រយៈពេលជាង ១ ឆ្នាំ តាមរយៈយុទ្ធនាការ «អន្ទាក់សូន្យ» បានបំផុសការយល់ដឹងដល់មនុស្សជាង ១៤ លាននាក់ ខណៈក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ ប្តេជ្ញារួមគ្នាបន្តអនុវត្តយុទ្ធនាការដើម្បីបញ្ចប់វិបត្តិអន្ទាក់នៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ចុះថ្ងៃទី៣ ខែសីហា បានឱ្យដឹងថា ត្រឹមរយៈពេល ១៣ ខែ គឺក្នុងចន្លោះខែមីនា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូបានរួមសហការអនុវត្តយុទ្ធនាការអន្ទាក់សូន្យនៅតាមតំបន់ទីប្រជុំជន និងស្រុកក្នុងខេត្តចំនួន ១២។ ខេត្តគោលដៅទាំងនោះរួមមាន ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ រតនគិរី ពោធិ៍សាត់ វាលវែង កំពង់ស្ពឺ កោះកុង សៀមរាប បាត់ដំបង និងខេត្តប៉ៃលិន។
យុទ្ធនាការអន្ទាក់សូន្យដែលត្រូវបានផ្តួចផ្តើមគំនិតនិងដឹកនាំដោយក្រសួងបរិស្ថាន និងដោយមានការចូលរួមគាំទ្រសហការរៀបចំពីអង្គការដៃគូ បានបិទបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យជាទីមោទនៈបំផុត។ គោលដៅចម្បងនៃយុទ្ធនាការនេះគឺ បញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។ នេះគឺជាការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តយុទ្ធនាការអន្ទាក់សូន្យ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។
ជាមួយនឹងលទ្ធផលនេះ លោកបានថ្លែងអំណរគុណដល់គ្រប់ភាគីទាំងអស់ដែលបានចូលរួមរៀបចំ និងអនុវត្តយុទ្ធនាការដ៏មានសារៈសំខាន់នេះ យ៉ាងខ្ជាប់ខ្ជួន និងដោយរលូន ដើម្បីលើកកម្ពស់ការយល់ដឹងរបសសាធារណជន អំពីផលវិបាកបណ្តាលមកពីការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ សំដៅផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថខុសឆ្គងទាក់ទងនឹងការបរិភោគសាច់សត្វព្រៃ និងប្រើប្រាស់ផលិតពីសត្វព្រៃដែលសង្គមកម្ពុជាមិនផ្តល់តម្លៃសោះ។ លោកបញ្ជាក់ថា៖ «ជាលទ្ធផលរួម យុទ្ធនាការអន្ទាក់សូន្យបានបំផុសការយល់ដឹងដល់មនុស្សជាង ១៤ លាននាក់ ដោយរាប់បញ្ចូលការទទួលបាននូវព័ត៌មាន និងចំណេះដឹងពីយុទ្ធនាការ ទាំងតាមរយៈការចូលរួមក្នុងសកម្មភាពយុទ្ធនាការនេះដោយផ្ទាល់ និងតាមរយៈប្រព័ន្ធសារព័ត៌មានក្នុងស្រុក ក្នុងតំបន់ និងតាមបណ្តាញសង្គមរបស់ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូ និងភាគីអនុវត្តយុទ្ធនាការទាំងអស់»។
របាយការណ៍ស្តីពីលទ្ធផលជាផ្នែកៗនៃការអនុវត្តយុទ្ធនាការទាំងមូល បានបង្ហាញថា មានមនុស្សចំនួនប្រមាណជា ១ ម៉ឺននាក់បានចូលរួមដោយផ្ទាល់ក្នុងសកម្មភាពផ្សេងៗនៃយុទ្ធនាការ និងមានអត្ថបទព័ត៌មានសរុបប្រមាណជា ១ ពាន់ចំណងជើង ត្រូវបានផ្សព្វផ្សាយដល់មនុស្សចំនួនប្រមាណជា ៥ លាននាក់ ខណៈមនុស្សចំនួន ៧ លាននាក់ ទៀតបានអានសារអប់រំតាមទូរស័ព្ទដៃដែលបានអំពាវនាវឱ្យចូលរួមការពារសត្វព្រៃ ដោយបញ្ឈប់ការដាក់អន្ទាក់ និងកុំពាក់ព័ន្ធនឹងការជួញដូរសត្វព្រៃ។
លោក ឃុត ចាន់ដារ៉ា សមាជិករដ្ឋសភា និងជាសមាជិកគណ:កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភាជាតិ បានថ្លែងក្នុងកិច្ចប្រជុំ ដោយវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែង ជាពិសេសលទ្ធផលដែលសម្រេចបានរួមគ្នាក្នុងក្របខ័ណ្ឌយុទ្ធនាការអន្ទាក់សូន្យ។ លោកថា៖ «ច្បាប់បានកំណត់ថាតំបន់ការពារ និងសត្វព្រៃត្រូវបានចាត់ទុកជាបេតិកភណ្ឌរបស់រដ្ឋ។ ដូច្នេះយុទ្ធនាការអន្ទាក់សូន្យនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់បរិស្ថាននិងធនធានធម្មជាតិ ជាពិសេសជាផ្នែកមួយរួមចំណែកដល់កិច្ចខិតខំផ្តល់ជម្រកសុវត្ថិភាពដល់ការរស់រានរបស់សត្វព្រៃ សំដៅអភិរក្ស និងស្តារចំនួនសត្វព្រៃឱ្យមានចំនួនកើនឡើង»។
លោក ឃុត ចាន់ដារ៉ា សង្កត់ធ្ងន់ថា៖ «ការពង្រឹងការអនុវត្តច្បាប់ទាក់ទងនឹងបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ ជាពិសេសគឺក្រមបរិស្ថាន និងធនធានធម្មជាតិដែលទើបត្រូវបានអនុម័តដោយរដ្ឋសភា មានភាពចាំបាច់ត្រូវដើរទន្ទឹមគ្នានឹងយុទ្ធនាការផ្សព្វផ្សាយសំដៅជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងអភិរក្សសត្វព្រៃឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត»។
ក្រោមឆ័ត្រនៃយុទ្ធនាការអន្ទាក់សូន្យ ស្ថាប័ន និងដៃគូពាក់ព័ន្ធ បានមកធ្វើការរួមគ្នាក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន ដោយមានភាពជាដៃគូជាមួយអង្គការជាច្រើន ជាក់ស្តែង ក្នុងឆ្នាំ២០២២ អន្ទាក់សរុបប្រមាណជាង ៣៤.០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា។ នេះជាតួលេខបង្ហាញពីការថយចុះនៃអត្រាអន្ទាក់ក្នុងព្រៃប្រមាណ ៤៤% បើធៀបនឹងលទ្ធផលនៃការដោះអន្ទាក់ក្នុងឆ្នាំ២០២១ ដែលចំនួនអន្ទាក់ប្រមូលបានសរុបមានចំនួនដល់ទៅ ៦១.៦១១ អន្ទាក់។ ចំណែកឯអន្ទាក់ចំនួន ១៤.៣២៥ អន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងឆមាសទី១ ឆ្នាំ២០២៣ នេះ។
លោក លឿង កេសរោ អគ្គនាយករងតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានបានថ្លែងថា ការស្វែងរកអន្ទាក់មិនមែនជារឿងងាយស្រួលនោះទេ ព្រោះអន្ទាក់សំងំលាក់ខ្លួនក្នុងព្រៃរង់ចាំទាក់ចាប់ និងសម្លាប់ សត្វព្រៃដែលដើររកស៊ីក្នុងតំបន់ទីជម្រក។
លោកបន្តថា ចាំបាច់ណាស់យើងត្រូវប្រើវិធីសាស្រ្តច្នៃប្រឌិតថ្មីបន្ថែមជាជំនួយដល់ការដើរល្បាតក្នុងតំបន់ការពារ ដើម្បីបង្កើនសមត្ថភាពមន្រ្តីឧទ្យានុរក្សក្នុងការស្វែងរកអន្ទាក់គ្រប់ប្រភេទនិងតាមដានបទល្មើសសត្វព្រៃបានប្រកបដោយប្រសិទ្ធភាព។
លោកថា៖«យើងក៏ត្រូវការធនធានបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពនិងជំនាញឧទ្យានុរក្សក្នុងការពង្រឹងការអនុវត្តច្បាប់ក្នុងតំបន់ការពារធម្មជាតិ ខណៈជំរុញការអនុវត្តថែមទៀតនូវកម្មវិធីបង្កើនជីវភាពសហគមន៍មូលដ្ឋានដែលរស់នៅជុំវិញតំបន់ការពារ» ។ ផ្អែកលើលទ្ធផលនៃយុទ្ធនាការអន្ទាក់សូន្យនាពេលនេះ លោកបានសំណូមពរដល់គ្រប់ភាគីជាពិសេសអង្គការដៃគូឱ្យបន្តសហការជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានដើម្បីលើកកម្ពស់ការគ្រប់គ្រងតំបន់ការពារ និងការអភិរក្សធនធានសត្វព្រៃដ៏មានតម្លៃរបស់កម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោក សេង ទៀក នាយកអង្គការ WWF និងជាលេខាធិការដ្ឋាននៃយុទ្ធនាការបានឱ្យដឹងថា ការអនុវត្តយុទ្ធនាការនេះត្រូវបានសាទរពីមជ្ឈដ្ឋានអន្តរជាតិជាច្រើនថា កម្ពុជា ជាប្រទេសដំបូងគេបង្អស់ ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានផ្តួចផ្តើមនិង អនុវត្តយុទ្ធនាការអន្ទាក់សូន្យសម្រាប់ជាដំណោះស្រាយចំពោះវិបត្តិអន្ទាក់ក្នុងតំបន់ការពារធម្មជាតិ។ លោកថា៖«លទ្ធផលនៃយុទ្ធនាការអន្ទាក់សូន្យបានជះឥទ្ធិពលជាវិជ្ជមានដល់ប្រជាជនគ្រប់ស្រទាប់ក្នុងសង្គមកម្ពុជា ដែលបានរួមចំណែកកាត់បន្ថយចំនួនអន្ទាក់ក្នុងតំបន់ការពារ និងចូលរួមចំណែកផ្លាស់ប្តូរឥរិយាបទរបស់ប្រជាពលរដ្ឋឱ្យស្រឡាញ់សត្វព្រៃនិងធម្មជាតិ ។ ទោះយ៉ាងណា យើងចាំបាច់ត្រូវបន្តស្មារតីនៃយុទ្ធនាការអន្ទាក់សូន្យនិងការសហការគ្នាដើម្បីជួយដោះស្រាយបញ្ហារួមរបស់យើង»។
លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិប្រចាំប្រទេសកម្ពុជា ថ្លែងថាក្នុងនាមជាផ្នែកមួយនៃយុទ្ធនាការ ពិតជារំភើបបំផុតពេលបានឃើញទឹកចិត្ត និងឆន្ទៈរបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តគោលដៅរបស់យុទ្ធនាការ តាមរយៈការអង្កេតឃើញដោយផ្ទាល់ថាពួកគាត់បានក្លាយខ្លួនទៅជាបុគ្គលគំរូ ពីអ្នកដែលធ្លាប់ប្រព្រឹត្តទង្វើដែលប៉ះពាល់ដល់ការអភិរក្សសត្វព្រៃ ហើយងាកមកចូលរួមអភិរក្សសត្វព្រៃ តាមរយៈការបញ្ឈប់ ការលក់ ការជួញដូរ និងការបរបាញ់សត្វព្រៃ។
តាមរយៈការអនុវត្តយុទ្ធនាការអន្ទាក់សូន្យ សាធារណជនបានយល់ដឹងពីសារៈសំខាន់នៃការអភិរក្សសត្វព្រៃ និងភាពចាំបាច់ដែលខ្លួនត្រូវចូលរួមជាផ្នែកមួយទាំងក្នុងការជួយផ្សព្វផ្យាយបន្ត និងការអនុវត្តសកម្មផ្ទាល់ខ្លួនគឺមិនលក់ មិនទិញ មិនបរិភោគ និងមិនជួញដូរសត្វព្រៃដែលជាអំពើច្បាប់ហាមឃាត់។ ទោះយ៉ាងណាក៏ដោយការដាក់អន្ទាក់ និងការបរបាញ់សត្វព្រៃខុសច្បាប់ នៅតែជាកត្តាគំរាមកំហែងដ៏ចម្បងចំពោះការរស់រានរបស់សត្វព្រៃដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមទាំងអស់គ្នា។
ជាអនុសាសន៍រួម ភាគីពាក់ព័ន្ធបានស្នើដោយទទូចផ្តោតផងដែរលើការបង្កើតឱ្យមានអង្គភាពអនុវត្តច្បាប់ចល័តចម្រុះនៅថ្នាក់ខេត្តសម្រាប់ទទួលបន្ទុកការប្រឆាំងនឹងឧក្រិដ្ឋកម្មសត្វព្រៃក្រៅតំបន់ការពារ និងការអនុម័តយកនូវវិធានការសុខាភិបាល ស្តីពីការទប់ស្កាត់ហានិភ័យសុខភាពសាធារណៈដែលអាចបណ្តាលមកពីការជួញដូរ ការចរាចរសាច់សត្វព្រៃ ការលក់ទិញសត្វព្រៃរស់សម្រាប់ជាអាហារ និងការបរិភោគសាច់សត្វព្រៃ៕