ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាលកម្ពុជាបានជួបប្រជុំពិភាក្សា លើសេចក្តីព្រាងរបាយការណ៍ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ខណៈកម្ពុជាចាត់ទុករបាយការណ៍នេះថា មានភាពលម្អៀងនិងមិនឆ្លុះបញ្ចាំងពីស្ថានភាពសិទ្ធិមនុស្សពិតរបស់កម្ពុជាពីព្រោះប្រភពព័ត៌មានច្រើនយោងពីក្រុមអង្គការសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំង។
ការជួបប្រជុំនេះធ្វើឡើងនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣ ដែលមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធនានាដើម្បីពិភាក្សានិងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍ដើម្បីឆ្លើយតបទៅអគ្គលេខាធិការអង្គការសហប្រជាជាតិពាក់ព័ន្ធសិទ្ធិមនុស្សនៅកម្ពុជាស្តីពី “តួនាទីនិងសមិទ្ធផលរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក្នុងការជួយរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស”។
បើតាមលោក ជិនម៉ាលីនរដ្ឋលេខាធិការក្រសួងយុត្តិធម៌ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះបានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សានិងវាយតម្លៃព្រមទាំងផ្តល់អនុសាសន៍ក្នុងគោលដៅឆ្លើយតបត្រឡប់ទៅរបាយការណ៍ស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិវិញដើម្បីរក្សាតុល្យភាពព័ត៌មាននៅក្នុងរបាយការណ៍ជាពិសេសការការពារមុខមាត់ និងកិត្តិយសរដ្ឋាភិបាលកម្ពុជាផ្ទាល់។
លោកជិន ម៉ាលីនសង្កត់ធ្ងន់ថា របាយការណ៍សិទ្ធិមនុស្សរបស់UNបានរំលេចលើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលមួយចំនួនដែរប៉ុន្តែមានទិដ្ឋភាពអវិជ្ជមានច្រើន ដោយហេតុ ព្រោះរបាយការណ៍នោះយោងប្រភពព័ត៌មានពីក្រុមអង្គការសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលដែលនាំឱ្យប្រាសចាកតថភាពពិតនៃស្ថានភាពសិទ្ធិមនុស្សរបស់កម្ពុជា។
លោកជិន ម៉ាលីនបញ្ជាក់បន្តថា៖«ការឆ្លើយតបរបស់យើងគឺបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរឿងវឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សហើយបញ្ហាប្រឈមដែលយើងត្រូវរួមគ្នាដោះស្រាយ។ យើងក៏បកស្រាយចំពោះរឿងមួយចំនួន ដែលខុសពីការពិតដែលភាគច្រើនគេសន្និដ្ឋានថាវិធានការច្បាប់ទៅលើសកម្មជននយោបាយជាការរំលោភសិទ្ធិមនុស្ស តែនេះគឺជាការអនុវត្តច្បាប់សុទ្ធសាធ»។
ពាក់ព័ន្ធបញ្ហានេះលោកអំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សលីកាដូថ្លែងថាមិនមែនជារឿងចម្លែកឡើយដែលរដ្ឋាភិបាលកម្ពុជា មិនទទួលយករបាយការណ៍សិទ្ធិមនុស្សUNនិងរបស់អង្គការដទៃទៀតដែលបង្ហាញទិដ្ឋភាពអវិជ្ជមានពីរដ្ឋាភិបាលកម្ពុជាខ្លួនឯង ដើម្បីការពារខ្លួន។
លោកអំ សំអាតសង្កត់ធ្ងន់ថា៖«ខ្ញុំគិតថាអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិមិនត្រឹមជឿតែលើរបាយការណ៍របស់សង្គមស៊ីវិលនោះទេគេមានការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាផងហើយគេមានអ្នកជំនាញសិទ្ធិមនុស្សដែលធ្វើការស្រាវជ្រាវបន្ថែមផង ទៅលើស្ថានភាពសិទ្ធិមនុស្សគ្រប់ជ្រុងជ្រោយមុននឹងគេបញ្ចេញរបាយការណ៍»។
ក្នុងនាមជាអ្នកសង្គមស៊ីវិល លោកអំសំអាតចង់ឱ្យរដ្ឋាភិបាលពិនិត្យរបាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិឱ្យបានស៊ីជម្រៅ ជាពិសេសពិនិត្យនិងទទួលយកអនុសាសន៍កែលម្អនានាដើម្បីជំរុញនិងលើកស្ទួយស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឱ្យមានភាពប្រសើរឡើង។
យ៉ាងណាក្តី លោក ជិនម៉ាលីនបានឱ្យដឹងថាមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងគូសបញ្ជាក់ត្រឡប់ចំពោះរបាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដោយសំអាងលើអង្គហេតុនិងអង្គច្បាប់របស់កម្ពុជា ព្រមទាំងច្បាប់អន្តរជាតិនានា។
លោកថា៖«ការបញ្ជាក់នេះ ដើម្បីជាការប្រៀបធៀបខ្លឹមសារទៅនឹងរបាយការណ៍របស់UN នោះ ឱ្យអ្នកអានបានពិនិត្យថ្លឹងថ្លែង ហើយរដ្ឋាភិបាលកម្ពុជាមិនរំពឹងថា ក្រុមប្រឹក្សាសិទ្ធិមនុស្ស UNមានការកែប្រែខ្លឹមសាររបាយការណ៍របស់ខ្លួននោះទេ»៕