ភ្នំពេញ: កាលពីខែមីនាកន្លងទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំដាក់ឱ្យដំណើរការកម្មវិធី ChatGPT ភាសាខ្មែរសាកល្បង។ គណៈកម្មាធិការឌីជីថលរបស់ក្រសួងបានចូលរួមយ៉ាងសកម្មក្នុងការវិភាគប្រព័ន្ធ និងធ្វើការពិភាក្សាជាមួយអ្នកឌីហ្សាញ ដើម្បីធានាពីប្រសិទ្ធភាពក្នុងការប្រើប្រាស់ភាសាខ្មែរ។
ទន្ទឹមនឹងការរង់ចាំនេះនិស្សិតកម្ពុជា ប៉ាង វរៈឧត្តម បានចាប់ផ្ដើមដំណើរការកម្មវិធីថ្មីសន្លាងរបស់ខ្លួនជាមួយប្រព័ន្ធប្រតិបត្ដិការទាំង App និងវេបសាយ។
ក្នុងនាមជានិស្សិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រឆ្នាំទី៣ នៅសាកលវិទ្យាល័យ Swinburne ក្នុងទីក្រុង Melbourne ឧត្តម បានផ្តួចផ្តើមបង្កើតកម្មវិធី UAI: AI Khmer Search Engine ដោយប្រើប្រាស់បច្ចេកវិទ្យា AI ស្រដៀងនឹង ChatGPT ដ៏ល្បីល្បាញ។ យុវជនឧត្តមដែលមានវ័យ ២០ ឆ្នាំ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «កម្មវិធីនេះ មានគោលបំណងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់កម្ពុជាដែលអាចជួបបញ្ហានឹងភាសាពេលប្រើ ChatGPT ដោយធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ពួកគេក្នុងការចូលប្រើព័ត៌មាន ដែលពួកគេត្រូវការ»។
គំនិតនៃការបង្កើតឆាតវៃឆ្លាតនេះ ដោយសារតែលោកដឹងថា ChatGPT ដ៏មានប្រជាប្រិយភាពទូទាំងពិភពលោកមិនដំណើរការនៅប្រទេសកម្ពុជាទេ ដោយកត្ដារឹតបន្តឹងទីតាំង និងតម្រូវការ VPN។ ដោយបានប្តេជ្ញាចិត្តដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរ និងជួយប្រជាជនកម្ពុជាក្នុងការបន្តការសិក្សា និងវិជ្ជាជីវៈរបស់ពួកគេឧត្តមបានសម្រេចចិត្តបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។
UAI: AI Khmer Search Engine មានមុខងារស្រដៀងគ្នាទៅនឹង ChatGPT ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់សួរសំណួរ និងទទួលបានការឆ្លើយតបជាភាសាអង់គ្លេស ជាពិសេសភាសាខ្មែរ។
លោកនិយាយថា៖ «ខ្ញុំចាប់ផ្ដើមសាកល្បងបង្កើត UAI App សម្រាប់មហាជនប្រើប្រាស់ ហើយនៅពេលមានអ្នកប្រើប្រាស់ច្រើន វាចាប់ផ្ដើម crush និងជួបបញ្ហារអាក់រអួលច្រើន»។ នេះជាហេតុដែលលោកឧត្ដមនៅតែបន្ដដាក់ឱ្យមហាជនប្រើប្រាស់ដោយឥតគិតថ្លៃរហូតដល់ដំណាច់ឆ្នាំ។ និស្សិតវិទ្យាសាស្ដ្រកុំព្យូទ័រ រូបនេះនិយាយថា៖ «UAI ជាធនធានដែលបន្តរៀន និងវិវឌ្ឍរក្សាទុកទិន្នន័យរបស់អ្នកប្រើប្រាស់ ដើម្បីផ្តល់លទ្ធផលកាន់តែឆ្លាតវៃ និងមានលក្ខណៈផ្ទាល់ខ្លួន»។
ទោះជាយ៉ាងណាក៏ដោយឧត្ដមទទួលស្គាល់ថា ការបង្កើតកម្មវិធី UAI មិនមែនគ្មានបញ្ហាប្រឈមនោះទេ។ ឧបសគ្គចម្បងមួយ គឺកង្វះទិន្នន័យដែលមាននៅក្នុងប្រទេសកម្ពុជា ដែលជះឥទ្ធិពលដល់ភាពត្រឹមត្រូវនៃការឆ្លើយតបចំពោះសំណួរមួយចំនួន។ ដើម្បីដោះស្រាយបញ្ហានេះលោកគ្រោងនឹងប្រើប្រាស់ទិន្នន័យនាពេលអនាគត និងការបញ្ចូលទិន្នន័យរបស់អ្នកប្រើប្រាស់ ដើម្បីកែលម្អបន្ថែមទៀត។
លើសពីនេះការអភិវឌ្ឍន៍ UAI គឺជាការខិតខំប្រឹងប្រែងតែម្នាក់ឯងដែលជាកិច្ចការលំបាកសម្រាប់លោកឧត្ដម។ យុវជនរូបនេះនិយាយថា ទាំងវេបសាយ និង App នៅមិនទាន់ដំណើរការរលូនទេ ដោយលោកចាំទទួលរាល់មតិយោបល់អំពីបញ្ហាខ្វះចន្លោះ និងដោះស្រាយបណ្ដើរៗ។
ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ក៏លោកឧត្តមនៅតែប្តេជ្ញាធ្វើឱ្យកម្មវិធី UAI ក្លាយជាធនធានដ៏មានតម្លៃសម្រាប់ប្រជាជនកម្ពុជា។ ស្រដៀងទៅនឹង ChatGPT ដែរ UAI ក៏ប្រើប្រាស់ Google ជាប្រភពទិន្នន័យដើម្បីផ្តល់ព័ត៌មានដល់អ្នកប្រើប្រាស់ផងដែរ។
ទោះជាយ៉ាងណាក៏ដោយបញ្ហាប្រឈមមួយ គឺទិន្នន័យជាភាសាខ្មែរនៅលើ Google មិនទូលំទូលាយដូចទិន្នន័យភាសាអង់គ្លេស ដែលនាំឱ្យមានការកម្រិតនៅក្នុងទិន្នន័យដែលផ្តល់ដល់អ្នកប្រើប្រាស់។
លោកឧត្ដមនិយាយថា៖«ការផ្ដល់ទិន្នន័យដល់អ្នកប្រើប្រាស់នៅមានកម្រិត និងមិនទាន់រៀបចំជាទម្រង់ (format) ស្អាតនៅឡើយ»។
យ៉ាងណាមិញដោយសារតែបច្ចេកវិទ្យា AI នេះទាញយកទិន្នន័យពី Google ដែលនរណាៗក៏អាចទម្លាក់ព័ត៌មានចូល ទាំងព័ត៌មានត្រឹមត្រូវ និងមិនត្រឹមត្រូវយុវជនឧត្ដមបានក្រើនរំឭកអ្នកប្រើប្រាស់ថា៖ «សុំកុំទាន់អាលជឿលើ AI ខ្លាំងពេក»។
លោកបន្ដថា ដើម្បីដំណើរការ UAI កាន់តែរលូនលោកឧត្ដម បានលើកឡើងថា លោកត្រូវការដៃគូក្នុងការអភិវឌ្ឍ និងដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា។ ប៉ុន្ដែដោយសារវាជា Search Engine ប្រើប្រាស់ឥតគិតថ្លៃលោកមិនមានលទ្ធភាពចំណាយបង្កើតជាក្រុមការងារឡើយ។
បច្ចុប្បន្ននេះ UAI ជួបប្រទះវិបត្ដិក្នុងការចំណាយប្រាក់បង់ថ្លៃសេវាកម្មប្រើប្រាស់ភាសាខ្មែរ ដែលនិស្សិតឆ្នាំទី ៣ រូបនេះបាននិយាយថា លោកបានផ្អាកដំណើរការភាសាខ្មែរមួយរយៈសិន។
លោកថ្លែងថា៖ «ដើម្បីដោះស្រាយបញ្ហានេះកត្ដាចម្បងត្រូវបង្កើនទិន្នន័យឱ្យបានច្រើនហើយខ្ញុំគិតថា នៅពេលអនាគតវាប្រាកដជាកើនឡើង។ ម្យ៉ាងទៀតនៅពេលដែលមានអ្នកប្រើប្រាស់កាន់តែច្រើន ខ្ញុំអាចប្រើប្រាស់ទិន្នន័យនោះ ដើម្បីបង្កើនប្រសិទ្ធភាពព័ត៌មានប្រកបដោយភាពត្រឹមត្រូវ»។
លោក ឧត្តម ទទួលស្គាល់ថា បច្ចុប្បន្ននេះ UAI កំពុងប្រឈមនឹងឧបសគ្គផ្នែកហិរញ្ញវត្ថុ សម្រាប់សេវាភាសាខ្មែរដែលនាំឱ្យមានការផ្អាកជាបណ្ដោះអាសន្ន។ លោកបានលើកឡើងពីការរិះរកវិធីកាត់បន្ថយការចំណាយដោយសារការចំណាយលើ API ខ្ពស់ នៅពេល UAI មិនមានចំណូលសម្រាប់ទប់ទល់។ ឧត្ដមបាននិយាយថា ម៉ាស៊ីនស្វែងរក ឬ Search Engine នៅតែអាចប្រើជាភាសាអង់គ្លេស ហើយលោកកំពុងស្វែងរកវិធីកាត់បន្ថយការចំណាយ។
បន្ថែមពីលើការងារ UAI យុវជន ឧត្ដមបង្កើតចំណូលចម្បងដោយការបង្រៀនសរសេរកូដទាំងលើអនឡាញ និងបង្រៀនដោយផ្ទាល់។ បច្ចុប្បន្ននេះ លោកមានសិស្សប្រហែល ៣០០ នាក់ ហើយចំនួននេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៧០០ នាក់ នៅខែក្រោយ ដោយសង្កត់ធ្ងន់ជាពិសេសទៅលើការសរសេរកូដសម្រាប់គេហទំព័រ និងកម្មវិធី។
បន្ថែមពីលើការបង្រៀនសរសេរកូដ ឧត្តមបានសហការជាមួយអ្នកផលិតវីដេអូដើម្បីបង្កើតគម្រោងឯករាជ្យសម្រាប់ក្រុមហ៊ុន និងស្ថាប័នដោយផ្តោតលើខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្នុងនាមជាយុវជនកម្ពុជាដែលមានទេពកោសល្យផ្នែកឌីជីថល ឧត្តមត្រូវបាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងសាកលវិទ្យាល័យ Rangsit International College ប្រទេសថៃ អញ្ជើញធ្វើជាវាគ្មិនក្នុងសិក្ខាសាលាលើបណ្តាញរបស់ពួកគេស្តីពី «AIvolution: Journey into the future of work» នៅថ្ងៃទី ៣ ខែសីហា៕