ឧត្តរមានជ័យៈ អាជ្ញាធរមីននាថ្ងៃទី ៣ ខែសីហាបានធ្វើការផ្សព្វផ្សាយអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ និងដំឡើងផ្ទាំងប៉ាណូ នៅអនុវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រីយ៍ ភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ក្នុងគោលបំណងឱ្យពលរដ្ឋ សិស្សានុសិស្ស និងសហគមន៍យល់ដឹងអំពីមីនគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីទប់ស្កាត់កុំឱ្យមានជនរងគ្រោះថ្នាក់ដោយសារគ្រាប់ទាំងនោះបន្តទៀត។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន ដែមានការចូលរួមពីលោកលោកស្រីមិន ធារី អភិបាលរងខេត្តឧត្តរមានជ័យ អភិបាលស្រុកអន្លង់វែង អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី ប្រតិបត្តិករ HALO Trust, NPMEC សិស្សានុសិស្ស និងប្រជាពលរដ្ឋជាដើម។
យោងតាមអាជ្ញាធរមីនបានឱ្យដឹងថា ក្នុងឆមាសទី ១ ឆ្នាំ ២០២៣ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន ២១ នាក់។ ក្នុងនោះគ្រោះថ្នាក់ដោយសារមីនមាន ៨ នាក់ និងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១៣ នាក់ ហើយបើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំមុន មាន ៤០ នាក់ ដែលថយចុះ (១៩ នាក់) ៤៨ ភាគរយ។
ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម លោកទេសរដ្ឋមន្ត្រី លី ធុជ បានពាំនាំនូវអនុសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជូនដល់អាជ្ញាធរមូលដ្ឋាន ប្រតិបត្តិករ និងប្រជាពលរដ្ឋដូចជា ស្នើសុំប្រតិបត្តិករទាំងអស់ ត្រូវខិតខំឆ្លើយតបដោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា នូវសំណូមពររបស់ពលរដ្ឋ ដោយប្រមូលនិងកម្ទេចចោលគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម ដែលប្រជាពលរដ្ឋ បានរាយការណ៍។
ក្រៅពីនោះ ក៏ស្នើសុំបងប្អូនប្រជាពលរដ្ឋ មិនត្រូវប្រថុយប្រថានចូលទៅតំបន់ដែលមិនស្គាល់ទីតាំងភូមិសាស្ត្រ ច្បាស់លាស់ក្នុងបំណងណាមួយ ដូចជាប្រើប្រាស់ដី រុករកអនុផលព្រៃឈើ ធ្វើដំណើរឆ្លងកាត់ មិនត្រូវប៉ះពាល់គ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាដាច់ខាត។
លើសពីនោះ ក៏ស្នើអាជ្ញាធរមូលដ្ឋានឱ្យជួយធ្វើការអប់រំយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបានទូលំទូលាយជាសាធារណៈប្រកបដោយប្រសិទ្ធភាព នៅក្នុង និងក្រៅសហគមន៍របស់ខ្លួន ដើម្បីចៀសវាងពីគ្រោះថ្នាក់ពីគ្រាប់ទាំងនោះជាយថាហេតុ។
ដោយឡែក ចំពោះនគរបាលប៉ុស្ត៍រដ្ឋបាល ក៏សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅដល់ពលរដ្ឋ តាមរយៈវេទិកានានា ជាពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ៕