ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្ត្រីរបស់កម្ពុជា បានព្រលយនូវទស្សនៈទាក់ទនឹងការដឹកនាំថា ការមានត្រឹមគំនិតនិងឆន្ទៈ គឺមិនទាន់គ្រប់គ្រាន់ឡើយបើមិនធ្វើ ឬមិនហ៊ានធ្វើ ពោលគឺសំខាន់លើការអនុវត្ត ដែលតម្លៃលើកិច្ចការស្ថិតនៅលើលទ្ធផលជាក់ស្តែង។ នេះបើយោងតាមបណ្តាញសង្គមហ្វេសប៊ុក និងតេឡេក្រាមផ្លូវការរបស់លោកនៅថ្ងៃទី ២ ខែសីហា។
លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា៖ «ធ្វើកិច្ចការអ្វីមួយ យើងត្រូវផ្តល់តម្លៃទៅលើលទ្ធផលជាក់ស្តែង។ លទ្ធផលទោះជាតូចឬតិចយ៉ាងណា ដែលកើតចេញពីការធ្វើសកម្មភាពជាក់ស្ដែង គឺនៅតែប្រសើរជាងការត្រឹមតែបញ្ចេញនូវមតិឬគំនិតធំៗ ឬត្រឹមតែការសម្ដែងនូវឆន្ទៈមោះមុតក្នុងការធ្វើ ប៉ុន្តែមិនធ្វើ ឬមិនហ៊ានធ្វើអ្វីសោះ»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា លោក ហ៊ុន ម៉ាណែត នឹងក្លាយជាមេដឹកនាំប្រទេសបានបង្ហាញជាទស្សនៈនយោបាយនានាដល់សាធារណជន និងអ្នកតាមដានឱ្យយល់ច្បាស់ពីភាពជាអ្នកដឹកនាំរបស់លោក ក៏ដូចជាទស្សនទាននយោបាយរបស់លោកផ្ទាល់។
លោក យង់ ពៅ ថ្លែងថា ភាគច្រើនក្នុងនាមជាអ្នកដឹកនាំ តែងតែគិតគូរពីលទ្ធផលជាធំ ជាជាងទស្សនៈ ឬមតិយោបល់។លោក យង់ ពៅ បានថ្លែងថា៖ «ទស្សនៈមួយចំនួនរបស់បញ្ញវន្តក្តី របស់អ្នកនយោបាយក្តី ជាអ្នកគាំទ្រនយោបាយក្តី បានបង្ហាញពីការមានផ្នត់គំនិត មានទស្សនៈ មានឆន្ទៈ តែគ្មានលទ្ធភាព និងឱកាសក្នុងការបង្ហាញទៅវិញ»។
លោក យង់ ពៅ ថ្លែងថា លោក ហ៊ុន ម៉ាណែត ដែលនឹងក្លាយជាមេដឹកនាំនៅពេលខាងមុខ នឹងគិតគូរបើកឱកាសឱ្យមានពហុគំនិតចូលរួម បើកឱកាសច្រើនដល់អ្នកមានសមត្ថភាពក្នុងការបង្ហាញសក្តានុពលដើម្បីប្រយោជន៍សង្គមជាតិ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពថ្លែងថា ការបង្ហាញទស្សនៈដឹកនាំនានាកន្លងទៅថ្មីៗរបស់លោក ហ៊ុន ម៉ាណែត ជាការបង្ហាញក្តីសង្ឃឹមសម្រាប់ពលរដ្ឋចំពោះរូបលោកជាមេដឹកនាំជំនាន់ថ្មី មានចក្ខុវិស័យថ្មី។
លោក យង់ គិមអេង បញ្ជាក់ថា៖ «ជាធម្មតាប្រជាពលរដ្ឋតែងមានការទន្ទឹមរង់ចាំ ការសន្យារបស់ថ្នាក់ដឹកនាំថ្មី ទៅលើបញ្ហាចម្បង ៣ យ៉ាង ដូចជា៖ ប្រជាធិបតេយ្យ, តម្លាភាព និងការអភិវឌ្ឍ ដែលជាក្តីប្រាថ្នាមុនគេរបស់ប្រជាពលរដ្ឋ»។
លោកបានបន្ថែមថា ដើម្បីឱ្យទស្សនៈនយោបាយ ឬគោលនយោបាយ និងខសន្យារបស់ថ្នាក់ដឹកនាំរដ្ឋ អាចអនុវត្តជោគជ័យទៅបានលុះត្រាមានផែនការការងារច្បាស់លាស់ មានធនធានមនុស្សដែលមានសមត្ថភាពក្នុងការអនុវត្ត និងជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ មិនថា ការងារថ្នាក់មូលដ្ឋាន ឬថ្នាក់ជាតិនោះឡើយ៕