទេសនៅចន្លោះខែមីនាឆ្នាំ ២០២០ ដល់ខែមីនា ឆ្នាំ ២០២១ ទៅកាន់ឧស្សាហកម្មនេសាទនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមមានប្រទេសជប៉ុន និងកូរ៉េខាងត្បូង៕